ជាតិ
បទវិភាគ
ឆ្នាំ​ថ្មី និង​ឆ្នាំ​ចាស់៖ ការ​ប្រឈម និង​សមិទ្ធផល​របស់​រដ្ឋាភិបាល!
01, Jan 2015 , 8:15 pm        
រូបភាព
ភ្នំពេញ៖ ពេលវេលា​នៃ​ឆ្នាំ​ចាស់​បាន​កន្លងផុតទៅ​មែន។ ប៉ុន្តែ​បញ្ហា​ជាច្រើន​ត្រូវបាន​បន្សល់ទុក​ដោយរ​ដ្ឋា​ភិ​បាល​ដោះស្រាយ​មិនទាន់​ចេញ។ ជាការ​ពិត បើទោះបីជា​បញ្ហា​មាន​ច្រើន​មែន​ក៏ដោយ​ក្តី ប៉ុន្តែ សមិទ្ធផល​មួយចំនួន​ក៏ត្រូវ​បានសម្រេច​ផងដែរ​ដោយ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ តើ​អ្វីខ្លះ​ជា​សមិទ្ធផល និង​អ្វីខ្លះ​ជាការ​ប្រឈម?



តាមរយៈ​ការទទួលស្គាល់​ចំណុច​ខ្វះខាត​របស់ខ្លួន គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បន្ត​ដឹកនាំ​រដ្ឋាភិបាល បានសម្រេច​ចិត្ត​កែទម្រង់​ស៊ីជម្រៅ​សម្រាប់​អាណត្តិ​ទី៥នេះ។ កំណែទម្រង់ធំៗដែល​រាស្ត្រ​ខ្មែរ​មើលឃើញ​មុនគេ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាក់​បញ្ចូល​ឈាម​ថ្មី(យុវជន​បក្ស)ទៅក្នុង​ជួរ​រដ្ឋាភិបាល​ចាស់ ដែល​មន្ត្រី​ភាគច្រើន​បាន​ដឹកនាំ​ប្រទេស​តាំងពី​ក្រោយ​ឆ្នាំ១៩៧៩មកម្ល៉េះ ។

នៅក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី៥របស់​គណបក្ស​ប្រជាជន​កម្ពុជា គេ​សង្កេតឃើញ​មាន​រដ្ឋមន្ត្រី​វ័យក្មេង និង​វ័យ​កណ្តាល​សម្រាប់​ដឹកនាំ​ក្រសួង​មួយចំនួន ក្នុងនោះ​មាន លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន, លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ, លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ, លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម។ល។

ក្រៅពីនោះ រដ្ឋមន្ត្រី​មួយចំនួនធំ​ស្ថិតក្នុង​វ័យ​ចំណាស់​បន្តិច​ហើយ។ ដោយ​មិន​និយាយ​ពី​ធន​ធន​មនុស្ស​ក្នុង​ក្របខ័ណ្ឌ​តំណែង​រដ្ឋមន្ត្រី គេ​ក៏​សង្កេតឃើញ​ផងដែរ តំណាងរាស្ត្រ​វ័យក្មេង​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ធនធានមនុស្ស​វ័យក្មេង​មួយចំនួន​ផ្សេងទៀត​ត្រូវបានតែងតាំង​នៅក្នុង​តំណែងផ្សេងៗនៅក្នុង​រដ្ឋបាល​របស់​លោក ហ៊ុន សែន។

នៅក្នុង​វិស័យ​អប់រំ កំណែទម្រង់​ពេល​ប្រឡង​បាក់​ឌុប​ត្រូវបាន​មហាជន​ទូទាំងប្រទេស​កម្ពុជា​សាទរ និង​គាំទ្រ​យ៉ាង​ពេញទំហឹង។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រាក់បៀវត្សរ៍​គ្រូបង្រៀន និង​មន្ត្រីរាជការផ្សេងៗទៀត​ក៏​ត្រូវបាន​រដ្ឋាភិបាល​ថ្មី​សម្រួល​ដំឡើង​អោយបាន​គួរសម​ផងដែរ។

