ជាតិ
ពិភពតារា៖ សា នី​កា សំខាន់​ឲ្យ​តែ​គេ​មានចិត្ត​ស្មោះ
28, Jan 2015 , 9:49 am        
រូបភាព
ដោយ:

ភ្នំពេញ៖ អ្នកចម្រៀង​កញ្ញា សានី​កា ដែល​បាន​បន្សាត់​ខ្លួន​មកពី​ទឹកដី​ខេត្ត ពោធិ៍សាត់ ត្រូវបាន​មហាជន​ទទួលស្គាល់ថា នាង​មាន​ទឹកដម​សម្លេង​យ៉ាង​ក្រអួន​ក្រអៅ គួរ​ឲ្យ​កត់សម្គាល់ថ្មីៗនេះ នាង​បាន​បង្ហើប​ពី​រឿង​ជីវិត​ផ្ទាល់ខ្លួន​ឲ្យ​ដឹងថា ចំពោះ​រឿងរ៉ាវ​បេះដូង នាង​ធ្លាប់​រងរបួស​ម្តង ដូច្នេះ បើ​មាន​ស្នេហា​លើក​ក្រោយ នាង​មិន​ប្រកាន់​វ័យ​នោះទេ សំខាន់​ឲ្យ​ឲ្យ​តែ​គេ​មានចិត្ត​ស្មោះ។



បើទោះបីជា​នៅ​មិនទាន់មាន​ទ្រនំ​ច្រៀង​នៅឡើយ ប៉ុន្តែ កញ្ញា សានី​កា ត្រូវបាន​មហាជន​ទទួលស្គាល់​ពី​ទឹកដម​សម្លេង​របស់​នាង ដែល​និយម​ច្រៀង​បទ​កញ្ញា មាស សុខ​សោភា និង​ត្រូវបាន​អ្នកគ្រប់គ្រង​តារាចម្រៀង​នៅ​ផលិតកម្ម ថោ​ន ទាក់ទង​នាង​ឲ្យ​ធ្វើតេស្ត​សម្លេង​ក្នុងពេលឆាប់ៗខាងមុខនេះ ក្នុង​បំណង​ឲ្យ​នាង​បាន​ក្លាយជា​តារាចម្រៀងរ​បស់​ផលិតកម្ម ថោ​ន ផងដែរ។

អ្នកចម្រៀង​វ័យ២៤ ឆ្នាំ រូបនេះ បាន​ចូលប្រឡូក​សិល្បៈ​កាលពី​ឆ្នាំ២០០៨ និង​បាន​លេច​វត្តមាន​ក្នុង​ខ្សែ​វីដេអូ​ភាគ រឿង “រសជាតិ​ជីវិត” សម្តែង​ជា​តួ​លេខា​របស់​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​បាន​បោក​មនុស្ស​ស្រី​យកទៅលក់​នៅ​ភ្នំពេញ។

នាង​ឲ្យ​ដឹងថា ចម្រៀង ជា​ជំរើស​ដែល​នាង​ចូលចិត្ត​តាំងពី​ដឹងក្តី​មក ខណៈដែល​រៀន​នៅ​បឋមសិក្សា នាង​ជាប់​ចំណាត់ថ្នាក់​ល្អ ក្នុង​វិស័យ​ចម្រៀង​នេះ ហើយ​ត្រូវបាន​លោកគ្រូ​ឲ្យ​ឡើង​ច្រៀង​នៅ​រៀងរាល់​ចុង​សប្តាហ៍​ទៀតផង។

ទាក់ទិន​នឹង​ជីវិត​ផ្ទាល់ខ្លួន​វិញ កញ្ញា សានី​កា បាន​បង្ហើប​ឲ្យ​ដឹងថា សព្វថ្ងៃ បេះដូង​នាង​នៅ​មិនទាន់មាន​អ្នកណា​ឃុំគ្រង​នៅឡើយ​ទេ ប៉ុន្តែ​មិន​មានន័យថា គ្មាន​អ្នក​ស្រលាញ់​នោះដែរ។ សានី​កា អះអាងថា មាន​អ្នក​តាម​ស្រលាញ់​ដែរ តែ​នាង​នៅ​មិនទាន់​ចង់​គិត ដ្បិតអី​នាង​ធ្លាប់​របួស​បេះដូង​ម្តង​រួចមកហើយ កាលពី​ឆ្នាំ ២០១០ ។ នាង​បញ្ជាក់​ឲ្យ​ដឹងថា នាង​ធ្លាប់មាន​ស្នេហា​ជាមួយ​បុរស​ម្នាក់ ដែលមាន​ជីវភាព​ធូ​ធា​ជាង​នាង ប៉ុន្តែ​ដោយសារ​មិនសូវ​ចុះសម្រុង​គ្នា និង​មិនអាច​ផ្គាប់ចិត្ត​អនាគត​ម៉ែក្មេក​បាន​នាង​ក៏​សុំ​បែកផ្លូវ​គ្នា​ដោយ​សន្តិវិធី។

ទោះជា​បែបណា សានី​កា ប្រាប់ថា បើ​ពើបប្រទះ​ស្នេហា​លើក​ក្រោយ នាង​មិន​យក​បុរស​ណា​ដែលមាន​វ័យ​តិចជាង​នាង​នោះទេ។ នាង​អះអាងថា បើ​រើស​គូ​អនាគត​វ័យ​ចាស់ទុំ​បន្តិច គឺ​កាន់តែ​ប្រសើរ ព្រោះ​នាង​គិតថា ស្នេហា​វ័យ​ចំណាស់ គឺ​ចេះ​ថ្នាក់ថ្នម។ លើសពីនេះ បើទោះជា​ពោះម៉ាយ ក៏​នាង​មិន​ប្រកាន់​ដែរ សំខាន់​ឲ្យ​តែ​ពោះម៉ាយ​ពិត។

សានី​កា ជា​កូនទោល​នៅក្នុង​គ្រួសារ ដែលមាន​ស្រុកកំណើត​នៅ​ភូមិ ក្បាលហុង ឃុំ​ផ្ទះ​ព្រៃ ស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់។ នាង​រៀន​បាន​ត្រឹម​ថ្នាក់​ទី១០ ប៉ុណ្ណោះ ដោយសារ​ជីវភាព​ខ្វះខាត និង​ជា​កូន​តែមួយគត់​ក្នុង​គ្រួសារ នាង​ក៏​សម្រេចចិត្ត​ឈប់រៀន​ទាំង​សោកស្តាយ ដើម្បី​ងាកខ្លួន​មកជួយ​រកប្រាក់​ទ្រទ្រង់​ជីវភាព​គ្រួសារ ដែលមាន​ឪពុកម្តាយ​វ័យ​ចំណាស់​ទៅហើយនោះ៕



© រក្សាសិទ្ធិដោយ thmeythmey.com