ជាតិ
សង្គមជាតិ
លោក អា​ឡិច ប្រកាស​នៅ​កម្ពុជា​រហូត​អាជ្ញាធរ​ចាប់បញ្ជូន​ចេញ
16, Feb 2015 , 5:25 pm        
រូបភាព
ដោយ:

 
ប្រធាន​អង្គការ​ចលនា​មាតា​ធម្មជាតិ លោក អា​ឡិច ហ្គ​ន់​សា​ឡេស បាន​អះអាងថា រូបលោក​នឹងមិន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ដោយ​ខ្លួនឯង​នោះឡើយ ដោយ​រូបលោក​រង់ចាំ​ឲ្យ​អាជ្ញាធរ​ចាប់​ប​ញ្ជួ​ន​ខ្លួន​ចេញពី​កម្ពុជា​តែម្តង ។ បើតាម​ជនជាតិ​អេស្បាញ​រូបនេះ បើទោះជា​ខ្លួន​ត្រូវ​ចាក​ចេញពី​ប្រទេស​កម្ពុជា​ក៏ដោយ តែ​រូបលោក​នៅតែ​ចង់ឃើញ​ព្រៃឈើ​នៅ​តំបន់​អា​រ៉ែ​ង នៅតែ​គង់​វង់​ដដែល ។


មានសំឡេង



ដរាបណា​អាជ្ញាធរ មិន​ចាប់បញ្ជូន​ខ្លួន​ចេញពី​កម្ពុជា​ទេ លោក អា​ឡិច មិន​ចាកចេញ​ចេញពី​កម្ពុជា​ដោយ​ចិត្ត​ឯង​ជាដាច់ខាត។ នេះ​ជាការ​អះអាង​រប​ស់បុរ​សជន​ជាតិ​អេស្បាញ​លោក អា​ឡិច ហ្គ​ន់​សា​ឡេស ប្រធាន​អង្គការ​ចលនា​មាតា​ធម្មជាតិ។ ការប្តេជ្ញា​បែបនេះ ធ្វើឡើង​ក្រោយពី​រូបលោក​ត្រូវ​ប្រឈមមុខ នឹង​ការចាប់ខ្លួន​បណ្ដេញចេញ​ពី​ប្រទេស​កម្ពុ​ជាមុន​ថ្ងៃទី២០កុម្ភៈ បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង បានសម្រេច​ចិត្ត​មិន​បន្ត​ទិដ្ឋាការ​អោយ​លោក​រស់នៅ​កម្ពុជា​ទៀត។ គ្រាន់តែ​ឮដំណឹង​ថា អាជ្ញាធរ​កម្ពុជា គ្រោង​ចាប់​ប​ញ្ចូ​ន​ខ្លួន​ចេញពី​កម្ពុជា​នោះ លោក អា​ឡិច បាន​ផ្ទេរ​ការងារ​ជូន​ដល់​ក្រុមយុវជន​កម្ពុជា ដែល​ស្រលាញ់​ព្រៃឈើ​តំបន់​អា​រ៉ែ​ង​រួចរាល់​ហើយ ដើម្បី​ឲ្យ​ពួកគេ​ថែរក្សា​ព្រៃឈើ​នៅ​ទីនោះ​ឲ្យ​បាន​គង់​វង់ នៅពេលដែល​រូបលោក​ចាក​ចេញពី​ប្រទេស​កម្ពុជា។ នេះ​ជាការ​បញ្ជាក់ប្រាប់​សារព័ត៌មានថ្មីៗនៅ​រសៀល​នេះ​របស់លោក អា​ឡិច ។

ប្រធាន​ចលនា​មាតា​ធម្មជាតិ​រូបនេះ​បន្ថែមថា ៖« ខ្ញុំ​មិនទាន់​ចេញ​ភ្លាម​នៅពេលនេះ​ទេ លុះត្រាតែ​គេ​ចាប់បញ្ជូន​ខ្ញុំ​ចេញ​ប្រទេស​ទើប​ខ្ញុំ​ចាកចេញ ព្រោះ​ខ្ញុំ​រស់នៅ​ទីនេះ​យូរហើយ ខ្ញុំ​ក៏ដូចជា​ប្រជាជន​ខ្មែរ​ដទៃទៀត​ដែរ ដូចនេះ​ទាល់តែ​ចាប់បញ្ជូន​ខ្ញុំ​ទើបបាន​ខ្ញុំ​ចាកចេញ ។ ហើយ​ពេល​ខ្ញុំ​ចាក​ចេញពី​ទីនេះ ខ្ញុំ​សង្ឃឹមថា​ព្រៃឈើ​នៅ​តំបន់​អា​រ៉ែ​ង នៅតែ​មិន​បាត់បង់​ដដែល »។