នៅក្នុង​សេវាសាធារណៈ​ជាទូទៅ​វិញ មន្ត្រីរាជការ​ថ្នាក់ក្រោម​ចាប់ផ្តើម​បម្រើ​ប្រជាពលរដ្ឋ​សកម្ម​ជាង​មុន ដោយ​ទារ​កម្រៃជើងសារ​តិចជាង​មុន បើទោះបីជា​អំពើ​ផ្តេសផ្តាស​មួយចំនួន​នៅតែមាន​ក្តី។ មន្ត្រីរាជការ​ថ្នាក់ក្រោម ថ្នាក់កណ្តាល និង​ថា្នក់​លើ​គោរព​ការងារ​រដ្ឋ​ច្រើនជាង​មុន។ មន្ត្រី​ចេះ​ព្រួយបារម្ភ​ពី​ការងារ​រដ្ឋ ពីព្រោះ ពួកគេ​ខ្លាច​ទទួលទោស​រដ្ឋបាល​ច្រើនជាង​មុន។ មន្ត្រីរាជការ​ខ្លះ ចាប់ផ្តើម​ចេះ​អៀនខ្មាស​ចំពោះ​មហាជន នៅពេលដែល​ពួកគេ​នៅ​បន្ត​មាន​វត្តមាន​នៅក្នុង​ហាង​ស្រស់ស្រូប​អាហារ​ពេលព្រឹក ក្នុងខណៈ​ពេលដែល​ម៉ោង​ការងារ​របស់​រដ្ឋ​បានចាប់ផ្តើម​ហើយ​នោះ។ អំពើពុករលួយ​ត្រូវបាន​កាត់បន្ថយ​ខ្លះ និង​លែង​សូវ​សម្ញែង​ដូច​មុន។
អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ដំណើរការ​ដោយ​រលូន និង​បាន​ចាប់ខ្លួន​ជន​ពុករលួយ​មួយចំនួន​ចាប់តាំងពី​ការបង្កើត​ស្ថាប័ន​នេះ​នៅ​ឆ្នាំ២០១០ កន្លងមក។

គណបក្សប្រឆាំង​មាន​សិទ្ធិ​កោះហៅ​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​មក​សាកសួ​រ​ទៅតាម​កាលវិភាគ​របស់​រដ្ឋសភាជាតិ។ រដ្ឋាភិបាល​អនុញ្ញាតអោយ​បង្កើត​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​អោយ​ចប់​នៅមុន​ដំណាច់ឆ្នាំ២០១៨ ។ រដ្ឋាភិបាល​បាន និង​កំពុង​បន្ត​តែងតាំង​អ្នកនាំពាក្យ​តាម​ក្រសួង​ស្ថាប័នរដ្ឋ​អោយបាន​ច្រើនជាង​មុន។ លំហូរ​ព័ត៌មាន​កាន់តែ​ទំ​លំ​ទូលាយ​ជាង​មុន។

មិន​ត្រឹមតែ​ប៉ុណ្ណោះ រដ្ឋាភិបាល​អនុញ្ញាតអោយ​មាន​វត្តមាន​ទូរទស្សន៍​កាន់កាប់​ដោយ​បក្សប្រឆាំង។ លើសពីនេះទៅទៀត មេដឹកនាំ​គណបក្សប្រឆាំង​ត្រូវបានតែងតាំង​អោយមាន​ឋានៈ​ស្មើនឹង​នាយករដ្ឋមន្ត្រី​ក្នុង​ការចរចា ឬ​សន្ទនា​ពី​កិច្ចការ​ប្រទេសជាតិ​នានា​ជាមួយ​នាយករដ្ឋមន្ត្រី​ក្នុង​តំណែង។

