ជាតិ
បទវិភាគ
ការគ្រប់គ្រង​មិនល្អ​នឹង​សម្លាប់​វិស័យ​ទេសចរណ៍​កម្ពុជា
05, Feb 2015 , 11:18 pm        
រូបភាព
ដោយ:
ក្នុង​គោលដៅ​លើកស្ទួយ​វិស័យ​ទេសចរណ៍ ប្រទេស​កម្ពុជា​បានទទួល​ធ្វើ​ម្ចាស់ផ្ទះ​សន្និសីទ​ពិភពលោក​រយៈពេល​បី​ថ្ងៃ​ក្នុង​ខេត្តសៀមរាប។ ក្នុង​សន្និសីទ​នោះ នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា​បាន​លើកសរសើរ​អំពី​ភាព​សម្បូរបែប​នៃ​បេតិកភណ្ឌ និង​សម្បត្តិ​ធម្មជាតិ ដែល​ជាស​កត្តា​នុព​ល​សម្រាប់​អភិវឌ្ឍ​វិស័យ​ទេសចរណ៍។ ប៉ុន្តែ ទោះ​ជាមាន​សក្តានុពល​យ៉ាងនេះ​ក៏ដោយ ក៏​ការគ្រប់គ្រង​មិនល្អ​វា​នឹង​សម្លាប់​វិស័យ​ទេសចរណ៍​ទៅវិញ​ទេ។



ក្នុង​ឆ្នាំ ២០១៤ កម្ពុជា​ទទួលបាន​ទេស​ចរ​បរទេស ៤,៥ លាន​នាក់​ដោយ​នាំ​ចំណូល​ប្រមាណ​ជា ៣០០០ លាន​ដុល្លារ។ នេះ​នៅ​មិនទាន់​រាប់​ទេសចរ​ក្នុងស្រុក​ចំនួន ៨ លាន​នាក់​ផ្សេង​ទៀតផង​ទេ។ កម្ពុជា​ក៏​រំពឹងថា ឆ្នាំ ២០១៥ នេះ​នឹង​ទទួលបាន​ភ្ញៀវទេសចរ​បរទេស៥លាន​នាក់។ ប្រាង្គ​ប្រាសាទ​អង្គរ និង​សម្បត្តិ​បេតិកភណ្ឌ​ផ្សេងទៀត​យ៉ាង​សម្បូរបែប រួមទាំង​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់ស្អាត និង​ស​ម្ប​តិ្ត​ធម្មជាតិ​ដ៏​ឆើតឆាយ សុទ្ធសឹង​ជា​សក្តានុពល​សម្រាប់​ទាក់ទាញ​ទ​សេចរ​ឲ្យ​មក​កម្សាន្ត។ ​វិស័យ​ទេសចរណ៍​ក៏​ជា​សរសរ​ស្តម្ភ​សេដ្ឋកិច្ច​ជាតិ​មួយ​ក្នុង​ចំណោម​សរសរស្តម្ភទាំង​៤ ( សំណង់ កាត់​ដេរ និង​កសិកម្ម​)​។

ប៉ុន្តែ អ្វីដែល​ជាការ​កត់សម្គាល់​នោះ​គឺ ការរីកលូតលាស់​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ហាក់​មានតែ​រូបភាព​លឿន​ជាង​ខ្លឹមសារ ពោលគឺ​នៅពេលដែល​ក្រសួងទេសចរណ៍​តែងតែ​ឃោសនា ស្តីពី​វឌ្ឍនភាព​នៃ​ឧស្សាហកម្ម​គ្មាន​ផ្សែង​ដ៏​សំខាន់​នេះ ការរៀបចំ ការគ្រប់គ្រង និង​ការបម្រើ​សេវាកម្មផ្សេងៗ ហាក់ដូចជា​នៅ​ឆ្ងាយ​ពី​ស្តង់ដារ​ទេសចរណ៍​យ៉ាងខ្លាំង​នៅឡើយ។ ជាក់ស្តែង ទី​រមណីយដ្ឋានសំខាន់ៗទាំង​តំបន់​ឆ្នេរសមុទ្រ ទាំង​រម្យ​ណី​យ​ដ្ឋា​ន​ល្បីឈ្មោះ​ផ្សេងទៀត​ដូចជា​ខេត្តសៀមរាប​ជាដើម សេវាកម្ម​ទេសចរណ៍​នៅតែមាន​ភាព​អត្តខាត់​យ៉ាងខ្លាំង​នៅឡើយ។

