ជាតិ
ពីនេះ ពីនោះ
កំណាព្យ៖ ជូនពរ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល
31, Dec 2014 , 11:50 am        
រូបភាព
ដោយ: ថ្មីៗ
                 ជូនពរ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល
                     (បទ​ពាក្យ៧)



-ស្វាគមន៍​ឆ្នាំ​ថ្មី​ឆ្នាំ​សកល        ឆ្លង​ចូលមក​ដល់​ក្នុង​វេលា
មនុស្សជាតិ​លើ​លោក​ផង​នានា        ស្វាគមន៍​វ័​ន្ទា​នា​ឆ្នាំ​ថ្មី។   
       
-រួមទាំង​កម្ពុជា​ក្នុង​រដ្ឋា            អំណរ​ជ្រះថ្លា​ចិត្ត​ប្រពៃ   
រីករាយ​សាទរ​ក្នុង​ឆ្នាំ​ថ្មី            គប្បី​បែរបន់​ឲ្យ​មានជោគ។

-ឆ្នាំ​ចាស់​សូម​ផ្លាស់​ហេតុ​មិនល្អ        ដែល​ធ្លាប់​វឹកវរ​ច្រើន​គរគោក
សូម​ឲ្យ​សាបសូន្យ​កុំបី​មក        មានទុក្ខ​មាន​សោក​សព្វ​អង្គារ។      
             
-ឆ្នាំ​ចាស់​សូម​ផ្លាស់​រឿង​មិនល្អ        រឿង​ខ្មៅ​រឿង​សលាប​ពណ៌​គ្នា
មន្ត្រីរាជការ​ទាំង​រដ្ឋ​សភា        សូម​បាន​រួមគ្នា​ដោយ​ស្រុះស្រួល។

-សូម​បានធ្វើ​ការបម្រើ​រាស្ត្រ        កុំបី​បញ្ជៀ​ស​ឲ្យ​រាស្ត្រ​ជ្រួល
ស្ថេរភាព​សង្គម​ដោយ​សុខ​ស្រួល    កុំបី​ប្រែប្រួល​ឲ្យ​រាស្ត្រ​ព្រាត់។

-ឆ្នាំ​ចាស់​សូម​ផ្លាស់​រឿង​គ្រប់យ៉ាង    រឿង​កាប់​រឿង​អាង​រឿង​កំសត់
ទាំង​រឿង​គំ​គួ​ន​សូម​រលត់        រលាយ​ឲ្យ​ផុត​តាម​ឆ្នាំ​ចាស់។

-ឆ្នាំ​ថ្មី​សិរី​សូម​មានមក            មានជ័យ​មានជោគ​យ៉ាង​ក្រែល​ក្រាស់
សូម​អាជីវ​ករចេះ​ប្រែ​ផ្លាស់        លក់​ចុះថ្លៃ​ខ្លះ​គ្រប់​ទំនិញ។

-ឆ្នាំ​ថ្មី​សូម​ឲ្យ​តម្លៃ​សាំង            បាន​ស្រុតចុះ​ខ្លាំង​ងាយ​នឹង​ទិញ
បើ​សាំង​ចុះថ្លៃ​តិច​មកវិញ        នោះ​បាត់​ទោរ​ម្និញ​សែន​ពេញចិត្ត។   
       
-ឆ្នាំ​ថ្មី​សូម​ឲ្យ​បក្ស​ទាំងពីរ        បំពេញ​នាទី​ឲ្យ​បាន​ពិត
នយោបាយ​ចាស់​ផ្លាស់​គំនិត        បម្រើ​សុចរិត​ដល់​រាស្ត្រ​ខ្មែរ។

-កុំបី​គិតតែ​បក្សពួក​ខ្លួន            អំណាច​មាំមួន​ពួន​គេចកែ
កេង​ប្រាក់​បុណ្យ​សក្តិ​ឡើង​តាម​ខ្សែ    ពូជខ្មែរ​ប្រែ​ខ្មាស​សាសន៍​ដទៃ។

-សូម​ឲ្យ​បាត់បង់​ការ​គុំ​គួ​ន        តណ្ហា​ក្នុង​ខ្លួន​ស្ងួន​ប្រណី
ស្គាល់​ច្បាស់​មេត្តា បាន​សុ​ខី        ទាំង​ជន​ប្រុស​ស្រី​ទាំង​ក្មេង​ចាស់។

-សូម​ឲ្យ​ជួប​ពរ​បួន​ប្រការ        សម្បត្តិ​បី​ណា​ល្អ​ក្រៃ​ណាស់
អាយុ វណ្ណ: សុខ: ច្បាស់        ពល: ក្រែល​ក្រាស់ សែន​សុខសាន្ដ។

-សម្បត្តិ​មួយ​មនុស្ស​ពីរ​ទេវតា        ទី​បី​អស្ចារ្យ ព្រះ​និព្វាន
សូម​ឲ្យ​បាន​ដល់​កុសល​ឋាន        សុខ​សាន​រៀង​ទៅគ្រប់​គ្រួសារ ។

-សូម​ឲ្យ​បាន​ចេះ​យោគយល់​ដល់​គ្នា    សាមគ្គី​សាម​គ្គា​សាង​វាសនា
អ្នកក្រុង​អ្នកស្រែ​ស្នេហ៍​ខេមរា        ល្បី​ដល់​លោកា​ថ្លា​សុសសាយ៕

      និពន្ធ​ដោយ៖ វិឆ័យ សុ​ភី



© រក្សាសិទ្ធិដោយ thmeythmey.com