ជាតិ
សេដ្ឋកិច្ច
កម្ពុជា រំពឹងនាំចេញដូងស្រស់ទៅចិនលើកដំបូងនៅឆ្នាំនេះ
22, Apr 2024 , 9:34 pm        
រូបភាព
រូបភាព៖ Daling Farm-ចំការដូងក្រអូបខេត្តបាត់ដំបង
រូបភាព៖ Daling Farm-ចំការដូងក្រអូបខេត្តបាត់ដំបង
ភ្នំពេញ៖ កម្ពុជា រំពឹងនាំចេញដូងស្រស់ទៅកាន់ទីផ្សារចិនលើកដំបូងនៅឆ្នាំ ២០២៤នេះ។ បច្ចុប្បន្ន ចម្ការដូង និងទីតាំងវេចខ្ចប់ដែលបានសិទ្ធនាំចេញមួយចំនួន កំពុងមមាញឹកក្នុងដំណើរការនាំចេញនេះ។

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី២២ ខែមេសានេះថា បច្ចុប្ប​ន្ន ចម្ការដូង និងទីតាំងវេចខ្ចប់ដែលទទួលបានការចុះបញ្ជីពីអគ្គរដ្ឋបាលគយចិន កំពុងតែមមាញឹកក្នុងការរៀបចំនាំចេញផ្លែដូងស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន។ កញ្ញា រំពឹងថា ការនាំចេញជើងដំបូងរ​បស់កម្ពុជាអាចសម្រេចបាននៅក្នុងឆ្នាំ២០២៤នេះ។ 
 
គិតមកទល់ពេលនេះ អគ្គរដ្ឋបាលគយយចិនបានអនុម័តទទួលស្គាល់ជាផ្លូវការ ចម្ការដូងចំនួន១៣ និងទីតាំងវេចខ្ចប់ចំនួន៥ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅចិន។ ក្នុងចំណោម ក្រុមហ៊ុនវេចខ្ចប់៥នោះ មាន១ក្រុមហ៊ុន បានចរចារ និងស្វែងរកអតិថិជននៅចិនបានហើយ និងឈានដល់នាំចេញក្នុងពេលដ៏ឆាប់ៗ។ 
 
កញ្ញា អ៊ឹម រចនា បន្ថែមដូច្នេះថា៖«យើងទើបតែបានចុះបញ្ជីក្រុមហ៊ុនដែលអនុវត្តតាមស្ដង់ដារ និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ដូច្នេះ ក្រុមហ៊ុនទាំងនោះមិនទាន់អាចនាំចេញដូងស្រស់ទៅចិនបានទេ។ ប៉ុន្តែ ឆាប់ៗនេះ នឹងមានក្រុមហ៊ុនមួយ ក្នុងចំណោម៥ បានចរចារ និងស្វែងរកបានអតិថិជននៅចិន ហើយនឹងឈានដល់នាំចេញដូងស្រស់ទៅចិននៅក្នុងពេលដ៏ឆាប់ៗខាមុខ»។ 
 
លោក សួង ណយ ប្រធានសហគមន៍កសិកម្មដូងក្រអូបកម្ពុជា និងជាអគ្គលេខាធិការរងគណៈកម្មការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ បានមើលឃើញថា ការនាំចេញដូងស្រស់ទៅកាន់ចិន នឹងផ្ដល់ក្ដីសង្ឃឹមផ្នែកទីផ្សារ និងតម្លៃ កាន់ខ្ពស់ដល់កសិករ។ ជាមួយគ្នានេះ លោក ក៏សង្ឃឹមថា ការនាំចេញនេះនឹងមាន​និរន្តរភាព។
 
លោក ប្រាប់ដូច្នេះថា៖«ក្នុងនាមសហគមន៍កសិកម្មដូងក្រអូបកម្ពុជា ខ្ញុំគិតថា នៅពេលរដ្ឋាភិបាលបង្កើតទីផ្សារទៅក្រៅប្រទេសកាន់តែទូលាយ កសិករក្ដីសង្ឃឹមកាន់តែល្អ ហើយសង្ឃឹមថាការនាំចេញនេះនឹងមាន​និរន្តរភាព»។
 
បើតាម លោក សួង ណយ បច្ចុប្បន្នកម្ពុជាមិនទាន់មានដូងគ្រប់គ្រាន់សម្រាប់ការនាំចេញនោះទេ ព្រោះតែកម្ពុជាកំពុងនាំចូលពីថៃ និងវៀតណាម ដើម្បីបង្គ្រប់តម្រូវការនៅឡើយ។ក្នុងមួយថ្ងៃៗ កម្ពុជាបាននាំចូលដូងទុំ និងខ្ចីយ៉ាងតិច៥ម៉ឺនផ្លែ ពីថៃ និងវៀតណាម។ កម្ពុជាត្រូវការពេល ៣ទៅ៥ឆ្នាំទៀត ដើម្បីកសាងអ្នកដាំ ធ្វើយ៉ាងណាឱ្យបាន២លានដើម ទើបអាចបំពេញតម្រូវការក្នុងស្រុកបាន​។ បច្ចុប្បន្ន កម្ពុជាមានដូងក្រអូបប្រហែល១លានដើមប៉ុណ្ណោះ។ លោក សួង ណយ ប្រាប់ដូច្នេះថា៖«ការនាំទៅចិននេះ ខ្ញុំគិតថា អត់គ្រប់ទេ ព្រោះឥឡូវ អត់គ្រប់សម្រាប់ទីផ្សារក្នុងស្រុកយើងផង។ សព្វថ្ងៃនេះ យើងនៅនាំចូលពីថៃ ពីវៀតណាម នៅឡើយទេ ទាំងដូងទុំ និងខ្ចី»។
 
សូមបញ្ជាក់ថា ក្រសួងកសិកម្ម ជាមួយអគ្គរដ្ឋបាលគយយចិន បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន​តាំងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ 
 
ចាប់តាំងពីថ្ងៃចុះហត្ថលេខា អគ្គនាយកដ្ឋានកសិកម្ម បានចាប់ផ្ដើមជូនដំណឹងដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់កែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារចិនឲ្យដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ រោងចក្រកែច្នៃនិងវេចខ្ចប់។ បន្ទាប់ពីទទួលបានពាក្យស្នើសុំពីសំណាក់ចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ អគ្គនាយកដ្ឋានកសិកម្ម បានចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងនៅក្នុងពិធីសារ ហើយបញ្ជូនបញ្ជីឈ្មោះចម្កា រនិងរោងចក្រកែច្នៃវេចខ្ចប់ទាំងនោះ ទៅកាន់ភាគីចិនដើម្បីភាគីពិនិត្យ និងវាយតម្លៃ៕  
 

Tag:
 ដូងស្រស់
  អ៊ឹម រចនា
  ក្រសួងកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com