សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃរំពឹងនាំចេញទុរេន ១លានតោននៅឆ្នាំ២០២៤ ដោយភាគច្រើនទៅចិន​
22, Apr 2024 , 7:39 pm        
រូបភាព
ទុរេនត្រៀមនាំចេញនៅក្នុងរោងចក្រមួយកន្លែងនៅខេត្តច័ន្ទបុរី ។ រូបភាព ៖ Xinhua
ទុរេនត្រៀមនាំចេញនៅក្នុងរោងចក្រមួយកន្លែងនៅខេត្តច័ន្ទបុរី ។ រូបភាព ៖ Xinhua
ថៃរំពឹងនាំចេញទុរេនចំនួន ១លានតោន គិតជាតម្លៃជាង ៣,៥ពាន់លានដុល្លារនៅឆ្នាំ២០២៤ ។ បើតាមរដ្ឋមន្រ្តីក្រសួងកសិកម្មលោក Thammanat Prompao ភាគច្រើនទុរេនថៃត្រូវបាននាំចេញទៅចិន។

 
ថៃជាប្រទេសនាំចេញទុរេនដ៏ធំមួយទៅបរទេស ជាពិសេសទីផ្សារចិន។ ក្នុងថ្ងៃទី២០ ខែមេសា រដ្ឋមន្រ្តីកសិកម្មថៃលោក Thammanat Prompao បានណែនាំក្រុមប្រឹក្សាផ្លែឈើឱ្យជួបជាមួយកសិករទុរេន ឈ្មួយកណ្តាល និងអ្នកកាត់ផ្លែធុរេន អាជីវករ និងប្រតិបត្តិកររោងចក្រវេចខ្ចប់ អ្នកនាំចេញ ដើម្បីនាំចេញទុរេនបំពេញតាមស្តង់ដារគុណភាព និងតម្រូវការ GAP របស់ចិន។
 
លោក Thammanat បានបញ្ជាក់ថា លោកបានណែនាំឲ្យក្រសួងកសិកម្មពង្រឹងការគ្រប់គ្រងគុណភាព និងចេញវិញ្ញាបនបត្រដាច់ដោយឡែកដល់អ្នកពាក់ព័ន្ធក្នុងការនាំចេញទុរេនទៅកាន់ចិន រួមទាំងកសិករ រោងចក្រវេចខ្ចប់ និងអ្នកនាំចេញតាមតម្រូវការ។ 
 
លើស​ពី​នេះ រដ្ឋមន្រ្តីកសិកម្មរូបនេះ​ស្នើ​ឱ្យ​រក​វិធី​កាត់​បន្ថយ​ថ្លៃ​ជី និង​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដល់​កសិករ​ទុរេនដែរ។ នេះបើតាមសារព័ត៌មានថៃ Thai PBS World ។ 
 
នាយកដ្ឋានធារាសាស្ត្រត្រូវដឹកនាំគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ ដោយធានាឱ្យមានទឹកគ្រប់គ្រាន់សម្រាប់ដីចម្ការធុរេនក្នុងខេត្ត ច័ន្ទបុរី , រយ៉ង និងខេត្តត្រាត ដែលជាតំបន់ផលិតទុរេនដ៏សំខាន់នៅភាគខាងកើតថៃ។
 
ទាក់ទិននឹងការរត់ពន្ធទុរេនថោកពីប្រទេសជិតខាង ដើម្បីនាំចេញដោយក្លែងបន្លំជាទុរេនថៃនោះ លោក Thammanat បានបញ្ជាឱ្យក្រុមការងារដោះស្រាយបញ្ហាដោយផ្ទាល់ ដើម្បីការពារកេរ្តិ៍ឈ្មោះរបស់ទុរេនថៃ។
 
មហិច្ឆតាថៃក្នុងការនាំចេញទុនរេនឲ្យបាន ១លានតោននេះ គឺស្របតាមការសេចក្តីណែនាំរបស់នាយករដ្ឋមន្រ្តីថៃលោក​ សេដ្ឋា ថាវីស៊ីន ដែលប្រាប់ទៅក្រសួងកសិកម្ម និងសហករណ៍រៀបចំសេចក្តីព្រាងច្បាប់ ដើម្បីទប់ស្កាត់ទុរេនដែលអន់ និងមិនទាន់ទុំ។ 
 
គំនិតផ្តួចផ្តើមនេះ មានគោលបំណងរារាំងការប្រមូលផល និងលក់ផ្លែធុរេនមិនគ្រប់ខែ ដើម្បីធ្វើឲ្យប្រសើរឡើងនូវគុណភាពផ្លែឈើ និងការប្រកួតប្រជែងនាំចេញ។ នេះបើតាមសារព័ត៌មាន The Nation ស្រង់សម្តីលោក Chai Wacharonke អ្នកនាំពាក្យរដ្ឋាភិបាលថៃ។ 
 
តាមប្រធាននាយកដ្ឋានកសិកម្ម លោក Rapeephat Chantarasriwong បានឱ្យដឹងថា ដំណាំទុរេនជាង ៦៤ពាន់ហិកតានៅខេត្តភាគខាងកើតថៃត្រូវបានចុះបញ្ជីជាមួយអាជ្ញាធរគយចិន និងទទួលបានវិញ្ញាបនបត្រ GAP ដែលនឹងជួយសម្រួលដល់ការនាំចេញទុរេនទៅកាន់ចិន។ 
 
គួរបញ្ជាក់ថា​ ការនាំចញទុរេនរបស់ថៃបានបង្កើតប្រាក់ចំណូល ៣,២៤ពាន់លានដុល្លារកាលពីឆ្នាំ២០២៣។ ថៃផលិតទុរេនបានប្រមាណ ៩០ម៉ឺនតោនជារៀងរាល់ឆ្នាំ ដែលភាគច្រើននាំចេញទៅចិន៕ 

Tag:
 ថៃ
  ទុរេន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com