ចំពោះ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត តាម​សំណើរ​របស់​មហាជន សង្គម​ស៊ីវិល និង​គណបក្សប្រឆាំង គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ត្រូវបានធ្វើ​ការកែទម្រង់​ស៊ីជម្រៅ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​សម្រាប់​ការបោះឆ្នោត​ឆ្នាំ២០១៧ និង២០១៨ ខាងមុខនេះ។ និយាយ​ជារួម សមិទ្ធផល​លេចធ្លោ​ជាងគេ គឺ​ដំណោះស្រាយ​នយោបាយ​រវាង​បក្សប្រឆាំង និង​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​ឆ្នាំ២០១៤កន្លងមក។

ងាក​មក​និយាយ​ពី​បញ្ហា​សង្គម​សេដ្ឋកិច្ច​វិញ គេ​សង្កេតឃើញថា រដ្ឋាភិបាល​បានសម្រេច​បង្ខំ​អោយ​ក្រុមហ៊ុន​ប្រេង​បញ្ចុះតម្លៃ​ប្រេងសាំង។ រដ្ឋាភិបាល​ព្យាយាម​ដោះស្រាយ​វិវាទ​ដីធ្លី និង​ជំរុញ​ការដកហូត​អាជ្ញាប័ណ្ណ​មួយចំនួន​ពី​ក្រុមហ៊ុន​ណា​ដែល​មិន​បានធ្វើ​សកម្មភាព។ ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពាន ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ ត្រូវបាន​សាង់សង់​ជា​បន្តបន្ទាប់ ហើយ​វា​នឹង​អាច​ផ្តល់​ផល​នៅ​ឆ្នាំខាងមុខៗនេះ។

បើទោះបីជា​រដ្ឋាភិបាល​ស​ម្រេច​បាន​កំណែ​ទម្រ​ង​ខ្លះ​ក៏ដោយ ក៏​បញ្ហា​ជាច្រើន​នៅតែ​បន្ត​កើតមានឡើង​នៅក្នុង​សង្គម​ខ្មែរ​ដដែល។ បញ្ហា​ទាំងនោះ​ជារួម​មាន៖ ទី១ បញ្ហាដីធ្លី។ទី២ បញ្ហា​អំពើពុករលួយ។ ទី៣ ប្រព័ន្ធតុលាការ​មិន​ឯករាជ្យ។ ទី៤ វិស័យ​សុខាភិបាល​នៅ​ទន់ខ្សោយ។ ទី៥ អត្រា​អ្នកគ្មានការងារ​ស្ថិតនៅក្នុង​កម្រិត​ខ្ពស់។ ទី៦ គម្លាត​អ្នកមាន និង​អ្នកក្រីក្រ​កាន់តែរីកធំឡើង។ ទី៧ គុណភាព​អប់រំ​នៅមានកម្រិត។ ទី៨ ជំនួញ​មួយចំនួនធំ​ស្ថិតក្នុង​កណ្តាប់ដៃ​ឈ្មួញ​បរទេស។ ទី៩ មនុស្ស​ចាស់​រស់នៅក្នុង​ក្តី​អស់សង្ឃឹម។ ទី១០ ចំនួន​អ្នក​គ្មាន​ទីជម្រក​ចេះតែ​កើនឡើង។ ទី១១ ទីផ្សារ​ខ្មែរ​គ្របដណ្តប់​ដោយ​ផលិតផល​បរទេស​ស្ទើរ៩០ភាគរយ។

សរុបសេចក្តី​មកវិញ សមិទ្ធផល​ឆ្នាំ​ចាស់​ដែល​ស្តែងឡើង ទំនង​ជាមាន​ទំហំ​តូច​ជាង​បញ្ហា​ដែល​ត្រូវបាន​បន្សល់ទុក​ដោយ​ឆ្នាំ​ចាស់។ តើ​រដ្ឋាភិបាល​អាច​ដោះស្រាយ​បញ្ហា​ចាក់​ស្រែះ​ពី​ឆ្នាំ២០១៤នៅ​ឆ្នាំ២០១៥បានដែរ​ឬទេ? នេះ​ជា​សំណួរ​ដែល​ពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា​ត្រូវ​ទន្ទឹងរង់ចាំ​មើល៕
 


© រក្សាសិទ្ធិដោយ thmeythmey.com