ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ហេតុអ្វី​​គីម​ឈី របស់​កូរ៉េ​ខាងត្បូង​ក្លាយ​​ជា​​​សម្បត្តិ​​បេតិកភណ្ឌ​​អ​រូបិយ​​របស់​​ពិភពលោក ?
12, Mar 2015 , 9:38 am        
រូបភាព
នៅ​ឆ្នាំ២០១២ ការនាំចេញ​ជ្រក់​គីម​ឈី​របស់​កូរ៉េខាងត្បូង​មានតម្លៃ​ប្រមាណ១០០លាន​ដុល្លារ។ គីម​ឈី ជា​អាហារ​របស់​កូរ៉េ​ដ៏​ល្បី​ក្នុង​ពិភពលោក។ តើ​អាហារ​នេះ មាន​ប្រវត្តិ និង​មាន​អត្ថន័យ​សំខាន់​យ៉ាងណាខ្លះ​សម្រាប់​ប្រជាជាតិ​កូរ៉េ? អគ្គរដ្ឋទូត​កូរ៉េខាងត្បូង​ប្រចាំ​ប្រទេស​កម្ពុជា លោក គីម វុន ជីន (Kim Weon Jin) នឹង​រៀបរាប់​ពន្យល់​ពិស្តារ​នៅក្នុង​បទសម្ភាសន៍​មួយ​ដែល​លោក​បាន​ផ្តល់អោយ​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មានថ្មីៗ ដូចខាងក្រោម​នេះ ៖


លោក គី សុខ​លីម៖ និមិត្តសញ្ញា​របស់​កូរ៉េ​មួយ​ដែល​ល្បី​ទូទាំង​ពិភពលោក​នោះ បើ​និយាយ​អំពី​អាហារ គឺ គីម​ឈី។ លោក​អគ្គរដ្ឋទូត តើ​គីម​ឈី មាន​ប្រវត្តិ​យ៉ាងដូចម្តេច​ដែរ?

លោក Kim Weon Jin៖ យើង​អាច​និយាយបានថា គីម​ឈី​បានចាប់ផ្តើម​ឡើងជា​មួយ​ប្រវត្តិសាស្ត្រ​នៃ​ជនជាតិ​កូរ៉េ។ ដើម្បី​ដោះស្រាយ​បញ្ហា​បរិស្ថាន​ធម្មជាតិ​របស់​ប្រទេស​កូរ៉េ​ដែលមាន​រដូវ​បួន​ខុសគ្នា និង​មាន​រដូវរងា​រវែង និង​ដើម្បី​រក្សាទុក​បន្លែ​ដែលមាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​សំរាប់​បរិភោគ​នៅ​រដូវរងា​ទើប​គីម​ឈី​ត្រូវបាន​គេ​បង្កើតឡើង​ធ្វើជា​បន្លែ​សំរាប់​រក្សាទុក​អោយបាន​យូរ​ដោយ​ការ​ប្រលាក់​ជាមួយ​អំបិល។

លោក គី សុខ​លីម៖ តើ​គីម​ឈី​របស់​កូរ៉េ មាន​អត្ថន័យ​ជា​វប្បធម៌ និង​ទស្សនៈ​អ្វីខ្លះ ដែល​ធ្វើ​ឲ្យ​គីម​ឈី​ក្លាយជា​ម្ហូប​តំណាង​សាធារណៈរដ្ឋ​កូរ៉េ ?

