កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ MMA ម្នាក់ត្រូវហាមឃាត់ពីការប្រកួតមួយជីវិត ដោយសារទាត់គូទនារីលើកស្លាក
26, Apr 2024 , 8:29 am        
រូបភាព
Ali Heibati កីឡាករយុទ្ធគុនចម្រុះ (MMA) សញ្ជាតិអ៊ីរ៉ង់ រងពិន័យពីការប្រកួតពេញមួយជីវិត ពីកម្មវិធីប្រកួត Hard Fighting Championship (HFC)  ក្រោយទាត់គូទនារីលើកស្លាកការប្រកួត (Ring Girl) និងបង្ហាញអាកប្បកិរិយាមិនសមរម្យក្នុងការប្រកួត។



មុនពេលការប្រកួតរវាង Heibati ទល់នឹងកីឡាករ Arkady Osipyan ក្នុងទីក្រុងម៉ូស្គូ កាលពីថ្ងៃទី១៩ ខែមេសា ក្នុងកម្មវិធីប្រកួត HFC កីឡាករអ៊ីរ៉ង់បានលើកជើងទាត់គូទនារីលើកស្លាកការប្រកួត ឈ្មោះនាង Maria ពេលនាងបានដើរលើកស្លាកកាត់មុខ។
 
ភ្លាមៗ Maria បានងាកមកមើលកីឡាករ Heibati ដោយភាពភ្ញាក់ផ្អើល ហើយនាងក៏ខឹងសម្បារ ដោយបានដើរទៅសួរនាំកីឡាកររូបនោះ មុនពេលអាជ្ញាកណ្តាលចូលមកឃាត់ និងព្រមានដល់កីឡាករ Heibati។
 
ក្នុងការប្រកួតនោះទៀតសោត ពេលមួយអាជ្ញាកណ្តាលបានបំបែកហើយនាំកីឡាករ Osipyan ទៅឈរនៅជ្រុងម្ខាង ក្រោយពេលគេបានវាយឱ្យ Heibati ដួល ប៉ុន្តែកីឡាករ Heibati បានងើបឈរ និងបានវាយកីឡាករ Osipyan ពីក្រោយ។ ទង្វើមិនល្អរបស់ Heibati ធ្វើឱ្យមនុស្សជាច្រើនក្នុងការប្រកួតនោះខឹងសម្បារ ហើយបានចូលក្នុងទីលានប្រកួតដើម្បីវៃលើរូបគេ ខណៈអាជ្ញាកណ្តាលព្យាយាម ជួយបំបែកកីឡាករចេញពីហ្វូងមនុស្ស។
 
កីឡាករ Heibati ពេលចាកចេញពីទីកន្លែងប្រកួត រូបគេក៏បន្តត្រូវបានក្រុមអ្នកគាំទ្រវាយ ដោយអ្នកខ្លះប្រើដៃ និងកៅអីជាដើម។
 
ក្រោយរឿងហេតុកីឡាករអ៊ីរ៉ង់ បានបង្ហោះសារលើបណ្តាញសង្គមសុំទោស ទៅកាន់ Maria។ «ខ្ញុំភ័យណាស់ ដូចដែលមនុស្សភាគច្រើនបានយល់ អារម្មណ៍ដែលកើតឡើងរបស់ខ្ញុំមុនពេលប្រកួតបានធ្វើឱ្យខ្ញុំប្រព្រឹត្តិមិនសមរម្យលើនាង Maria។ ខ្ញុំចង់សុំទោសជាសាធារណៈ ទៅកាន់នាង ខ្ញុំមានក្រុមគ្រួសារ ខ្ញុំគោរពលើស្ត្រីខ្លាំងណាស់។»។ Heibati បានបង្ហោះដូច្នេះ។
 
ទោះមានការសុំទោសយ៉ាងនេះក្តី ប៉ុន្តែអ្នករៀបចំកម្មវិធី HFC បានសម្រេចហាមឃាត់កីឡាករ Heibati ពីការប្រកួតមួយជីវិត ហើយក៏នឹងប្រកាសថា ប្រាក់ដែលគេរកបានពីការប្រកួតទាំងប៉ុន្មាននឹងត្រូវផ្ទេរទៅកាន់ Maria ដើម្បីជាការសងជំងឺចិត្ត៕

Tag:
 MMA
© រក្សាសិទ្ធិដោយ thmeythmey.com