ទោះបីជា ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ក្នុង​ខេត្ត​ដូចជា​ផ្លូវថ្នល់ សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​ជាដើម​កំពុង​រីកដុះដាល​ព្រោងព្រាត​យ៉ាងណាក៏ដោយ ក៏​ការអភិវឌ្ឍ​ទាំងនោះ​មិនទាន់​អាចឆ្លើយតប​នឹង​កំណើន​ទេសចរណ៍​បាន​នៅឡើយ។ កំណើន​អ្នកទេសចរ​លឿន តែ​ការគ្រប់គ្រង​យឺត​ជា​ចរន្ត​ពីរ​ដែល​ដើរ​បញ្ច្រាសទិស​គ្នា។ ជាបឋម គួរ​កត់សម្គាល់ថា តំបន់ឆ្នេរ​សមុទ្រ​ហាក់ដូចជា​ខ្វះ​ឆ្នេរ​សម្រាប់​ឲ្យ​អ្នកទេសចរ​កម្សាន្ត។ ខ្វះ​ឆ្នេរ​មិនមែន មកពី​គ្មាន​ឆ្នេរ​ធម្មជាតិ​នោះទេ ប៉ុន្តែ គឺ​មកពី​ការគ្រប់គ្រង​មិនបាន​ល្អ​ច្រើនជាង។ ខណៈដែល​ឆ្នេរ​មួយចំនួន​ត្រូវបាន​គេ​ព័ទ្ធរបង​ទុកចោល និង​ឆ្នេរ​ខ្លះ​ត្រូវបាន​ក្រុមហ៊ុន​ឯកជន​ព័ទ្ធ​យក​សម្រាប់តែ​ភ្ញៀវ​អ្នកមាន ប្រជាពលរដ្ឋ​ធម្មតា​បាននាំគ្នា​ទៅ​ប្រមូលផ្តុំ​តែ​នៅ​ឆ្នេរ​អូរ​ឈើទាល​មួយ​ប៉ុណ្ណោះ។ បន្ថែម​ពីលើ​លក្ខណៈ​តូចចង្អៀត​នេះ ផ្ទៃ​ឆ្នេរ​មួយ​ភាគ​ធំ​បាន​ក្លាយជា​កន្លែង​លក់ដូរ​ដែល​រំខាន​យ៉ាងខ្លាំង​ដល់​ការដើរ​កម្សាន្ត​របស់​ភ្ញៀវទេសចរ។

មិនមែន​តែ​ក្រុងព្រះសីហនុ​មួយ​ទេ តែ​ខេត្តសៀមរាប​ក៏ដូចជា​ទី​រមណីយដ្ឋាន​ផ្សេងទៀត​ដែរ សេវាកម្ម​វិស័យ​ទេសចរណ៍​នៅតែ​បង្ក​ភាពអនាធិបតេយ្យ​គួរ​ឲ្យ​កត់សម្គាល់​នៅពេល​មាន​ភ្ញៀវទេសចរ​ច្រើន​ម្តង។ ក្រៅពី​ការរៀបចំ​មិនទាន់​សមស្រប សេវាកម្ម​ឡើងថ្លៃ និង​ខ្វះ​គុណភាព ក៏​ជា​បញ្ហា​ធំធេង​មួយទៀត។ អ្វី​ដែលជា​ទម្លាប់​មិនទាន់​កែប្រែ​នោះ​គឺ នៅពេល​ដែលមាន​ភ្ញៀវ​ច្រើន អ្នកបម្រើ​សេវាកម្ម​ទេស​ចរ​ក៏​នាំគ្នា​ដំឡើងថ្លៃ​ភ្លាម រាប់​តាំងពី​ថ្លៃ​បន្ទប់​ស្នាក់នៅ ថ្លៃ​ម្ហូបអាហារ និង​សេវាកម្ម​ធ្វើដំណើរ។ នៅពេលដែល​គ្រប់គ្នា​សម្លឹង​ឃើញតែ​ផលប្រយោជន៍​ដែល​ត្រូវ​ទាញ​ពី​ភ្ញៀវទេសចរ​តាមតែ​ទំនើងចិត្ត នោះ​ហើយ​ជាការ​សម្លាប់​វិស័យ​ទេសចរណ៍​ទៅវិញ​ទេ។

