ជាតិ
សង្គមជាតិ
ជួយលុយទិញផ្ទះ ៖ សម្ដេច ហ៊ុន សែន ថា សាពូន មីដាដា ជាមនុស្សមាយាទមិនកើត
24, Apr 2024 , 7:15 pm        
រូបភាព
អតីតតារាចម្រៀង សាពូន មីដាដា បានបង្ហោះសារលើហ្វេសប៊ុកនាព្រឹកថ្ងៃទី២៤ មេសា ដោយរៀបរាប់អារម្មណ៍សោកស្ដាយទឹកប្រាក់៦,៧ លានដុល្លារ ផ្ទះវីឡាមួយកន្លែង រួមទាំងរថយន្តទំនើបមួយគ្រឿង ដែលទទួលបានពីសម្ដេច ហ៊ុន សែន និងភរិយា កាលពី១១ឆ្នាំមុន ។ បើតាមអត្ថន័យរៀបរាប់លើហ្វេសប៊ុកនោះ សាពូន មីដាដា ចង់បង្ហាញទ្រព្យសម្បត្តិទាំងនេះ ត្រូវបានបាត់បង់ក្រោមស្នាដៃខ្លួន។ អតីតតារាចម្រៀងរូបនេះ មិនបានបញ្ជាក់មូលហេតុ នៃការបាត់បង់ទ្រព្យសម្បត្តិនេះឡើយ។

 
ក្រោយឃើញសារបង្ហោះបែបនេះ សម្ដេច ហ៊ុន សែន បានឆ្លើយតបវិញ នាម៉ោង៦ល្ងាចថ្ងៃនេះថា សម្ដេច និងភរិយា មិនបានជួយផ្ដល់ថវិកាឱ្យលោក សាពូន មីដាដា និងភរិយា ដល់ចំនួន៦,៧លានដុល្លារឡើយ។ ជាមួយគ្នានេះ ប្រធានគណបក្សប្រជាជនកម្ពុជា ចាត់ទុកសាររបស់អតីតតារាចម្រៀងរូបនេះ ជាការបំផ្លាញកិត្តិយសសម្ដេច។ «កូនប្រុសពុកម៉ែមានចិត្តចង់ជួយកូន តែកូនមិនត្រឹមតែបំផ្លាញខ្លួនឯងទេ តែកូនចង់បំផ្លាញដល់ពុកម៉ែ តាមរយៈការបង្ហោះសារបែបនេះទៅវិញ។ លុយជិត៧លានដុល្លារវាច្រើនណាស់ ដែលពុកគ្មានលទ្ធភាពផ្តល់ឲ្យកូននោះឡើយ»។ នេះបើតាមអតីតនាយករដ្ឋមន្រ្តី ដែលបានចោទជាសំនួរថា បើមានប្រាក់ដល់ជាង៦លានដុល្លារហើយ តើ សាពូន មីដាដា យកប្រាក់ទាំងនោះទៅណា?
 
តែយ៉ាងណាសម្ដេច ហ៊ុន សែន ទទួលស្គាល់ថា សម្ដេច ធ្លាប់ជួយថវិកាឱ្យលោក សាពូន មីដាដា និងអ្នកស្រី សឿ សុធារ៉ា ទិញផ្ទះមួយកន្លែង សម្រាប់ស្នាក់នៅពិតមែន។ «ជាង១០ឆ្នាំមុន ពុកម៉ែបានហៅកូនទាំងពីរនិងចៅទៅលេងផ្ទះវិមានឯករាជ្យ និងបានផ្តល់ប្រាក់៣០ម៉ឺន ដុល្លារសម្រាប់ពួកកូនទិញផ្ទះនៅ។ ក្រោយមកដោយឃើញថាមារយាទកូនទាំងពីរមិនកើត ពុកម៉ែបដិសេធមិនជួយកូនទៀតទេ ទោះកូនបានសុំមកទៀត ដើម្បីបង់រំលោះផ្ទះ ដែលកូនប្រាប់ថាទិញផ្ទះចំនួន៤ ដែលគ្មានលុយ
បង់រំលោះឲ្យគេ»។ សម្ដេច បន្ថែម។
 
 
 
 
 

Tag:
 ហ៊ុន សែន
  សាពូន មីដាដា
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com