លោក Kim Weon Jin៖ គីម​ឈី​គឺជា​ម្ហូប​ដែល​ជនជាតិ​កូរ៉េ​ចូលចិត្ត​ជាងគេ និង​ជា​ម្ហូប​តំណាងអោយ​អាហារ​កូរ៉េ។
មូលហេតុ​ទីមួយ​គឺ​ដោយសារតែ គីម​ឈី​បានបង្ហាញ​ពី​ទម្រង់​ល្អប្រសើរ​បំផុត​នៅក្នុង​ម្ហូបអាហារ​ដែល​ប្រកបដោយ​ស្មារតី​របស់ អឹម​យ៉ាង​អូ​ហេង (ធាតុ​ទាំង​ប្រាំ ទឹក ដី ភ្លើង ដែក ឈើ នៃ​Yin-Yang) ដែល​ជះ​ឥ​ទិ្ធ​ពល​ដ៏​ជ្រាលជ្រៅ​នៅក្នុង​ជីវភាព និង​ស្មារតី​របស់​ជនជាតិ​កូរ៉េ។ ទស្សនៈ​អឹម​យ៉ាង​អូ​ហេង គឺជា​ទស្សនៈវិស័យ​សក​ល​ដែល​បានមកពី​តុល្យភាព​ដ៏​ប្រសើរ​នៃ Yin (ធាតុ​មនុស្ស​ប្រុស) និង Yang (ធាតុ​មនុស្ស​ស្រី) ដែលមាន​ច​រិ​ក​លក្ខណៈ​ប្រឈម​គ្នា​ទៅវិញទៅមក​រវាង​បាតុភូត ឬ​វត្ថុ​ទាំងអស់​របស់​វា។ ដោយសារតែ​គីម​ឈី គឺជា​ម្ហូប​ដែលមាន​សមតុល្យ​គ្រប់គ្រាន់​រវាង​ពណ៌​ទាំង​ប្រាំ (ខៀវ ក្រហម លឿង ស ខ្មៅ) និង​រសជាតិ​ទាំង​ប្រាំ (ជូរ ល្វីង ប្រៃ ផ្អែម ហិ​រ) នៃ​មូលដ្ឋាន​ទស្សនៈ​អឹម​យ៉ាង​អូ​ហេង ទើប​ធ្វើអោយ​វា​ក្លាយជា​ម្ហូប​តំណាង​ដែល​បង្ហាញ​ពី​ទស្សនៈវិស័យ​សកល​នៃ​ជនជាតិ​កូរ៉េ។
មូលហេតុ​ទី​ពីរ​គឺថា ដោយសារ​គីម​ឈី​មាន​បង្កប់​សេចក្តីស្រលាញ់​នៃ​បុគ្គលិក​លក្ខណៈពិសេស​រប​ស់ជន​ជាតិ​កូរ៉េ។ ជនបរទេស​តែងតែ​និយាយ​អំពី «សេចក្តីស្រលាញ់» នៅ​រាល់​ពេលដែល​និយាយ​អំពី​ទឹកចិត្ត​ដ៏​ខ្លាំងក្លា​របស់​ជនជាតិ​កូរ៉េ។ គីម​ឈី​ត្រូវបាន​គេ​រៀបចំ​ដាក់​លើ​តុ​អាហារ​ប្រភេទផ្សេងៗគ្នា​ទៅតាម​មុខម្ហូប។ ការ​ទម្លាប់​ទទួលទាន​បែបនេះ វា​ជួយ​អោយ​មនុស្ស​អាច​ស្រូបយក​សារធាតុ​បំប៉ន​បាន​ច្រើន​មុខ ម្យ៉ាងទៀត​វា​បង្ហាញ​ពី​សេចក្តីស្រលាញ់​យកចិត្តទុកដាក់​ដែល​បង្កប់​នៅក្នុង​វប្បធម៌​ម្ហូបអាហារ​កូរ៉េ​ដែល​តំណាង​ដោយ​គីម​ឈី​នេះឯង។ លើសពីនេះ វប្បធម៌​គីម​ចាំង (ការធ្វើ​គីម​ឈី​សំរាប់​រដូវរងារ) ក៏​បង្ហាញ​អំពី​សេចក្តីស្រលាញ់ យកចិត្តទុកដាក់ យកអាសារ​គ្នា​រវាង​អ្នកជិតខាង​ផងដែរ។ ជាទូទៅ នៅ​មុនពេល​រដូវរងា​រ​មកដល់ ក្រុមគ្រួសារ​ទាំងអស់​តែងតែ​ធ្វើ​គីម​ឈី។ កំឡុង​ពេលនេះ ពួកគេ​តែងតែ​ជួយ​គ្នា​ទៅវិញទៅមក​រវាង​សហគមន៍​គ្រួសារ សាច់ញាតិ និង​អ្នកជិតខាង ដូច្នេះ​វា​បង្កើតបានជា​វប្បធម៌​សេចក្តីស្រលាញ់​ដែល​ចេះ​យកអាសារ​គ្នា។ តាមរយៈ​មូលហេតុ​ទាំងអស់នេះ ទើប​ធ្វើ​វប្បធម៌​គីម​ចាំង​ដែល​បង្កប់​នូវ​វប្បធម៌​សេចក្តីស្រលាញ់​សំរេចបាន​នូវ​សមិទ្ធផល​ដ៏​ធំ​អស្ចារ្យ​មួយ​គឺ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ (Intangible Cultural Heritage of Humanity) របស់​អង្គការ​យូនេស្កូ​នៅ​ខែធ្នូ ឆ្នាំ ២០១៣ ។