ដើម្បី​រៀបចំ​វិស័យ​ទេសចរណ៍​ឲ្យ​បានល្អ  វា​ចាំបាច់​ណាស់​ដែល​ត្រូវ​កែប្រែ​ផ្នត់គំនិត​របស់​មនុស្ស ទាំង​អាជ្ញាធរ ទាំង​អ្នកបម្រើ​សេវាកម្ម​ទេសច​រណ៍។ ជាទូទៅ​គឺ​បញ្ហា​ផលប្រយោជន៍​ដែល​ធ្វើ​ឲ្យ​ការរៀបចំ​តំបន់​ទេសចរណ៍​មិនបាន​សមស្រប​តាម​លក្ខ​ណៈ​បច្ចេកទេស។ នៅពេល​គ្រប់គ្នា​គិតតែ​ពី​រត់តាម​ផលប្រយោជន៍​ផ្ទាល់ខ្លួន ពួកគេ​នឹង​ទុក​ផលប្រយោជន៍​រួមមួយ​អន្លើ​សិន។ នៅ​កម្ពុជា ការ​រត់តាម​ផលប្រយោជន៍​ផ្ទាល់ខ្លួន​មិនមែន​មានតែ​ក្នុង​វិស័យ​ទេសចរណ៍​ទេ តែ​ក៏មានដែរ​ក្នុង​វិស័យផ្សេងៗទៀត ហើយ​វា​គឺជា​ស្នូល​នៃ​បញ្ហា​រាប់រយ​ជំពូក​ក្នុងសង្គម​កម្ពុជា​បច្ចុប្បន្ន។

ដូច្នេះ ការកែប្រែ​ផ្នត់គំនិត​មនុស្ស​ឲ្យ​ចេះ​គិត​ប្រយោជន៍​សង្គម​ច្រើនជាង​ប្រយោជន៍​បុគ្គល​គឺជា​បេសកកម្ម​ទី១ដែល​ត្រូវ​ចាប់ផ្តើម​ធ្វើជា​ចាំបាច់។ ផ្ទុយទៅវិញ ប្រសិនបើ​ស្ថានភាព​នេះ​នៅ​បន្ត វិស័យ​ទេសចរណ៍​កម្ពុជា ក៏ដូចជា​វិស័យ​ផ្សេងទៀត​ដែរ ប្រាកដជា​នឹង​គេច​មិន​ផុតពី​ភាពអនាធិបតេយ្យ​បែបនេះ​ឡើយ។ បច្ចុប្បន្ន កម្ពុជា​មានសម្បត្តិ​វប្បធម៌​ដ៏​សម្បូរបែប​ហើយ​រដ្ឋាភិបាល​ក៏មាន​គោលដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ​នេះដែរ។ នេះ​ជា​គោលដៅ​សមស្រប​មួយ។

ប៉ុន្តែ ដើម្បី​សម្រេច​គោលដៅ​នេះ​ទាល់តែ​កម្ពុជា​បង្កើន​ការគ្រប់គ្រង​សម្បត្តិ​វប្បធម៌​ទាំងឡាយ​ឲ្យ​បាន​ត្រឹមត្រូវ។ ការគ្រប់គ្រង​តំបន់ឆ្នេរ​ក៏​គួរពិនិត្យមើល​ឡើងវិញ ខណៈដែល​ធនធានធម្មជាតិ​ដូចជា​ព្រៃឈើ​ជាដើម​ដែល​ស្ទើរ​វិនាស​អស់​ទៅហើយនោះ​ក៏​ជា​កត្តា​ស្លា​ប់រស់​មួយ​ដែរ​សម្រាប់​វិស័យ​ទេសចរណ៍។ ប្រសិនបើ​សម្បត្តិ​វប្បធម៌ និង​សម្បត្តិ​ធម្មជាតិ​ដ៏​មានតម្លៃ​មហាសាល​ទាំងនោះ​មិនអាច​គ្រប់គ្រង​បានល្អ​ទេ វា​មិន​ខុស​អ្វី​ពី«មាន​មាស​ហើយ​ខ្វះ​ក្រដាស់​ខ្ចប់»នោះឡើយ៕





© រក្សាសិទ្ធិដោយ thmeythmey.com