ជាតិ
បទវិភាគ
តើ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​រួម​ចុងឆ្នាំ២០១៥ គឺជា​ការគំរាមកំហែង​ក្រុមហ៊ុន​ខ្មែរ​មែន​ឬទេ?
23, Mar 2015 , 8:19 pm        
រូបភាព
 
ភ្នំពេញ៖សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​រួម​នឹង​ចាប់ផ្តើម​ដាក់អោយ​ដំណើរការ​នៅ​ចុងឆ្នាំ២០១៥ខាងមុខនេះ។សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​មាន​គោលដៅ​ធ្វើអោយ​អាស៊ាន​ក្លាយជា​ទីផ្សារ​និង​មូលដ្ឋាន​ផលិតកម្ម​រួមគ្នា​តែមួយ​ដើម្បី​ជំរុញ​តំបន់​នេះ​អោយមាន​លក្ខណៈ​ប្រកួតប្រជែង និង​មាន​សន្ទុះ​សេដ្ឋកិច្ច​ខ្លាំង​ជាង​មុន។សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ផ្តល់ឱកាស​ច្រើន​គួរសម។ ប៉ុន្តែ​កម្ពុជា​មិនទាន់​អាច​ទាញ​ប្រយោជន៍​បាន​ច្រើន​ទេ។អ្វីដែល​កម្ពុជា​ប្រឈម គឺ​ក្រុមហ៊ុន​បរទេស​មួយចំនួន​ធំ​នឹង​មក​ដណ្តើម​ទីផ្សារ​នៅក្នុង​ប្រទេស​កម្ពុជា និង​ម្យ៉ាងទៀត កម្លាំង​ពលកម្ម​ខ្មែរ​អាច​នឹងរ​ត់ទៅ​ធ្វើកា​រ​អោយ​ក្រុមហ៊ុន​បរទេស​ជាជាង​ធ្វើ​ការអោយ​ក្រុមហ៊ុន​ខ្មែរ។


មានសំឡេង



សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ឬ​ហៅ​កាត់​ថា អាស៊ាន​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ១៩៦៧នៅក្នុង​ប្រទេស​ថៃ។សមាជិក​ចាស់​របស់​អា​ស៊ាន​មាន៦ប្រទេស​ក្នុងនោះ​មាន៖ ប្រទេស​ថៃ ប្រ៊ុយណេ​ឥណ្ឌូនេស៊ី សិង្ហ​បុរី ម៉ាឡេស៊ី​និង​ហ្វីលីពីន។រីឯ​សមាជិក​ថ្មី៤ទៀត​មានដូចជា ប្រទេស​វៀតណាម ឡាវ​ភូមា​និង​ប្រទេស​កម្ពុជា។កម្ពុជា​គឺជា​កូនពៅ​របស់​អាស៊ាន​ដែល​បាន​សម្រេចចិត្ត​ចូល​ជា​សមាជិក​ក្រោយ​គេ​បង្អស់​នៅ​ឆ្នាំ១៩៩៩។

គួរ​កត់សម្គាល់ថា ៤៨ឆ្នាំក្រោយ​ការបង្កើត​សមាគម​អាស៊ាន សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​រួម​នឹងត្រូវ​បង្កើតឡើង​នៅ​ចុងឆ្នាំ២០១៥ខាងមុខនេះ។សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​សំដៅ​អនុញ្ញាត​អោយមាន៖ ទី១ លំហូរ​ទំនិញ​ដោយ​សេរី។ ទី២លំហូរ​សេវាកម្ម​ដោយ​សេរី។ ទី៣ លំហូរ​ទុនវិនិយោគ​ដោយ​សេរី។ ទី៤លំហូរ​មូលធន​ដោយ​សេរី និង​ទី៥ លំហូរ​កម្លាំង​ពលកម្ម​ជំនាញ​ដោយ​សេរី។

តើ​ប្រទេស​អាស៊ាន​នឹង​ទទួលបាន​ផល​អ្វីខ្លះ​ពី​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​រួម ហើយ​ថា តើ​កម្ពុជា​ដែលជា​ប្រទេស​ក្រីក្រ​ជាងគេ​មួយ​នៅ​អាស៊ាន​អាច​ទាញ​ប្រយោជន៍​បាន​ច្រើន​ឬក៏​ខាត​ប្រយោជន៍​ច្រើន​ទៅវិញ​ពី​សហគមន៍​អាស៊ាន​រួម​នេះ?

