ជាតិ
សង្គមជាតិ
អ្នកភូមិ​ព្រះ​ដាក់​ធ្វើ​កន្ត្រងប្រហុក​យក្ស​ត្រៀម​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត
01, Mar 2015 , 8:26 am        
រូបភាព
កន្រ្តងប្រហុក ដែលអ្នកភូមិព្រះដាក់ កំពុងរៀបចំធ្វើកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ ។
កន្រ្តងប្រហុក ដែលអ្នកភូមិព្រះដាក់ កំពុងរៀបចំធ្វើកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ ។
សៀមរាប៖ កន្ត្រងប្រហុក​យក្ស ដែលមាន​ទំហំ​ធំ​មិន​ធ្លាប់មាន​ពីមុនមក នឹង​បង្ហាញ​វត្តមាន​ដល់​ភ្ញៀវទេសចរ ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ២០១៥ នៅក្នុង​ខេត្តសៀមរាប។



កន្ត្រងប្រហុក​យក្ស ធ្វើឡើង​ពី​ឫស្សី មាន​ទំហំ ១,៨៥ម៉ែត្រ កម្ពស់ ១,៤០ ម៉ែត្រ និង​ប្រវែង៥ម៉ែត្រ បានរៀបចំ​រួចរាល់​ហើយ។ កន្ត្រងប្រហុក​ដ៏​ធំ​មិន​ធ្លាប់មាន​នេះ ធ្វើឡើង​ដើម្បី​បង្ហាញ​ពី​ស្នាដៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​ស្នាដៃ​អ្នកភូមិ​អង្គរ គឺ​ភូមិ​ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប។

ដើម្បី​ចង់បាន​ជា​ភូមិ​គំរូ​ទៅ​ថ្ងៃ​អនាគត អ្នកភូមិ​ព្រះ​ដាក់ បានសម្រេច​នូវ​សមិទ្ធិផល​ដ៏​ធំ ដែល​ពួកគេ​មិន​ធ្លាប់ធ្វើ​ពីមុនមក នោះ​គឺ​ការច្នៃ​របស់​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ពួកគេ មាន​កន្ត្រងប្រហុក​ជាដើម ទៅជា​របស់ធំៗ ដែលមាន​ទំហំ ម៉ែត្រៗ ។ កន្ត្រងប្រហុក មួយ​ក្នុងចំណោម​វត្ថុ​ប្រើប្រាស់​មួយចំនួនទៀត សម្រាប់​យកទៅ​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នាពេលខាងមុខ​នេះ។

ពលរដ្ឋ និង​ក្រុម​ជាង បាន​ឲ្យ​ដឹងថា ពួកគេ​បាន​ប្រើពេល​ប្រមាណ១សប្តាហ៍ ដើម្បី​ធ្វើ​កន្ត្រងប្រហុក​យក្ស​នេះ។ ប្រសិនបើ​ប្រជាពលរដ្ឋ ឫ​ភ្ញៀវទេសចរ​ទាំងអស់ បានឃើញ​កន្ត្រងប្រហុក​យក្ស អាច​ទៅ​ទស្សនា​បាន​នៅ​បរិវេណ​ប្រាសាទបាយ័ន ចាប់ពី​ថ្ងៃទី១៤ ដល់​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥ ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​លើក​ទី៣ ឆ្នាំ២០១៥ ៕


© រក្សាសិទ្ធិដោយ thmeythmey.com