ជាតិ
សង្គមជាតិ
សៀមរាប​មាន​ពេទ្យ​បង្អែក៤បម្រើសេវា​សុខាភិបាល​ដល់​ពលរដ្ឋ​ជាង១លាន​នាក់
12, Feb 2015 , 3:54 pm        
រូបភាព
សៀមរាប៖ គណៈកម្មការ​ទី៨ នៃ​រដ្ឋសភា បាន​កក់​សម្គាល់​ឃើញថា សេវា​សុខាភិបាល​នៅក្នុង​ខេត្តសៀមរាប មិនទាន់​ល្អប្រសើរ​នៅឡើយ។ ព្រោះថា ខេត្តសៀមរាប​ដែលមាន១១ស្រុក និង​ខណ្ឌ​ចំនួន១ មាន​មន្ទីរពេទ្យបង្អែក​ត្រឹម៤ប៉ុណ្ណោះ សម្រាប់​បម្រើសេវា​សុខាភិបាល​ដល់​ពលរដ្ឋ​ជាង១លាន​នាក់។



លោកស្រី កែ សុវណ្ណ​រតន៍ បាន​ឲ្យ​ដឹងថា វិស័យ​សុខាភិបាល​នៅ​ខេត្តសៀមរាប គឺ​នៅមាន​ភាពទន់ខ្សោយ​នៅឡើយ ដែល​ចាំបាច់​ត្រូវ​ពង្រឹង​បន្ថែម​ជា​ចាំបាច់។ ប្រធាន​គណៈកម្មការ​ទី៨នៃ​រដ្ឋសភា បាន​ប្រាប់​គេហទំព័រ​ព័ត៌មានថ្មីៗ នៅក្រោយ​បេសកកម្ម​រយៈពេល២ថ្ងៃ​នៅ​ខេត្តសៀមរាប​ថា មន្ទីរពេទ្យបង្អែក​នៅតាម​ស្រុក គឺ​សម្រាប់​ពន្យា​បាល​អ្នកជំងឺ​ឈឺ​ធ្ងន់ ដែល​ពុំមាន​លទ្ធភាព​ទៅ​ពេទ្យ​ខេត្ត ឫ​រាជធានី​បាន។

បើតាម​ការបញ្ជាក់​ពី​លោកស្រី កែ សុវណ្ណ​រតន៍ ពេទ្យ​បង្អែក​ខេត្តសៀមរាប មាន​ចំនួន៤ ទី១មន្ទីរពេទ្យបង្អែក​ស្រុក​សូទ្រនិគម ធានា​ឲ្យ​ស្រុក​ចំនួន៣ មានស្រុក​សូទ្រនិគម ស្រុក​ជីក្រែង និង​ស្រុក​ស្វាយ​លើ។ ទី២ មន្ទីរពេទ្យបង្អែក​ស្រុក​ក្រឡាញ់ ធានា​ឲ្យ​ស្រុក២ មានស្រុក​ក្រឡាញ់ និង​ស្រុក​ស្ត្រី​ស្នំ។ ទី៣ មន្ទីរពេទ្យ​ប្រតិបត្តិ​ស្រុក​អង្គរជុំ ធានា​ឲ្យ​ស្រុក២ មានស្រុក​អង្គរជុំ និង​ស្រុក​វារិ​ន្ទ និង​ទី៤ គឺ​មន្ទីរពេទ្យបង្អែក​ស្រុក​ពួក។

អ្វីដែល​ធ្វើ​ឲ្យ​លោកស្រី កែ សុវណ្ណ​រតន៍ ហាក់​មានការ​ភា្ញ​ក់​ផ្អើល​នោះ គឺថា ក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​សូទ្រនិគម ដែល​ធានា​ការព្យាបាល​ដល់​ស្រុក​ចំនួន៣នោះ មាន​វេជ្ជបណ្ឌិត៩រូប ពេទ្យ​មធ្យម៣៧ រូប ពេទ្យ​បឋម៣៥ រូប និង​ឆ្មប​ចំនួន៤ រូប។ ប្រធាន​គណៈកម្មការ​ទី៨ បាន​បន្តថា៖« ក្នុង​មន្ទីរពេទ្យបង្អែក​សូទ្រនិគម​ទាំងមូល មាន​គ្រែ​ដេក​តែ១០០គ្រែ សម្រាប់​ទទួល​ពលរដ្ឋ៣០ម៉ឺន​នាក់ (ពលរដ្ឋ​ទាំង៣ស្រុក)»។

ក្រៅពី​រកឃើញ​ចំណុច​ខ្វះខាត​មួយចំនួន​ជុំវិញ​វិស័យ​សុខាភិបាល​នៅក្នុង​ខេត្តសៀមរាប​ហើយ  គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា​ន ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី ហៅ​កាត់​ថា គណៈកម្មការ​ទី៨ នៃ​រដ្ឋសភា ក៏បាន​ពិភាក្សា​ពី​ការងារ​សង្គមកិច្ច បញ្ហា​ពលករ អ្នក​សំ​ទាន បញ្ហា​ស្ត្រី​និង​ការជួយ​ដូរ​ផ្លូវភេទ និង​បញ្ហា​សំរាម​នៅក្នុង​ស្រុក​ប្រាសាទបាគង ក៏មាន​លើក​និយាយ​ដែរ។

គួររំលឹកថា បេសកកម្ម​របស់​គណៈ​កម្ម​ការ​ទី៨ មាន​រយៈពេល៦ថ្ងៃ នៅ​ខេត្តបន្ទាយមានជ័យ និង​ខេត្តសៀមរាប បានបញ្ចប់​ហើយ។ គណៈកម្មការ​ទី៨ បានកំណត់​យក​ខេត្តបន្ទាយមានជ័យ ផ្តោត​សំខាន់​រឿង​ពលករ​ចំណាកស្រុក និង​ខេត្តសៀមរាប ផ្តោតលើ​សេវា​សុខាភិបាល៕




© រក្សាសិទ្ធិដោយ thmeythmey.com