លោក គី សុខ​លីម៖ គីម​ឈី​ជា​ម្ហូប​តំណាង​ឲ្យ​ប្រទេស​កូរ៉េ។ ហើយ​ដោយសារតែ​ភាពល្បីល្បាញ​របស់​វា អ្នកជំនួញ​បាន​បង្កើត​រោងចក្រ​ផលិត វេច​ខ្ចប់​គីម​ឈី លក់​នៅក្នុង​ប្រទេស និង​នៅក្រៅ​ប្រទេស​ទៀតផង។ ខ្ញុំ​អាច​ស្រមៃ​ឃើញថា ចំនួន​រោងចក្រ​ផលិត​គីម​ឈី​នៅ​កូរ៉េ ច្បាស់​ជា​មិនតិច​ឡើយ មែន​ទេ​លោក​អគ្គរដ្ឋទូត?

លោក Kim Weon Jin៖ តាម​ផ្ទះនីមួយៗនៃ​ប្រជាជន​ខ្មែរ​ជា​រៀងរាល់ឆ្នាំ នៅ​ខែមករា​គេ​តែងតែ​ធ្វើ​ប្រហុក។ ដូចគ្នានេះដែរ ប្រជាជន​កូរ៉េ​ជា​រៀងរាល់ឆ្នាំ នៅ​ចន្លោះ​ខែតុលា​និង​ខែ​វិ​ចិ្ឆ​កា តាម​ផ្ទះនីមួយៗគេ​និយម​ធ្វើ​គីម​ចាំង (ការធ្វើ​គីម​ឈី​សំរាប់​រដូវរងារ) សំរាប់​ទទួលទាន​ពេញ​មួយឆ្នាំ ជាជាង​ការទិញ​មក​បរិភោគ។ ប៉ុន្តែ ចំពោះ​យុវវ័យ​ដែល​ពុំមាន​ពេលវេលា​គ្រប់គ្រាន់​សំរាប់ធ្វើ គេ​ច្រើន​ទិញ​គីម​ឈី​មក​បរិភោគ ហើយ​គីម​ឈី​ក៏​ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស​មួយចំនួន​ដូចជា អា​មេ​រិច ជប៉ុន ចិន ។ល។ ដូច្នេះ បើ​ប្រៀបធៀប​ទៅនឹង​អតីតកាល យើង​ឃើញថា​រោងចក្រ​គីម​ឈី​មានការ​កើនឡើង​ច្រើនជាង​មុន។ ទោះបីជា ខ្ញុំ​មិនដឹង​អំពី​ចំនួន​ពិតប្រាកដ​នៃ​រោងចក្រ​គីម​ឈី ប៉ុន្តែ​ខ្ញុំ​ដឹងថា នៅ​ឆ្នាំ ២០១២ ការនាំចេញ​គីម​ឈី​មាន​ចំនួន​ដល់​ទៅ ១០០លាន​ដុល្លារ។

លោក គី សុខ​លីម៖ ខ្ញុំ​ដឹងថា គីម​ឈី​កំពុងតែ​ចាប់ផ្តើម​មាន​ប្រជាប្រិយភាព​ទាក់ទាញ​ពលរដ្ឋ​ខ្មែរ។ តើ​លោក​អាច​ដឹង​ទេ ថា​តើ​ពលរដ្ឋ​ខ្មែរ​ក្នុង​មជ្ឈដ្ឋាន​ណា​ដែល​ចូលចិត្ត​គីម​ឈី ឬថា​មានឱកាស​ទទួលទាន​គីម​ឈី​ច្រើនជាងគេ?