បើតាម​ជនជាតិ​អេស្បាញ​រូបនេះ កន្លងមក​រូបលោក​ធ្លាប់​សុំ​អន្តរាគមន៍​ពី​ស្ថាន​កុងស៊ុល​ប្រទេស​អេស្បាញ ស្ថិតនៅក្នុង​ប្រទេស​ថៃ​ផងដែរ ប៉ុន្ដែ​អគ្គ​ស្ថាន​កុងស៊ុល ក៏​មិន​អាចជួយ​ដោះស្រាយ​បញ្ហា​នេះ​ជូន​រូបលោក​បានឡើយ។

កន្លងមក​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា  ការបន្ដ​ទិដ្ឋាការ ឬ មិន​បន្ដ​ទិដ្ឋាការ​ជូន​ជនបរទេស​ណាមួយ នោះ​គឺ​សិទ្ធិ​របស់​សាមី​ប្រទេស ក្នុងការ​សម្រេច​ទៅលើ​ជនបរទេស ដែល​មក​រស់នៅ​ប្រទេស​កម្ពុជា។ចំពោះ​ករណី លោក អា​ឡិច នេះ លោក ខៀវ សុភ័គ បាន​វាយតម្លៃ​សកម្មភាព​របស់លោក អា​ឡិច​កន្លងមក ដោយ​លោក​បាន​ផ្លែផ្កា​ដូច្នេះ​ថា «យើង​ឃើញថា​សកម្មភាព​ជនបរទេស​នេះ ស្រលាញ់​ខ្មែរ​ជាង​ប្រជាពលរដ្ឋ​ខ្មែរ​ទៀត។ ស្ដេច​ខ្មែរ​ច្រើនណាស់ ដែល​សុគត​ដោយសារ​ជនបរទេស»។

ទាក់ទង​នឹង​បញ្ហា​នេះ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​សមាគម​អាដហុក លោក នី ចរិយា យល់ឃើញថា ក្នុងករណី​ដែល​នាយកដ្ឋាន​អន្តោប្រវេសន៍  មិន​បន្ត​ទិដ្ឋាការ​ឲ្យ​ជនជាតិ​អេស្បាញ​នោះ គឺអាច​បណ្ដាលមកពីរ​ដ្ឋា​ភិ​បាល​កម្ពុជា មិន​ពេញចិត្ត​និង​សកម្មភាព​របស់លោក អា​ឡិច ដែល​តែងតែ​ចូលរួម​សកម្មភាព​នានា ក្នុងការ​ការពារ​តំបន់​អា​រ៉ែ​ង​កន្លងមក។ ហើយ​លោក​ថា ការមិន​ផ្ដល់​ទិដ្ឋាការ​ជូន​លោក អា​ឡិច​នេះ អាចជា​ការរើសអើង​ជាតិ​សាសន៍ ដែល​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ​ផងដែរ។

បើតាម​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​រូបនេះ ក្នុងករណី​រដ្ឋាភិបាល ក៏ដូចជា​នាយកដ្ឋាន​អន្តោប្រវេសន៍ មិនអាច​ផ្ដល់​ទិដ្ឋាការ​បន្ដ​ជូន​លោក អា​ឡិច លុះត្រាតែ​ជនបរទេស​រូបនេះ បាន​ប្រព្រឹត្ត​បទល្មើស​ដែល​បានចែង​នៅក្នុង​ច្បាប់​អន្តោប្រវេសន៍ ។

គួរ​ចាប់អារម្មណ៍​ដែរ​ថា កន្លងមក​អា​ឡិច ហ្គ​ន់​សា​ឡេស ធ្លាប់បាន​រង​ការ​គំរាម​ពី​សំណាក់ លោក ឈាង វុន សមាជិកសភា​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្លាប់បាន​គំរាម​បណ្ដេញ​ខ្លួន ចេញពី​ប្រទេស​កម្ពុជា ដោយ​កាលនោះ​លោក ឈាង វុន បាន​ចោទ​បុរស​ជនជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ថា បាន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​រដ្ឋាភិបាល​កម្ពុជា ៕



© រក្សាសិទ្ធិដោយ thmeythmey.com