ជាតិ
សេដ្ឋកិច្ច
គម្រោងអភិវឌ្ឍន៍ចំណតផែពហុបំណងក្រុងព្រះសីហនុចំណាយប្រាក់ជាង៧៤លានដុល្លារ
× ជប៉ុនផ្ដល់ប្រាក់កម្ចីជាង ៧៤ លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែពហុបំណង នៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីប្រតិបត្តិការលើកដាក់ទំនិញរាយ និងទំនិញទូទៅ និងការសាងសង់មូលដ្ឋានផ្គត់ផ្គង់ការរុករករ៉ែក្នុងដែនសមុទ្រ។
នាយករងនៃនាយកដ្ឋានបច្ចេកទេសសំភារៈសំណង់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ លោក ទី សុគុណ បញ្ជាក់ថា គោលបំណងក្នុងការបង្កើតចំណតផែពហុបំណងបន្ថែមនេះ គឺដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ចក្នុងការនាំចេញផលិតផលកសិកម្ម ជាពិសេសឆ្លើយតបនឹងការពង្រីកយុទ្ធសាស្ត្រនាំអង្ករចេញរបស់រដ្ឋាភិបាលកម្ពុជា និងការរុករកប្រេងក្នុងសមុទ្រ។
បើតាមលោក ទី សុគុណ ចំណូលអាជីវកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅក្នុងឆ្នាំ២០១៤មានចំនួន ៤២.៥៣៨.៩៨៨លានដុល្លារ កើនឡើង១៣ភាគរយ បើធៀប ៣៦.៧៣៣.៣០៨ លានដុល្លារ។ ចំណែកបរិមាណទំនិញសរុបក្នុងឆ្នាំ២០១៤ មានចំនួន៣.៤២៣.៩១៩តោន កើនឡើងជាង៣០ម៉ឺនតោន បើធៀបនឹងឆ្នាំ២០១៣ មានចំនួនជាង៣លានតោន។
នាយករងនៃនាយកដ្ឋានបច្ចេកទេសរូបនេះបញ្ជាក់ថា៖ « សមិទ្ធិផលទាំងនេះ គឺដោយសាររដ្ឋាភិបាលជប៉ុនបានផ្ដល់ប្រាក់កម្ចីសម្បទាន ការផ្ដល់ជំនួយឥតសំណង សម្រាប់អភិវឌ្ឃន៍កំពង់ផែក្រុងព្រះសីហនុនេះ ឲ្យមានគុណភាពល្អ ប្រែក្លាយជាកំពង់ផែអន្តរជាតិ»។
ចាប់តាំងពីឆ្នាំ១៩៩៩មក ជប៉ុនបានផ្ដល់ប្រាក់កម្ចីដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ ជាង១៧៨លានដុល្លារ សម្រាប់ការអភិវឌ្ឍន៍គម្រោងនានាក្នុងកំពង់ផែនេះ។ គួរបញ្ជាក់ថា ប្រទេសជប៉ុនបានចូលរួមស្ដារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩១មក។ ជប៉ុនបានកំណត់គោលការណ៍ផ្ដល់ជំនួយដល់ប្រទេសកម្ពុជា ក្នុងវិស័យអទិភាពចំនួន៣ក្នុងនោះរួមមាន ការពង្រឹងមូលដ្ឋានសម្រាប់សកម្មភាពសេដ្ឋកិច្ច ការលើកកម្ពស់ការអភិវឌ្ឍន៍សង្គម និងការពង្រឹងអភិបាលកិច្ចល្អ៕
© រក្សាសិទ្ធិដោយ thmeythmey.com