លោក Kim Weon Jin៖ ក្នុងចំណោម​ប្រជាជន​ខ្មែរ អ្នក​ដែលមាន​ចំណាប់អារម្មណ៍​ចំពោះ​វប្បធម៌​កូរ៉េ  ភាគច្រើន​ពួកគេ​ចូលចិត្ត​ទទួលទាន​គីម​ឈី​នៅតាម​ភោជនីយដ្ឋាន​កូរ៉េ និង​កម្មវិធី​បុណ្យ​ម្ហូប​កូរ៉េ​ដែល​រៀបចំ​ដោយ​ស្ថានទូត។ ពួកគេ​មានឱកាស​ច្រើន​ក្នុងការ​ភ្លក់​រសជាតិ​គីម​ឈី។ ពិសេស​ជាងនេះទៅទៀត​នោះ​គឺថា ភាគច្រើន​នៃ​ប្រជាជន​ខ្មែរ នៅពេល​ភ្លក់​គីម​ឈី និង​ម្ហូប​កូរ៉េ​លើកដំបូង ពួកគេ​ហូប​បាន​ច្រើន​តែម្តង​ដោយ​ពុំមាន​អារម្មណ៍​ទើសទាល់​នោះទេ។ នេះ​ប្រហែលជា​មកពី​កម្ពុជា​ក៏មាន​ម្ហូប​ផ្អាប់​ទុក​យូរ​ដូច​កូរ៉េ​ដែរ ដូចជា​ប្រហុក​ជាដើម ដែលជា​ហេតុនាំអោយ​ប្រជាជន​ខ្មែរ​មិនមាន​អារម្មណ៍​ចម្លែក​ពេល​ទទួលទាន​គីម​ឈី។ ម្យ៉ាងទៀត ខ្ញុំ​គិតថា​គេ​អាច​ញៀន​នឹង​រសជាតិ​ហិ​រ​របស់​គីម​ឈី​ដែរ។ គីម​ឈី ត្រូវបាន​ចាត់​ចូល​ជា​អាហារ​សុខភាព​ក្នុងចំណោម​អាហារ​សុខភាព​ទាំង5មុខ លើ​ពិភពលោក ដែល​ចុះផ្សាយ​ដោយ​ទស្សនា​វ​ដ្តី​សុខភាព​អា​មេ​រិច​នៅ​ឆ្នាំ ២០០៦ ព្រមទាំង​ត្រូវបាន​ទទួលស្គាល់​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​ជីវ​វេជ្ជសាស្ត្រ(IBMP) នៅ​រុស្ស៊ី ថា​ជា​ប្រភេទ”អាហារ​សំរាប់​បរិភោគ​នៅលើ​លំហ​អាកាស(Space Food)” ដែល​សំបូរ​ដោយ​សារធាតុចិញ្ចឹម​អាច​បរិភោគបាន​នៅ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ។ ខ្ញុំ​គិតថា​នេះ​ប្រហែលជា​មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​ជាច្រើន​ដែល​ប្រជាជន​ខ្មែរ​ចូលចិត្ត​គីម​ឈី គឺ​ដោយសារតែ​វា​ជា​ប្រភេទ​អាហារ​សុខភាព​ដែល​ទទួលស្គាល់​ពី​គ្រប់ទិសទី​នៃ​ពិភពលោក។

លោក គី សុខ​លីម៖ បើ​និយាយ​អំពី​អាហារ​ល្បី​មួយ គេ​គួរតែ​ដឹង​អំពី​គ្រឿងផ្សំ​របស់​វា។ ដូច្នេះ ពេលនេះ​ខ្ញុំ​មិន​ជម្រាបសួរ​ឯកឧត្តម​អំ​ពី​កិច្ចការងារ​ការទូត​ទេ ប៉ុន្តែ​យើង​និយាយ​អំពី​គ្រឿងផ្សំ​ដើម្បី​ធ្វើ​គីម​ឈី។ សូម​អញ្ជើញលោក!