ចំពោះ​សំណួរ​ទី១ ក្រុមហ៊ុនចម្រុះ​ជាតិ​សាសន៍​ភាគច្រើន​នៅក្នុង​អង្កេត​មួយចំនួន​យល់ឃើញថា សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នឹង​ផ្តល់ឱកាស​ច្រើនជាង​ការ​គម្រាមកំហែង​សម្រាប់​ប្រទេស​អាស៊ាន​ទាំងមូល។ក្រុមហ៊ុន​នានា​អាច​ទទួលបាន​ផលចំណេញ​ច្រើន​ពី​ការបើកចំហរ​សេដ្ឋកិច្ច​រួមគ្នា។អាស៊ាន​អាច​នឹង​ទាក់ទាញ​អ្នក​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​តំបន់​កាន់តែច្រើន​បន្ថែមទៀត។

តួលេខ​មួយចំនួន​បាន​បង្ហាញថា ពី​ឆ្នាំ១៩៩៩ ដល់​ឆ្នាំ២០១២តំបន់​អាស៊ាន​ដែលមាន​ប្រជាពលរដ្ឋ​ចំនួន៦២០លាន​នាក់​មាន​អត្រាកំណើន​ជា​មធ្យម៥,៥%ដែល​ជំរុញ​អោយ​ផលិតផល​សរុប​ក្នុងស្រុក​មានតម្លៃ៣ពាន់​ពាន់​លាន​ដុល្លារ។ការព្យាករណ៍​បានបង្ហាញ​ថា​ចំនួន​គ្រួសារ​ថ្នាក់កណ្តាល​នៅក្នុង​អាស៊ាន​នឹង​កើនឡើង​ពី៤០លាន​គ្រួសារ​ក្នុង​ឆ្នាំ២០១០ដល់៨៥លាន​គ្រួសារ​ក្នុង​ឆ្នាំ២០១៧ខាងមុខនេះ។នេះ​បើ​យោងតាម​របាយការណ៍រ​បស់​វិទ្យាស្ថាន​បណ្តុះបណ្តាល​និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ដើមខែ​មិនា​កន្លងមកនេះ។
   
បច្ចុប្បន្ន​អាស៊ាន​មានឱកាស​កាន់តែ​ធំ​ឡើង​ដើម្បី​កសាង​ខ្លួន​អោយ​ក្លាយទៅជា​មជ្ឈមណ្ឌល​ផលិតកម្ម​កាន់តែ​ធំ​បន្ថែមទៀត ដោយសារ​កម្លាំង​ពលកម្ម​នៅមាន​តម្លៃ​ទាប​និង​កំណើន​តម្លៃ​កម្លាំង​ពលកម្ម​នៅក្នុង​ប្រទេស​ចិន។ ស្របពេល​ជាមួយគ្នា​កម្ពុជា​ក៏​អាច​ទាញ​ឱកាស​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​រួម​បាន​ផងដែរ។ការស្រាវជ្រាវ​នាពេលថ្មីៗកន្លងមកនេះ បានបង្ហាញ​ថា​សហគម​ន៍​សេដ្ឋកិច្ច​អាស៊ាន​រួម​នឹង​ជួយ​អោយ​ផលិតផល​សរុប​ក្នុងស្រុក​កម្ពុជា​កើនឡើង៤,៥% ការនាំចេញ​កើនឡើង​ជាង៥% ហើយ​ការ​វិនិយោគឯកជន​នឹង​កើនឡើង​ជិត២៥% ។

បើទោះបីជា​ការស្រាវជ្រាវ​មួយចំនួន​បង្ហាញថា កម្ពុជា​អាច​ទាញ​បាន​ឱកាស​ថ្មី​ពី​ការបើកចំហរ​សេដ្ឋកិច្ច​អាស៊ាន​ក៏ដោយ​ក្តី  ក៏​ក្តីកង្វល់​មួយចំនួន​ត្រូវបាន​លើកឡើង​ព្រម​ពេល​ជាមួយគ្នា។ មូលធន​មនុស្ស​និង​កម្រិត​អប់រំ​នៅ​កម្ពុជា​ដើរ​ក្រោយ​ស្ទើរ​គ្រប់​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន មានន័យថា ធនធានមនុស្ស​កម្ពុជា​មិនអាច​ប្រកួតប្រជែង​ជាមួយ​ធនធានមនុស្ស​នៃ​ប្រទេស​អាស៊ាន​បានឡើយ។ ទីផ្សារ​កម្ពុជា ខ្វះខាត​កម្លាំង​ពលកម្ម​ជំនាញ។ប្រទេស​ក្រីក្រ​កម្ពុជា​មិនទាន់មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ផលិត។ ប្រទេស​កម្ពុជា​ផលិត​បាន​តិច​បំផុត បើ​ប្រៀបធៀប​ទៅនឹង​ការប្រើប្រាស់​របស់ខ្លួន។

