ជាតិ
អត្ថបទ​គ្មាន​រូបភាព​បាត់​ព័ត៌មាន៥០ភាគរយ
30, Jan 2015 , 1:40 pm        
រូបភាព
ភ្នំពេញ៖ លោក តាំង ឈិ​នសុធី អ្នក​ថតរូប​ប្រចាំ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង A F P បាន​និយាយ​នៅក្នុង​សិក្ខាសាលា​បណ្តុះបណ្តាល​អ្នក​កាសែត​វ័យក្មេង​ស្តីពី​អភិបាលកិច្ច​ល្អ និង​ប្រឆាំង​អំពើពុករលួយ​ថា អត្ថបទ​កាសែត​ដែល​គ្មាន​រូបភាព បាត់បង់​ព័ត៌មាន​ប្រមាណ​ជា៥០ភាគរយ។ ម្យ៉ាងវិញទៀត លោក​បានលើកឡើង​ទៀតថា អ្នក​ថតរូប​ប្រឈម​នឹង​គ្រោះថ្នាក់​ដូច​អ្នកសារព័ត៌មាន​ដែរ។ 



នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​ជាង២០នាក់​មកពី​ស្ថាប័ន​ខុសគ្នា លោក តាំង ឈី​ន សុធី អ្នក​ថតរូប​ប្រចាំ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង A F P បាន​ផ្តោត​សារៈសំខាន់​យ៉ាងខ្លាំង​ទៅលើ​រូបភាព។ រូបភាព គឺជា​ព័ត៌មាន​បន្ថែម​ចាំបាច់​សម្រាប់​អត្ថបទ។ អ្នកជំនាញ​ថតរូប​នេះ​បាន​និយាយថា៖«អត្ថបទ​កាសែត​ដែល​គ្មាន​រូបភាព គឺ​បាត់បង់​ព័ត៌មាន៥០ភាគរយ។ អត្ថបទ​អត់​រូបភាព អ្នកអាន​មិនសូវ​ជឿជាក់»។

ស្ថិតក្នុង​អាជីព​ជិត២០ឆ្នាំ លោក តាំង ឈិ​នសុធី សន្យាថា លោក​មិន​បោះបង់ចោល​អាជីព​ដែល​លោក​កំពុង​ស្រឡាញ់​នោះឡើយ។ អាជីព​នេះ​អនុញ្ញាតអោយ​លោក​ពង្រីក​ចំណេះ​ដឹងបាន​ច្រើន។ លោក​ស្រឡាញ់​អាជីព​ថតរូប​មែន។ ប៉ុន្តែ​លោក​ក៏​ត្អូញត្អែ​បន្តិច​ដែរ​ថា អាជីព​នេះ ពេលខ្លះ ត្រូវបាន​មាក់ងាយ​ដោយ​បាតុករ និង​ដោយ​អាជ្ញាធរ។ លោក តាំង ឈិនសុធី កាលពី​ឆ្នាំ២០១៤កន្លងមក ត្រូវបាន​សមត្ថកិច្ច​គំរាម​វ៉ៃ ក្នុងពេលដែល​លោក​ព្យាយាម​ផ្តិត​រូបថត​ក្រុម​បាតុកម្ម៕


© រក្សាសិទ្ធិដោយ thmeythmey.com