កីឡាជាតិ
ជាតិ
ជ័យជម្នះភ្នំពេញក្រោន ក្លាយជាសម្ពាធរបស់ ព្រះខ័នរាជស្វាយរៀង
22, Apr 2024 , 6:59 pm        
រូបភាព
ការប្រកួតរវាងភ្នំពេញក្រោន និងគិរីវង់សុខសែនជ័យ រូបពី Cambodian Premier League
ការប្រកួតរវាងភ្នំពេញក្រោន និងគិរីវង់សុខសែនជ័យ រូបពី Cambodian Premier League
ភ្នំពេញក្រោន ឈ្នះ គិរីវង់សុខសែនជ័យ ៤-១ នៅកីឡដ្ឋានគិរីវង់  រីឯ ព្រះខ័នរាជស្វាយរៀង បានត្រឹម ស្មើបឹងកេត ៣-៣ នៅពហុកីឡដ្ឋានអូឡាំពិក ក្នុងការប្រកួតលីគកំពូលកម្ពុជា (Cambodian Premier League) សប្ដាហ៍ទី២៧ ដែលជាជំនួបចុងក្រោយជុំទី៣ នៅថ្ងៃទី២០ ខែមេសា។ លទ្ធផលនេះ ធ្វើឱ្យស្វាយរៀង ទទួលសម្ភាធពី ភ្នំពេញក្រោន ក្នុងការប្រជែងពាន នៅវគ្គ៤ក្រុមចុងក្រោយ។



ក្រុម Top 4 មានព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន វិសាខា និង បឹងកេត នឹងឈានទៅប្រកួតនៅវគ្គខ្វែង។ ក្នុងចំណោមក្រុមទាំង៤នេះ មានតែព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ជាបេក្ខភាពប្រជែងជើងឯក។ 
 
វគ្គតខ្វែង៤ក្រុមចុងក្រោយ មាន៣ប្រកួតប៉ុណ្ណោះ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី៤ ខែឧសភា, ទី៨ ខែឧសភា និងថ្ងៃទី១២ ខែឧសភា។ ព្រះខ័នរាជស្វាយរៀងឈរកំពូលតារាង មាន៦៩ពិន្ទុ និងភ្នំពេញក្រោនលេខ២ មាន៦៤ពិន្ទុ ដោយមានគម្លាតគ្នា ចំនួន៥ពិន្ទុប៉ុណ្ណោះ។ 
 
ព្រះខ័នរាជស្វាយរៀង ត្រូវការតែ ៤ ឬ៥ពិន្ទុប៉ុណ្ណោះ ពីការប្រកួតដែលនៅសល់ចំនួន៣នោះ ដើម្បីក្លាយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា។ ចំណែក ភ្នំពេញក្រោន ក្រុមការពារតំណែងជើងឯក នៅមានឱកាសស្ដួចស្ដើងបំផុត សម្រាប់ប្រជែងពិន្ទុជាមួយព្រះខ័នរាជស្វាយរៀង។ ទោះយ៉ាង គម្តាត៥ពិន្ទុ នៅតែផ្តល់សម្ពាធឱ្យស្វាយរៀង ដ្បិតធ្លាប់មានប្រវត្តិខកចិត្តរួចមកហើយ នៅរដូវកាលមុន។ រដូវកាល ២០២២-២៣ ស្វាយរៀងក៏នាំមុខភ្នំពេញក្រោនដូច្នេះដែរ តែទីបំផុត ក្រុមដែលមានលោក Oleg Starynskyi ជាគ្រូបង្វឹក នៅតែអាចក្រសោបយកជើងឯកបាន។
 
នៅសប្ដាហ៍ទី២៧ នាថ្ងៃទី២០ ខែមេសា ភ្នំពេញក្រោន បានយកឈ្នះ គិរីវង់សុខសែនជ័យ លទ្ធផល៤-១ នៅកីឡដ្ឋានគិរីវង់។ ចំណែក បឹងកេត បានត្រឹមស្មើជាមួយព្រះខ័នរាជស្វាយរៀង លទ្ធផល ៣-៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ លុះចូលដល់ថ្ងៃទី២១ ខែមេសា អង្គរថាយហ្គឺរ ចាញ់ណាហ្គាវើលដ៍ លទ្ធផល ១-០ នៅកីឡដ្ឋានហនុមាន ខណៈ វិសាខា ឈ្នះព្រៃវែង លទ្ធផល ៤-១ នៅកីឡដ្ឋានខេត្តព្រៃវែង។ រីឯ កងយោធពលខេមរភូមិន្ទ ជោគជ័យលើក្រុម អាយ អេស អាយ ដង្កោសែនជ័យ លទ្ធផល ៣-២ នៅកីឡដ្ឋានស្ដាតចាស់។
 
គួរបញ្ជាក់ផងដែរថា គិតត្រឹមសប្ដាហ៍ទី២៧ ព្រះខ័នរាជស្វាយរៀង ឈរចំណាត់ថ្នាក់លេខ១ មាន៦៩ពិន្ទុ តាមពីក្រោយដោយ ភ្នំពេញក្រោន លេខ២ មាន៦៤ពិន្ទុ។ ចំណាត់ថ្នាក់លេខ៣ វិសាខា មាន៤៤ពិន្ទុ ចំណែក បឹងកេត មាន៤១ពិន្ទុ ឈរចំណាត់ថ្នាក់លេខ៤។ រីឯ កងយោធពលខេមរភូមិន្ទ នៅចំណាត់ថ្នាក់លេខ៥ មាន៣៩ពិន្ទុ តាមពីក្រោយដោយ អាយ អេស អាយ ដង្កោសែនជ័យ លេខ៦ មាន៣៤ពិន្ទុ។ ចំណាត់ថ្នាក់ទី៧ ណាហ្គាវើលដ៍ មាន៣០ពិន្ទុ និងចំណាត់ថ្នាក់លេខ៨ ព្រៃវែង មាន២៣ពិន្ទុ។ ចំណែក គិរីវង់សុខសែនជ័យ ចំណាត់ថ្នាក់លេខ៩ មាន២០ពិន្ទុ និង​បាតតារាង អង្គរថាយហ្គឺរ មានត្រឹមតែ១៨ពិន្ទុប៉ុណ្ណោះ៕ 

Tag:
 បាល់ទាត់
  CPL
  Cambodian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com