ជាតិ
បទវិភាគ
យុទ្ធសាស្ត្រនយោបាយចាស់ មិនអាចទាក់ទាញអ្នកបោះឆ្នោតបានទៀតឡើយ!
×
ភ្នំពេញ៖ អស់រយៈពេលជាច្រើនអាណត្តិមកហើយ ពោល គឺពីអាណត្តិទី១ដល់អាណត្តិទី៤ គំនិតអ្នកបោះឆ្នោតមានការប្រែប្រួលតិចតួច។ តែសម្រាប់អាណត្តិទី៥កន្លងមក អ្នកបោះឆ្នោតចាប់ផ្តើមចេះដាក់សម្ពាធលើអ្នកនយោបាយរបស់ខ្លួនហើយ។ ហើយនៅអាណត្តិទី៦ខាងមុខនេះ ប្រសិនបើអ្នកនយោបាយនៅតែប្រើប្រាស់យុទ្ធសាស្ត្រចាស់ដដែលៗ ពួកគេអាចនឹងបាត់បង់ប្រជាប្រិយភាពកាន់តែខ្លាំងឡើង។
ក្នុងអំឡុងអាណត្តិទី១ដល់អាណត្តិទី៤(១៩៩៣-២០១៣) គណបក្សនយោបាយស្ទើរតែទាំងអស់មិនសូវសស្រាក់សស្រាំចុះមូលដ្ឋានតាំងពីដើមអាណត្តិទេ។ ពួកគេរង់ចាំនៅសល់តែ៦ខែ មុនការបោះឆ្នោត ទើបសកម្មភាពអភិវឌ្បន៍ភូមិឃុំ ចុះចែកអំណោយ ចុះសួរសុខទុក្ខ ចុះអង្អែលខ្នងអ្នកក្រីក្រចាប់ផ្តើមឡើង។
ពី១៩៩៣ដល់ឆ្នាំ២០១៣ ប្រជាពលរដ្ឋអ្នកគាំទ្រនយោបាយជឿលើសម្តីអ្នកនយោបាយច្រើនជាងទង្វើ ហើយពួកគេមិនសូវបានស្រាវជ្រាវទង្វើរបស់អ្នកនយោបាយពិតប្រាកដនោះទេ។ ដោយសារតែអ្នកនយោបាយយល់ឃើញដូច្នោះហើយ ទើបពួកគេមិនសូវធ្វើអ្វីទាំងអស់ក្រោយការបោះឆ្នោតភ្លាម ដោយរង់ចាំសល់តែ៦ខែមុនការបោះឆ្នោត អ្នកនយោបាយបានសម្រេចចិត្តចុះទៅមូលដ្ឋានធ្វើល្អបន្តិចបន្តួចជាមួយប្រជាពលរដ្ឋដើម្បីទទួលបានការគាំទ្រ។
អ្នកនយោបាយខ្លះថែមទាំងនិយាយបែបអំនួតថា៖«ដើម្បីទទួលបានការគាំទ្រ វាជាការងាយស្រួលទេ ពោលគឺអោយតែចេះអង្អែលខ្នងប្រជាពលរដ្ឋទៅ ពួកគេនឹងគាំទ្រហើយ។ ឬម្យ៉ាងទៀត អោយតែចេះសន្យាទៅជាការរួចរាល់ហើយ»។ គំនិតនេះអាចត្រឹមត្រូវមួយផ្នែកកាលពីអតីតកាលដែលការយល់ដឹងរបស់ពលរដ្ឋខ្មែរនៅមានកម្រិត។ ប៉ុន្តែការបោះឆ្នោតឆ្នាំ២០១៣-២០១៨ កន្លងមកនេះ បានបង្ហាញអោយឃើញច្បាស់ថា ការសន្យាខ្យល់ ពាក្យប្រជាភិថុតិ ទង្វើអង្អែលខ្នង អំណោយបន្តិចបន្តួច ការលួងលោមបោកប្រាស់ចិត្តមិនសូវមានឥទ្ធិលពលទៅលើអ្នកបោះឆ្នោតទៀតឡើយ។
ចុះនៅឆ្នាំ២០១៧ និង២០១៨ខាងមុខនេះ អ្នកគាំទ្រត្រូវការអ្វីពីអ្នកនយោបាយ?
ការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខនេះ គឺជាការបោះឆ្នោតមួយដែលទាមទារអោយអ្នកនយោបាយធ្វើច្រើនជាងនិយាយ និយាយពិតច្រើនជាងភូតកុហក បង្ហាញសកម្មភាពច្រើនជាងទ្រឹស្តី។ និយាយអោយខ្លី មានន័យថា អ្នកបោះឆ្នោតលែងត្រូវការទៀតហើយអំណោយកំប៉ិកកំប៉ុក(សារ៉ុង ប្រេងក្រឡា អង្ករ ត្រីអាំង ទឹកត្រី ប្រាក់២ម៉ឺនរៀល)។ ការសន្យាខ្សល់ នយោបាយប្រជាភិថុតិ លែងអាចប្រើប្រាស់ដើម្បីបោកប្រាស់អារម្មណ៍ប្រជាពលរដ្ឋបានទៀតហើយ។
អ្វីដែលអ្នកនយោបាយត្រូវធ្វើដើម្បីទាក់ទាញអារម្មណ៍អ្នកគាំទ្រ ជារួមមាន៖ ការដំឡើងប្រាក់ខែអោយអាចរស់បានសមរម្យ បង្កើតការងារបន្ថែម លុបបំបាត់អយុត្តិធម៌សង្គម (អ្នកមាន អ្នកធំមិនត្រូវឈ្នះអ្នកក្ររហូតនោះទេ) លុបបំបាត់អំពើពុករលួយ កាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នកក្រ លុបបំបាត់គំនិតបក្សពួកនិយម បែងចែកផលពីធនធានធម្មជាតិរបស់រដ្ឋអោយស្មើភាព បើកចំហរសេរីភាពបន្ថែមទៀតជូនពលរដ្ឋគ្រប់គ្នា។
សូមបញ្ជាក់ថា តម្រូវការចាំបាច់របស់មនុស្សមានបីយ៉ាងសំខាន់។ ទី១ ដោះស្រាយបញ្ហាក្រពះ។ ទី២ ដោះស្រាយបញ្ហាអយុត្តិធម៌ និងទី៣ សេរីភាព។ ប្រសិនបើគណបក្សនយោបាយណាមួយ អាចដោះស្រាយបញ្ហាបីយ៉ាងនេះបាន ពេលនោះ ពួកគេនឹងទទួលបានការគាំទ្រជាក់ជាពុំខាន៕
© រក្សាសិទ្ធិដោយ thmeythmey.com