ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កញ្ញា ជ័យ សុត្ថារ័ត្ន ចែករំលែកបទពិសោធន៍ដើម្បីរៀនភាសាអង់គ្លេសឲ្យបានពូកែ
× ភ្នំពេញ៖ កញ្ញា ជ័យ សុត្ថារ័ត្ន ជាអតីតនិស្សិតវិទ្យាស្ថានភាសាបរទេស (IFL) និងជាជ័យលាភី ឆ្នើមលេខមួយ ជំនាញនិយាយភាសាអង់គ្លេស ដែលបានទៅធ្វើទស្សនកិច្ចសិក្សានៅប្រទេស អង់គ្លេសតាមរយៈកម្មវិធីប្រកួតប្រជែងភាសាអង់គ្លេសរបស់ Spring Board Cambodia ក្នុងឆ្នាំ២០១៤ កន្លងមក។ កញ្ញាក៏ជាជ័យលាភីលេខពីរ ក្នុងកម្មវិធីនិយាយភាសាអង់គ្លេស ក្រោមប្រធានបទ Asean Youth Forum របស់សភាយុវពាណិជ្ជករអន្តរជាតិ (JCI) នៅក្នុង ប្រទេសហុងកុង និង ប្រទេសគៀហ្គីស្ថានផងដែរ។ សព្វថ្ងៃនេះ កញ្ញា សុត្ថារ័ត្ន ជាគ្រូបង្រៀន អក្សរសាស្ត្រអង់គ្លេស ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (ឆ្នាំទី១) នៅវិទ្យាស្ថាន IFL ។
សូមស្តាប់បទសម្ភាសន៍រវាង លោក រឿន ភារុន អ្នកសារព័ត៌មានថ្មីៗ និងកញ្ញា ជ័យ សុត្ថារ័ត្ន ដូចតទៅ៖
កញ្ញា ជ័យ សុត្ថារ័ត្ន បានប្រាប់ពីមូលហេតុនៃការសិក្សាភាសាអង់គ្លេសឲ្យបានពូកែថា ដោយសារតែ កញ្ញាស្រលាញ់ និងចង់ចេះប្រើប្រាស់ភាសាអង់គ្លេសឲ្យល្អប្រសើរ ដូច្នេះកញ្ញា តែងតែអនុវត្តន៍ការនិយាយ ការស្តាប់ ការអាន និងការសរសេរឲ្យបានច្រើនជាប្រចាំថ្ងៃ តាមតែអាចធ្វើបាន។
ក្រៅតែពីសិក្សាក្នុងសាលា ទោះបីជានៅតែម្នាក់ឯងក៏ដោយ នារីវ័យ ២១ឆ្នាំរូបនេះ និយាយយ៉ាងដូច្នេះថា៖«ខ្ញុំតែងតែព្យាយាមរៀននិយាយភាសាអង់គ្លេសជាមួយមិត្តភក្តិ ទោះ បីជាមិត្តសើចចំអកលេងពេលនិយាយខុស ឬត្រូវក៏ដោយ ក៏ខ្ញុំមិនខ្មាស់ដែរ ឲ្យតែខ្ញុំបាន និយាយ។ ហើយពេលខ្លះខ្ញុំនិយាយនៅមុខកញ្ចក់ឆ្លុះ តែម្នាក់ឯងក៏មាន»។
ទោះបីជាសិក្សានៅក្នុងសាលា និងក្រៅសាលាក៏ដោយ កញ្ញា សុត្ថារ័ត្ន ជឿជាក់ថា ការសិក្សា ភាសាអង់គ្លេសឲ្យពូកែគឺមិនមានការលំបាកទេ ប៉ុន្តែគឺទាមទារឲ្យអ្នកចង់ចេះភាសាអង់គ្លេស ត្រូវចំណាយពេលវេលាស្រាវជ្រាវ និងអនុវត្តន៍ការប្រើប្រាស់ឲ្យបានច្រើន។
ដោយសារ កម្ពុជាមិនមែនជាជនជាតិដើមនិយាយភាសាអង់គ្លេស ដូច្នេះដើម្បីឲ្យការនិយាយ បានប្រសើរនោះ កញ្ញាប្រាបថា៖«អ្នកដែលចង់ប្រើភាសាអង់គ្លេសបានល្អ ក៏ត្រូវចេះសិក្សា ស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណេត Youtube គឺដើម្បីស្តាប់ និងរបៀបបញ្ចេញ សំឡេងពីជនជាតិដើមដែលនិយាយភាសាអង់គ្លេស។ ប៉ុន្តែការនិយាយមិនទាមទារឲ្យ បញ្ចេញសំឡេងដូចគេទាំងស្រុងនោះទេ ប៉ុន្តែគឺត្រូវនិយាយបញ្ចេញសំឡេងឲ្យបានច្បាស់ អាចស្តាប់ និងយល់អត្ថន័យក្នុងការសន្ទនារវាងភាគីនីមួយ»។
ប្រវត្តិនៃសិក្សាភាសាអង់គ្លេស
សុត្ថារ័ត្ន បានចាប់ផ្តើមសិក្សាភាសាអង់គ្លេសជាលើកដំបូង កាលពីនាងសិក្សានៅថ្នាក់ទី ២ ហើយ នាងក៏ជាសិស្សបញ្ចប់ការសិក្សាភាសាអង់គ្លេសដោយជោគជ័យក្នុងវគ្គ General English Program (GEP) និង English for Academic Purpose (EAP) នៅមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល ( Australian Center for Education ) ផងដែរ។
នៅក្នុងឆ្នាំ ២០១០ កញ្ញា សុត្ថារ័ត្ន បានជាប់បាក់ឌុបនិទ្ទេស B ក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ។ បន្ទាប់មក កញ្ញាបានប្រឡងជាប់អាហារូបករណ៍ចូលសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រ អង់គ្លេស នៅក្នុងវិទ្យាស្ថានភាសាបរទេស ហើយកញ្ញាជានិស្សិតបង់ថ្លៃសិក្សាជំនាញធនាគារ នៅវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។
រយៈពេល ៤ឆ្នាំក្រោយមក គឺនៅក្នុងឆ្នាំ ២០១៤ កន្លងមកនេះ កញ្ញា សុត្ថារ័ត្ន បានទទួល បរិញ្ញាបត្រពីរស្របគ្នា គឺបរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស ជំនាញបង្រៀន ភាសាអង់គ្លេស នៅ IFL និងបរិញ្ញាបត្រធនាគារនៅវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នៅឆ្នាំមុននេះដដែល ក្រោយពីបញ្ចប់ថ្នាក់បរិញ្ញាបត្រអង់គ្លេស កញ្ញាក៏បានដាក់ពាក្យប្រឡង ជាប់ចូលធ្វើជាគ្រូបង្រៀនអក្សរសាស្ត្រអង់គ្លេស នៅក្នុងវិទ្យាស្ថាន IFL ផងដែរ។
នាពេលអនាគត កញ្ញា សុវត្ថារ័ត្ន នឹងដាក់ពាក្យប្រឡងយកអាហារូបករណ៍ទៅបន្តការសិក្សា ថ្នាក់អនុបណ្ឌិតជំនាញអង់គ្លេស ដើម្បីបង្កើនចំណេះក្នុងការបង្រៀន និងស្វែងយល់ពីប្រព័ន្ធ អប់រំក្នុងប្រទេសដើមនិយាយភាសានេះ នៅក្នុងប្រទេសអង់គ្លេសទៀតផង៕
© រក្សាសិទ្ធិដោយ thmeythmey.com