កីឡាអន្តរជាតិ
អន្តរជាតិ
លោក Xavi ប្តូរចិត្តបន្តធ្វើជាអ្នកចាត់ការ Barcelonaរដូវកាលក្រោយ
× លោក Xavi Hernandez អ្នកចាត់ការក្រុម Barcelona បានបង្ហាញពីការផ្លាស់ប្តូរឡើងវិញ ពីការចុះចេញពីតំណែងក្រោយចប់រដូវកាល ដោយយល់ព្រមបន្តដឹកនាំក្រុមនៅរដូវកាល ២០២៤-២៥។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្លិប Barcelona។
កិច្ចពិភាក្សាស្ទើរតែពេញមួយថ្ងៃ ត្រូវបានធ្វើឡើងរវាង Xavi និងមន្ត្រីក្លិប ដើម្បីសម្រេចចិត្តលើការផ្តល់កិច្ចសន្យា ១រដូវកាលបន្ថែមទៀត។ ក្លិប Barca បញ្ជាក់ថាការបន្តកុងត្រា ក៏ស្ថិតក្នុងលក្ខខណ្ឌមិនជាក់លាក់មួយចំនួន ដែលក្លិបបានកំណត់។
បើតាមការអះអាងរបស់ក្លិប លោក Xavi នឹងរៀបចំការជជែកជាមួយប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃទី២៨ ខែមេសា មុនពេលការប្រកួតរវាង Barcelona ទល់នឹងក្រុម Valencia។ ក្លិប លោក Joan Laporta ប្រធានក្លិប ត្រូវបានគេរំពឹងថានឹងមានវត្តមានក្នុងធ្វើសន្និសីទកាសែតនៅសប្តាហ៍ក្រោយ លើការសម្រេចចិត្តរបស់ Xavi។
«Xavi នឹងបន្តការងារនេះ ជាមួយនឹងភាពរំភើបបំផុត។ រឿងនេះ ក៏មានការឯកភាពគ្នានៅក្នុងក្រុមប្រឹក្សាភិបាលរបស់ក្លិប ដែលគាត់គួរតែបន្តតំណែងមួយនេះ។»។ នេះបើតាមសម្តីរបស់លោក Rafa Yuste អនុប្រធានក្លិប ប្រាប់អ្នកកាសែតនៅមុខផ្ទះរបស់លោក Joan Laporta នាថ្ងៃទី២៤ ខែមេសា។
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ វ័យ ៤៤ឆ្នាំ ធ្លាប់បានចំណាយពេល ១៧ឆ្នាំ លេងឱ្យ Barcelona ដោយលោកបានបង្ហាញខ្លួនលេង ៧៦៧លើក និងជួយក្លិបឈ្នះពានចំនួន ២៥លើក ក្នុងនោះរួមមានពាន Champions League ៤លើក និង La Liga ៨លើក។ ទោះការដឹកនាំរដូវកាលដំបូង បានជួយក្រុមឈ្នះ La Liga ក្តី តែ Barca វិលត្រឡប់ភាពរអាក់រអួលវិញក្នុងរដូវកាលនេះ ដែលច្រានលោក ឱ្យស្ថិតក្នុងសម្ពាធ។
ការប្រកាសពីការចុះចេញពីតំណែង ត្រូវបានធ្វើឡើងកាលពីខែមករា ដើមឆ្នាំ ២០២៤ ដោយកាលនោះ Xavi និយាយថា លោកមិនរីករាយក្នុងការដឹកនាំក្នុងនាមជាលោក ព្រោះតែរងសម្ពាធ និងការទាមទារពីការងារនៅក្លិបខ្លាំងពេក។
យ៉ាងណាក៏ដោយ តាមរយៈប្រភពក្លិប Barca ខាងលើ បង្ហើបថា Xavi បានសន្យាថា គ្មានការផ្លាស់ប្តូរធំអ្វីឡើយក្នុងក្រុមការងាររបស់លោក ដោយលោកគ្រាន់តែរំពឹងលើលោក Laporta ថា នឹងធានាថាក្រុមនឹងអាចចុះកិច្ចសន្យា លើកីឡាករកម្រិតកំពូលណាមួយ ទោះក្លិបមានបញ្ហាហិរញ្ញវត្ថុក៏ដោយ៕
Tag:
Xavi Hernandez
Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com