ជាតិ
ពីនេះ ពីនោះ
រៀបចំ​កិច្ចប្រជុំ​ដោយ​របៀប​ណា ទើប​មាន​ប្រសិទ្ធភាព?
25, Feb 2015 , 7:55 am        
រូបភាព
ដោយ: ថ្មីៗ
 ទាំង​សមាជិក ទាំង​ប្រធាន ភាគច្រើន​តែងតែ​និយាយថា៖ «ពេល​អង្គុយ​ប្រជុំ​មួយ​ព្រឹក ឬ​ពេញ​មួយថ្ងៃ​មិនដឹងថា​ខ្លួន​ទទួលបាន​លិទ្ធ​ផល​អ្វីខ្លះ ឬ​សម្រេចបាន​លិទ្ធ​ផល​អ្វីខ្លះ​នោះទេ»។ ហេតុអ្វី​បាន​មនុស្ស​ភាគច្រើន​តែងតែ​និយាយថា ពេល​ប្រជុំ ឬ​ជជែក​ពិភាក្សា​ជាមួយគ្នា​មិនមាន​ប្រសិទ្ធភាព​សោះ? តើ​គួរ​ធ្វើ​បែបណា​ទើប​ក្រុមការងារ​មួយ​ប្រជុំ​ជាមួយគ្នា​មាន​ប្រសិទ្ធភាព​ខ្ពស់?



១. របៀបវារៈ៖ មុន​នឹងមាន​កិច្ចប្រជុំ​ត្រូវ​កំណត់​របៀបវារៈ​ឲ្យ​ច្បាស់លាស់ យ៉ាងហោចណាស់​ត្រូវ​ដឹងថា​របៀបវារៈ​ទី១ និយាយ​ពីអ្វី និង​ទី២ និយាយ​ពីអ្វី​ខ្លះ។ ការកំណត់​របៀបវារៈ​គួរតែ​ស្នើសុំ​ពី​សមាជិកម្នាក់ៗ ថា​តើ​សមាជិក​ណា​ចង់​ប្រជុំ ឬ​ចង់​ជជែក​ពិភាក្សា​រលើ​ប្រធានបទ​អ្វី ហើយ​មុន​ថ្ងៃ​ប្រជុំ​មួយថ្ងៃ ឬ​ពីរ​ថ្ងៃ ត្រូវតែ​ផ្ញើ​របៀបវារៈ​ប្រជុំ​នោះ​ឲ្យ​សមាជិកម្នាក់ៗបានដឹង​ជាមុន។

២. អ្នកសម្របសម្រួល៖ អ្នកសម្របសម្រួល​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​កិច្ចប្រជុំ ព្រោះ​ត្រូវ​សម្របសម្រួល​សមាជិក​ទាំ​ង​អស់​ឲ្យ​បញ្ចេញ​គំនិត​យោបល់ លើក​ពី​បញ្ហា និង​ដំ​ដោះស្រាយម្តងម្នាក់ៗ ដោយ​មិន​អនុញ្ញាត​ឲ្យ​សមាជិក​ណា​ម្នាក់​និយាយ​កាត់​គ្នា និយាយ​បែប​វាយប្រហារ និង​និយាយ​ទម្លាក់កំហុស​ដាក់គ្នា​ជាដើម។ បន្ទាប់មក​ត្រូវ​ប្រមូល​គំនិត​យោបល់​ទាំង​នោះមក​បញ្ចូល​គ្នា និង​បន្ទាប់ពី​បិទ​កិច្ចប្រជុំ​អ្នកសម្របសម្រួល​ត្រូវ​រម្លឹក​ខ្លឹមសារ​ឬ​លិទ្ធ​ផល​ប្រជុំ​ដោយ​សង្ខេប ដើម្បី​ឲ្យ​សមាជិក​ទាំងអស់​បានដឹង និង​យល់​កាន់តែច្បាស់​ម្តងទៀត។

៣. អ្នក​កត់ត្រា៖ បន្ទាប់ពី​អ្នកសម្របសម្រួល​កំពុង​ធ្វើការ​សម្របសម្រួល​ក្នុង​កិច្ចប្រជុំ អ្នក​កត់ត្រា​ត្រូវតែ​យកចិត្តទុកដាក់​ស្តាប់ និង​ធ្វើការ​កត់ត្រា​ដោយ​សង្ខេប​នូវ​ចំណុច​ណា​ដែលសំខាន់ៗ ប្រសិនបើ​ស្តាប់​មិនទាន់ ឬ​មិនទាន់​យល់ច្បាស់​ថា​គេ​ចង់​និយាយ​ពីអ្វី អ្នក​កត់ត្រា​ត្រូវតែ​សួរ​បញ្ជាក់ ឬ​ឲ្យ​គេ​និយាយ​ម្តងទៀត ដើម្បី​ចៀសវាង​នូវ​ការយល់ច្រឡំ។ បន្ទាប់ពី​ចប់​កិច្ចប្រជុំ​អ្នក​កត់ត្រា​ត្រូវធ្វើ​កំណត់ត្រា ឬ​ធ្វើ​របាយការណ៍​នៃ​កិច្ចប្រជុំ​នោះ​ផ្ញើ​ឲ្យ​សមាជិក​ទាំង ជាពិសេស ដើម្បី​ឲ្យ​សមាជិក​ណា​ដែល​មិនបាន​ចូលរួម​ប្រជុំ បានដឹង​ពី​លិទ្ធ​ផល​ក្នុង​កិច្ចប្រជុំ​នោះ​ផងដែរ។

៤. សមាជិក៖ សមាជិក​ត្រូវតែ​ដឹងថា​ក្នុង​កិច្ចប្រជុំ​លើក​នេះ មាន​របៀបវារៈ​អ្វីខ្លះ ហើយ​ពេល​ប្រជុំ​សមាជិកម្នាក់ៗត្រូវតែ​បញ្ចេញ​គំនិត​យោបល់ លើក​ពី​បញ្ហា និង​ដំណោះស្រាយ​ដែល​ពួកគេ​មាន។ ជាពិសេស​សមាជិកម្នាក់ៗត្រូវ​ចេះ​ឲ្យ​តម្លៃ​គ្នា ដោយ​មិនត្រូវ​និយាយ​កាត់​គ្នា និង​និយាយ​បែប​វាយប្រហារ ឬ​ទម្លាក់កំហុស​ដាក់គ្នា​ទៅវិញទៅមក​នោះទេ៕


© រក្សាសិទ្ធិដោយ thmeythmey.com