កីឡាជាតិ
ជាតិ
FFC ផ្តួចផ្តើមប្រកួតលីគយុវជន ដើម្បីសម្រេចបំណងនាំកម្ពុជាទៅ World Cup ឆ្នាំ ២០៣៨
22, Apr 2024 , 9:29 pm        
រូបភាព
ការប្រកួតជម្រើសជើងឯក ខេមបូឌានលីគយុវជន Cambodian Youth League អាយុក្រោម១៦ឆ្នាំ និង១៩ឆ្នាំ ឆ្នាំ២០២៤ បង្កើតឡើងដើម្បីចម្រាញ់យកកីឡាករមានទេពកោសល្យ ចូលរួមប្រកួតជើងឯកអាស៊ាន AFF Youth Championship ទាំង U-16 និង U-19 និងគោលដៅនាំក្រុមជម្រើសជាតិកម្ពុជាឆ្ពោះទៅ FIFA World Cup ឆ្នាំ២០៣៨។



សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ក្រោមជំនួយរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានផ្តួចផ្តើមឱ្យមានការប្រកួតខេមបូឌានលីគយុវជន U-16 និង U-19​ ដោយមានសមាគម​ និងក្លិបបាល់ទាត់​ចំនួន១១ សរុបចំនួន២០ក្រុម (U-16 ១០ក្រុម និង U-19 ១០ក្រុម) ចូលរួមប្រកួតប្រជែង ចាប់ពីថ្ងៃទី១៩​ ខែឧសភា តទៅ។
 
លោកកែវ សារ៉េត អគ្គលេការធិការ FFC ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា FFC បង្កើតព្រឹត្តិការណ៍នេះឡើង ក្នុងបំណងឱ្យកីឡាករយុវជនមានការប្រកួតប្រជែងបង្ហាញសមត្ថភាព និងដើម្បីក្លិបដែលចូលរួម រួមនឹងសហព័ន្ធអាចពិនិត្យមើលកីឡាករដែលមានទេពកោសល្យ ដើម្បីជ្រើសរើសចូលក្លិប និងក្រុមជម្រើសជាតិ។
 
«កីឡាករក្មេងៗហ្វឹកហាត់ហើយ មិនមានការប្រកួត វាអត់ប្រយោជន៍ទេ»។ នេះជាការលើកឡើងរបស់លោកកែវ សារ៉េត មុនបន្ថែមថាកម្មវិធីនេះធ្វើឡើងស្របតាមគោលការណ៍អភិវឌ្ឍន៍របស់ FIFA ខណៈគ្រប់ប្រទេសរីកចម្រើនវិស័យបាល់ទាត់ក៏អនុវត្តន៍ដូចគ្នានេះដែរ។
 
ខេមបូឌានលីគយុវជន បង្កើតឡើងដោយផ្តោតលើ៣ចំណុចសំខាន់។ ទី១ ដើម្បីឱ្យកីឡាករក្មេងៗមានការប្រកួតប្រជែង ទី២ ដើម្បីឱ្យតាមបណ្តាក្លិប អាចចម្រាញ់យកកីឡាករមានទេពកោសល្យទៅប្រកបអាជីព ឱ្យស្របតាមលក្ខខណ្ឌសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងទី៣ ដើម្បីជ្រើសរើសកីឡាករចូលក្រុមជម្រើសជាតិ សម្រាប់ការប្រកួតជើងឯកអាស៊ាន ដែលនឹងធ្វើឡើងនៅឆ្នាំ២០២៤នេះ។ នេះជាការបញ្ជាក់របស់លោកអគ្គលេខាធិការ ស្របពេលការងារទាំងអស់នេះជាផ្លូវ ដើម្បីឆ្ពោះទៅសម្រេចក្តីស្រមៃ ក្នុងការនាំក្រុមគោព្រៃកម្ពុជាបង្ហាញមុខនៅជុំចុងក្រោយ FIFA World Cup ឆ្នាំ២០៣៨។ 
 
ដោយឡែក មួលហេតុដែល FFC សម្រេចរៀបចំការប្រកួត U16 និង U19 ក្នុងពេលតែមួយ ដោយសារស្ថាប័នពិបាកក្នុងការញែកពេលវេលា និងដើម្បីកុំឱ្យប៉ះពាល់ដល់ការសិក្សារបស់កីឡាករក្មេងៗ ហើយជាពិសេសដើម្បីសន្សំថវិការដែលទទួលបានពី FIFA ផង។
 
១០ក្រុមដែលត្រូវបង្ហាញខ្លួនក្នុងការប្រកួត Youth League U-19 មានក្លិបបាល់ទាត់យុវជន អង្គរថាយហ្គឺរ បឹងកេត អាយ អេស​ អាយ ដង្កោសែនជ័យ ណាហ្គាវើលដ៍ ព្រះខ័នរាជស្វាយរៀង​ ក្លិបភ្នំពេញក្រោន សមាគមកីឡាបាល់ទាត់ ខ.ភ.ម វិសាខា សាលាតម្រង់ទិសរាជធានីភ្នំពេញ និងសាលាកីឡាបាល់ទាត់ជាតិអាយុក្រោម១៦ឆ្នាំ។
 
សម្រាប់ Youth League U-16 មានក្លិបបាល់ទាត់យុវជន អង្គរថាយហ្គឺរ បឹងកេត អាយ អេស​ អាយ ដង្កោសែនជ័យ ណាហ្គាវើលដ៍ ព្រះខ័នរាជស្វាយរៀង​ ក្លិបភ្នំពេញក្រោន សមាគមកីឡាបាល់ទាត់ ខ.ភ.ម វិសាខា សាលាតម្រង់ទិសរាជធានីភ្នំពេញ និងសមាគមក្លិបបាល់ទាត់សៀមរាប យូណាយធីត។
 
ការប្រកួតជើងឯកទាំងពីរខាងលើ ដែលមានចំនួនសរុប ១៨៦ប្រកួត ដោយប្រើពេល ៦ខែ ត្រូវបែងចែកចេញជាពីរដំណាក់កាលដូចគ្នា ដោយដំណាក់កាលទីមួយត្រូវធ្វើតាមរូបមន្ត លីគពីរជុំ (ម្ចាស់ផ្ទះ និងភ្ញៀវ) និងដំណាក់កាលទីពីរ បន្ទាប់ពីបញ្ចប់ការប្រកួតលីគពីរជុំ ក្រុមដែលមាន ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៤ នឹងត្រូវប្រកួតចំនួន៣ប្រកួតបន្ថែមទៀត ដើម្បីជ្រើសមួយក្រុមដែលមានពិន្ទុខ្ពស់ជាងគេ ក្លាយជាក្រុមជើងឯក៕

Tag:
 Youth League
  World Cup
  កែវ សារ៉េត
© រក្សាសិទ្ធិដោយ thmeythmey.com