កីឡាអន្តរជាតិ
អន្តរជាតិ
E-sport៖ ជ័យជម្នះរបស់ See You Soon នឹងធ្វើឱ្យក្រុមរឹតតែយល់ចិត្តគ្នា
23, Apr 2024 , 9:29 pm        
រូបភាព
កីឡាករ Raa និង Felix របស់ក្រុមការពារជើងឯក See You Soon ចាត់ទុកការទទួលបានជ័យជម្នះ នឹងធ្វើឱ្យក្រុមរឹតតែស្វែងយល់ចិត្តគ្នាល្អខ្លាំងឡើងវិញ ទោះបីជាការប្រកួតប៉ុន្មានសប្តាហ៍កន្លងទៅ ក្រុមធ្វើមិនបានល្អក្តី។



កីឡាករវ័យ ២០ឆ្នាំ Raa តួនាទី Mid-Laner អះអាងថាការប្រកួតទល់នឹង Duck Rice Esports ប្រៀបបានជាការប្រកួតវគ្គផ្តាច់ព្រ័ត្រដែល See You Soon ត្រូវធ្វើឱ្យអស់ពីសមត្ថភាព។ 
 
«ខ្ញុំបាននិយាយជាមួយមិត្តរួមក្រុមរបស់ខ្ញុំមុនការប្រកួតថា ការប្រកួតទល់នឹងក្រុម Duck Rice គឺប្រៀបបាននឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រអ៊ីចឹង។ បើឈ្នះគឺយើងឡើងទៅតទៀត តែបើចាញ់គឺធ្លាក់ចេញពីការប្រកួត អ៊ីចឹងពួកខ្ញុំមានអ្វីគឺបញ្ចេញអស់ហើយ។»។ Raa បាននិយាយប្រាប់សារព័ត៌មានថ្មីៗបែបនេះ។



ជាក់ស្តែងក្រុមការពារជើងឯកបានយកឈ្នះការប្រកួតក្នុងលទ្ធផល ២-០ លើ Duck Rice Esports យកបាន ៣ពិន្ទុគេចចេញពីធ្លាក់ត្រឹមវគ្គ Regular Season បណ្តោះអាសន្នដោយរង់ចាំអុតមើលការប្រកួតមួយចុងក្រោយទល់ PRO Esports នៅសប្តាហ៍ក្រោយ។ 
 
ចំណែកចំពោះ Felix មានតួនាទីជា EXP-Laner វិញបានបញ្ជាក់ថាកន្លងមកក្រុមមានភាពធ្វេសប្រហែសច្រើនក្នុងការប្រកួត ក៏ដូចជាមិនសូវយកចិត្តទុកដាក់អំឡុងពេលហ្វឹកហាត់ទើបទទួលរងបរាជ័យ។ តែយ៉ាងកីឡាកររូបនេះប្តេជ្ញាថាការប្រកួត ១ចុងក្រោយ នឹងយកឈ្នះឱ្យខានតែបាន។
  


ក្រុមធ្វើមិនបានល្អការប្រកួតកន្លងទៅ Felix បាននិយាយដូច្នេះថា៖«កន្លងមកយើងមានភាពធ្វេសប្រហែសច្រើនក្នុងការប្រកួត រួមទាំងការហ្វឹកហាត់មិនឌិតដល់។ ជ័យជម្នះនេះក៏នឹងធ្វើឱ្យយើងកាន់តែយល់ចិត្តគ្នាឡើងវិញព្រោះថាការប្រកួតមានភាពរលូនល្អ»។ 
 
ទោះជាយ៉ាងណាកីឡាករទាំងពីរក៏បានបញ្ជាក់ផងដែរថា ជ័យជម្នះគឺបានធ្វើឱ្យក្រុមមានការស្វែងយល់ចិត្តគ្នាឡើងវិញល្អជាងមុន ហើយបន្ទាប់ពីការឈ្នះនេះក្រុមក៏នឹងវិលត្រឡប់ទៅកាន់ភាពល្អប្រសើរឡើងវិញ។
 
ការប្រកួត ៤សប្តាហ៍កន្លងមក See You Soon បានរងបរាជ័យក្នុងថ្ងៃបើកឆាកក្រោមថ្វីដៃក្រុម D-Roar Legends លទ្ធផល ២-១​ បន្ទាប់មកពួកគេបានយកឈ្នះលើក្រុម Team MAX លទ្ធផល ២-០ ការប្រកួតទី២។ See You Soon បន្តចាញ់ការប្រកួតលទ្ធផល ២-០ ក្រោមថ្វីដៃក្រុម CFU Gaming, Team SV និង Flash KH លទ្ធផល ២-១ រុញក្រុមឈរចំណាត់ថ្នាក់លេខ ៨ មុនពេលយកឈ្នះលើ Duck Rice៕


Tag:
 E-sport
© រក្សាសិទ្ធិដោយ thmeythmey.com