លោក Kim Weon Jin៖ គ្រឿងផ្សំ​ចម្បង​របស់​គីម​ឈី គឺ​ស្ពៃបូកគោ រឺ​ឆៃថាវ។ ប៉ុន្តែ​គេ​អាចធ្វើ​គីម​ឈី​បាន​ពី​គ្រប់​បន្លែ​ទាំងអស់។ ជាទូទៅ យើង​មាន​វិធី​ធ្វើ​គីម​ឈី​រួមមួយ ប៉ុន្តែ​រសជាតិ​គីម​ឈី​តាម​ផ្ទះនីមួយៗអាចខុសៗគ្នា ទៅតាម​គ្រឿងទេស និង​វិធី​ធ្វើពិសេសៗតាម​កេរដំណែល​នៃ​គ្រួសារ​របស់គេ។ ខ្ញុំ​សូម​រៀបរាប់​ពន្យល់​ប្រាប់​ដោយ​សង្ខេប​អំពី​របៀប​ធ្វើ​គីម​ឈី​ស្ពៃ​បូកគោ​ដែលជា​ប្រភេទ​គីម​ឈី ដែល​គេ​និយម​ចូលចិត្ត​ច្រើនជាងគេ។ ជាដំបូង ពុះ​ច្រៀក​ស្ពៃបូកគោ​ត្រង់​គល់​ចុះក្រោម​បន្តិច ហើយ​យកដៃ​ហែក​វា​ជា​ពីរ។ ស្រោច​ទឹកអំបិល​លើ​ស្ពៃ​បូកគោ បន្ទាប់មក​រោយ​អំបិល​ក្រួស​បន្តិច​តាម​ចន្លោះ​ស្រទាប់​គល់​ស្ពៃ រួច​ផ្អាប់​ទុក​វា​ចោល​អោយ​ស្រពាប់។ លាង​សម្អាត​ស្ពៃ ៣ដង អោយអស់​ជាតិ​អំបិល​បន្ទាប់មក​ស្រង់​ដាក់​កញ្ច្រែង​អោយ​ស្រស់ទឹក។ ចំពោះ​គ្រឿងទេស​វិញ មាន​ស្ពៃ​ខ្មៅ ស្លឹក​ខ្ទឹម ភ្លៅកង្កែប ត្រូវ​ហាន់តូចៗ ច្របល់​ជាមួយ​ផ្អកកំពឹស​ស្រស់ ទឹកត្រី​ម្យ​ល់​ឈី ស្ករស អំបិល ទៅតាម​ចំណង់​ចំណូលចិត្ត។ ក្រោយពី​ច្របល់​គ្រឿងទេស​រួច យក​វា​មក​លាប​តាម​ស្រទាប់​ធាង​ស្ពៃបូកគោ​អោយ​សព្វ បន្ទាប់មក​យក​ស្លឹក​ស្ពៃ​ដែល​នៅ​ខាងក្រោម​មក​គ្របពីលើ​ហើយ​ដាក់​ស្ពៃ​តម្រៀប​ក្នុង​ក្រឡ។ តម្រៀប​ស្ពៃ​ដាក់​ក្នុង​ក្រឡ​រួច ត្រូវ​សង្កត់ពីលើ​គីម​ឈី​អោយ​ណែន​ដើម្បី​កុំអោយ​ខ្យល់​ចូល។ ផ្អាប់​គីម​ឈី​ទុក​រហូតដល់​វា​ឡើង​ចូលជាតិ​ល្អ (ទុក​ក្នុង​ទូរ​ទឹកកក) ជាការ​ស្រេច៕







© រក្សាសិទ្ធិដោយ thmeythmey.com