ចំណុច​មួយទៀត​ដែលជា​ការព្រួយបារម្ភ​ខ្លាំង​ដែរនោះ គឺ​ការប្រកួតប្រជែង​រវាង​ក្រុមហ៊ុន​ខ្មែរ និង​ក្រុមហ៊ុន​បរទេស។ អ្នកវិភាគ​មួយចំនួន​ព្រមាន​ទុកជាមុន​ថា ក្រុមហ៊ុន​ខ្មែរ​មួយចំនួន​ដែល​រកស៊ី​ជា​លក្ខណៈ​គ្រួសារ គ្មាន​គោលការណ៍​ច្បាស់លាស់ អាច​ប្រឈម​នឹង​ការ​ដួល​បះជើង​ជាក់​ជាពុំខាន ពីព្រោះ​ក្រុមហ៊ុន​បរទេស​ដែលមាន​បទដ្ឋាន​អន្តរជាតិ​នឹង​ចូលមក​ទីផ្សារ​កម្ពុជា​កាន់តែច្រើន។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុមហ៊ុន​ខ្មែរ​ដែល​ធ្លាប់ប្រើ​ប្រាស់​បុគ្គលិក​ខ្មែរ​ដោយ​អោយ​ប្រាក់ខែ​មិន​គ្រប់គ្រាន់​មិន​គោរព​ច្បាប់​ការងារ អាច​ប្រឈម​នឹង​កង្វះ​កម្លាំង​ពលកម្ម ពីព្រោះ​ក្រុមហ៊ុន​បរទេស​នឹង​ទាញយក​បុគ្គលិកល្អៗពី​ក្រុមហ៊ុន​ខ្មែរ​ដែល​គ្មាន​ស្តង់ដា។មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុមហ៊ុន​បទេសធំៗ ដែល​ធ្លាប់តែ​លក់ទំនិញ​ដុំ​មកអោយ​អ្នក​លក់រាយ​ជនជាតិខ្មែរ​អាច​នឹង​មក​បោះទីតាំង​ផ្ទាល់​នៅ​កម្ពុជា ហើយ​រកស៊ី​ប្រជែង​នឹង​ក្រុមហ៊ុន​ក្នុងស្រុក​ខ្មែរ​តែម្តង។ ប្រសិនបើ​បាតុភូត​នេះ អាច​កើតមានឡើង​មែន​នោះ ពេលនោះ ក្រុមហ៊ុន​ខ្មែរ​ដែល​ធ្លាប់​រកស៊ី​ពឹងពាក់​ក្រុមហ៊ុន​បរទេស​ក្នុង​តំបន់​អាស៊ាន អាច​ប្រឈមមុខ​នឹង​ការខាតបង់​ប្រយោជន៍​ដ៏​ច្រើន​លើសលប់។

ដូច្នេះ ដើម្បីអោយ​កម្ពុជា​អាច​ទទួលបាន​អត្ថប្រយោជន៍​ជា​អតិបរមា​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​រួម​នោះ  កម្ពុជា​ត្រូវតែ​ធ្វើកំណែទម្រង់​មួយចំនួន​ក្នុងនោះ​មាន៖ ទី១ កែលម្អរ​បរិយាកាស​វិនិយោគ។ ទី២ពង្រឹង​ផលិតកម្ម​ទំនិញ​ក្នុងស្រុក។ ទី៣វិនិយោគ​លើ​មូលធន​មនុស្ស និង ទី៤ ពង្រឹង​របៀប​ដឹកនាំ​ក្រុមហ៊ុន​ក្នុងស្រុក។ ប្រសិនបើ​កម្ពុជា​អាចអនុវត្ត​គោលការណ៍​ខាងលើនេះ​បាន ពេលនោះ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​រួម​គឺជា​ការ​ជូនពរ​ដល់ក​ម្ពុ​ជា​ពោលគឺ​មិនមែនជា​ដាក់​បណ្តាសារ​នោះទេ៕




© រក្សាសិទ្ធិដោយ thmeythmey.com