ជាតិ
«យុវជន​ដើម្បី​វប្បធម៌​ជាតិ» ជា​ប្រធានបទ​នៃ​ទិវា​វប្បធម៌​ជាតិ៣មិនា
02, Mar 2015 , 5:35 pm        
រូបភាព

 
រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សារាចរ​ណែនាំ​ស្តីពី​ការរៀបចំ​ទិវា​វប្បធម៌៣មិនា លើក​ទី១៧ឆ្នាំ២០១។ទិវា​វប្បធម៌៣មិនា​គឺជា​ទិវា​ដ៏​សំខាន់​របស់​ជាតិ ដែល​កម្ពុជា​តែង​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង​រំលឹក​ដល់​គុ​ណុ​បការៈ​និង​ស្នាដៃ​ដ៏​ធំធេង​នៃ​បុព្វបុរស​យើង​ដែល​បាន​បន្សល់ទុក​នូវ​មរតក​វប្បធម៌​ដ៏​សម្បូរបែប​សម្រាប់​អ្នកជំនាន់ក្រោយ និង​ជា​ទិវា​បង្កើន​នូវ​សេចក្តីស្រឡាញ់ ព្រមទាំង​ស្មារតី​ចូលរួម​ថែរក្សា​ការពារ​សម្បត្តិ ទាំង​រូបី  និង​អរូបី ឲ្យ​ស្ថិតស្ថេរ​គង់វង្ស។



សារាចរ​ដែល​ចុះហត្ថលេខា​ដោយ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន បានកំណត់​យក«យុវជន​ដើម្បី​វប្បធម៌​ជាតិ» គឺជា​ប្រធានបទ​នៅក្នុង​ទិវា​វប្បធម៌​ជាតិ៣មិនា​នៅ​ឆ្នាំនេះ​ដើម្បី​ឲ្យ​មហាជន​ជាពិសេស​យុវជន​ដឹងគុណ ដឹងគុណ​ចំពោះ​បុព្វការី​ជន​ដែល​បាន​ខិតខំ​ប្រឹងប្រែង​កសាង​សម្បត្តិ​វប្បធម៌​ដ៏​សម្បូរបែប​សម្រាប់​ជាតិ​ឲ្យ​អ្នក​ជំនាន់​យល់ដឹង​កាន់តែច្បាស់​ពី​តម្លៃពិត​នៃ​វប្បធម៌​ស្រឡាញ់​វប្បធម៌​ជាតិ​កាន់តែខ្លាំង​ចេះ​ប្រើប្រាស់​សក្តានុពល​វប្បធម៌​ធ្វើជា​មូល​ដ្ឋា​ល​គ្រិះ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​តាមរយៈ​ការបង្កើត​សេវាកម្ម និង​ផលិតផល​វប្បធម៌​សម្រាប់​គោលដៅ​ពាណិជ្ជកម្ម និង​ទេសចរណ៍​ព្រមទាំង​ជំរុញ​ឲ្យ​យុវជន​ចូលរួម​ឲ្យ​កាន់​សកម្ម​ក្នុងការ​ថែរក្សា​ការពារ​អភិរក្ស​និង​អភិវឌ្ឍន៍ លើកស្ទួយ​វប្បធម៌​ចម្រុះ​ឲ្យ​ទទួលបាន​វឌ្ឍនភាព​ប្រកបដោយ​និរន្តរ​ភាពមិន​ប្រកាន់​និន្នាការ​និង​ការរើសអើង។

សារាចរ​ដដែល​ក៏បាន​ណែនាំ​ឲ្យ​ក្រសួង ស្ថាប័ន​អាជ្ញាធរ​ដែនដី​សហគ្រាស​រដ្ឋ​និង​ឯកជន ព្រមទាំង​លំនៅដ្ឋាន​ទាំងអស់​ត្រូវ​លើក​ទង់ជាតិ​និង​ទង់ជ្វាលា​ចង​បដា​ពាក្យស្លោក​និង​បិទ​បណ្ណ​ប្រកាស​នៅតាម​ដងផ្លូវ និង​ទីលាន​សាធារណៈ​ចាប់ពី​ថ្ងៃទី១ដល់​ថ្ងៃទី៧មិនា​ឆ្នាំ២០១៥ផងដែរ។

ជាមួយគ្នានេះ​ក្រសួង និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ត្រូវ​រៀបចំ​និង​ផ្សព្វផ្សាយ​ពី​ខ្លឹមសារ​នៃ​ទិវា​វប្បធម៌​ជាតិ៣មិនា​ឲ្យ​បាន​ទូលំទូលាយ​ដល់​សាធារណៈជន៕



© រក្សាសិទ្ធិដោយ thmeythmey.com