ជាតិ
សង្គមជាតិ
កម្ពុជា​ប្រកាស​អនុវត្ត​គម្រោង«ចលនា​ភូមិ​ថ្មី»តាមរយៈ​ជំនួយ​ថវិកា ៨លាន​ដុល្លារ​ពី​កូរ៉េ
25, Mar 2015 , 12:16 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ រដ្ឋាភិបាល​សាធារណៈរដ្ឋ​កូរ៉េ​បានផ្តល់​ហិរញ្ញប្បទាន​ចំនួន ៨លាន​ដុល្លារ​អាមេរិក តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (KOICA) ដើម្បី​អនុវត្ត​គម្រោង អភិវឌ្ឍន៍ជនបទ​នៅ​កម្ពុជា​រយៈពេល ៤ឆ្នាំ ដែលមាន​ឈ្មោះថា«ចលនា​ភូមិ​ថ្មី»។




នៅ​ថ្ងៃទី២៥ ខែ​មិនា នេះ ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ គម្រោង​អភិវឌ្ឍន៍ជនបទ​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ«ចលនា​ភូមិ​ថ្មី» ឬ«Saemaul Undong»។ គម្រោង​ចលនា​ភូមិ​ថ្មី​សាកល្បង​នេះ មាន​រយៈពេល ៤ឆ្នាំ គិត​ចាប់​ឆ្នាំ២០១៤ ដល់ ២០១៨ ដោយ​ចាប់ផ្តើម​អនុវត្ត​នៅក្នុង​ភូមិ​ចំនួន ៣០ ក្នុង​ខេត្ត​ចំនួន ៣ នៅ​ប្រទេស​កម្ពុជា រួមមាន ខេត្ត ត្បូងឃ្មុំ ខេត្តតាកែវ និង​ខេត្តកំពង់ស្ពឺ។

នា​ពិធី​ប្រកាស​បើក​ជា​ផ្លូវការ ដែល​ប្រព្រឹត្តទៅ​នៅក្នុង​សណ្ឋាគារ Intercontinental Hotel រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ លោក ជា សុផារ៉ា បាន​និយាយថា គម្រោង​ចលនា​ភូមិ​ថ្មី​នេះ ជា​គម្រោង​ជោគជ័យ​មួយ​របស់​សាធារណៈរដ្ឋ​កូរ៉េ​លើ​ការងារ អភិវឌ្ឍន៍ជនបទ។

លោក​បន្ថែមថា គម្រោង​នេះ​បានធ្វើ​ឲ្យ​សាធារណៈរដ្ឋ​កូរ៉េ​ចាក​ផុតពី​ភាពក្រីក្រ និង​ជា​ប្រទេស ធ្លាប់​ទទួល​ជំនួយ ក្លាយជា​ប្រទេស​ផ្តល់ជំនួយ​វិញ។ ដូច្នេះ​ទើប​រដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​ជ្រើស យក​វិធីសាស្ត្រ​នេះ មក​អនុវត្ត​ក្នុងប្រទេស​កម្ពុជា។

លោក​បញ្ជាក់ថា៖«គម្រោង​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ហិរញ្ញប្បទាន​ពី​សាធារណៈរដ្ឋ​កូរ៉េ តាមរយៈ KOICA នូវ​ថវិកា​ចំនួន ៨លាន​ដុល្លារ​នេះ ផ្តោតលើ​សមាសភាគ​ចំនួន ៣គឺ ការរៀបចំ តាក់តែង​គោលនយោបាយ​អភិវឌ្ឍន៍​ជនបទ​តាម​វិធីសាស្ត្រ​ភូមិ​ថ្មី សម្រាប់​អនុវត្ត​ទូទាំង ប្រទេស»។

បើតាម​លោក​រដ្ឋមន្ត្រី រដ្ឋាភិបាល​កម្ពុជា​ក៏បាន​សម្របសម្រួល​ជាមួយ​រដ្ឋាភិបាលកូរ៉េ ក្នុង​ការបញ្ចូល​មុខវិជ្ជា«ចលនា​ភូមិ​ថ្មី»ចូល​កម្មវិធីសិក្សា​កម្រិត​ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​តាម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ ក្នុងនោះ រួមមាន សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម សាលា​ជាតិ​កសិកម្ម​ព្រែកលាប និង​សាលា​ជាតិ​កសិកម្ម​កំពង់ចាម។

ជាមួយគ្នានេះដែរ លោក ក្វាក់ បម​ស៊ូ លេខា​ទីមួយ​នៃ​ស្ថាន​ឯកអគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​កម្ពុជា និង​ជា​តំណាង​ឲ្យ​ឯកអគ្គរដ្ឋទូត​កូរ៉េ បាន​ប្រសាសន៍​បញ្ជាក់​ពី​ភាពជោគជ័យ​នៃ​គម្រោង​នេះ របស់​កូរ៉េ​ថា  ប្រទេស​កូរ៉េ​ធ្លាប់បាន​ឆ្លងកាត់​នូវ​ដំណាក់កាលលំបាកៗជាច្រើន ដោយសារ គម្រោង​ចលនា​ភូមិ​ថ្មី​នេះ ទើបបាន​ធ្វើ​ឲ្យ​កសិករ​កូរ៉េ​មាន ចំណូល​កើន​ឡើងជា​បន្តបន្ទាប់។

លោក​បញ្ជាក់ថា៖«នៅ​ឆ្នាំ១៩៧០ ចំណូល​កសិករ​កូរ៉េ​ជា​មធ្យម​ជាង ៨២៥ដុល្លារ​ក្នុង​មួយឆ្នាំ តែ​រយៈពេល ៩ឆ្នាំ​ក្រោយមក​កើនឡើង​ដល់ ៤៦០២ដុល្លារ គិត​ជា​ភាគរយ​កើនឡើង​រាល់​ឆ្នាំ ជាង ២១ភាគរយ»។

KOICA ជា​ស្ថាប័ន​រដ្ឋាភិបាល​សាធារណៈ​កូរ៉េ​ដែល​បាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩៩១ ក្រោម​ការ គ្រប់គ្រង​របស់​ក្រសួងការបរទេស​នៃ​សាធារណៈរដ្ឋ​កូរ៉េ ដើម្បី​ធ្វើការ​គ្រប់គ្រង​ជំនួយ​ឥត សំណង​របស់​រដ្ឋាភិបាល​កូរ៉េ​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍។

គួររម្លឹកថា នៅក្នុង​ពិធី​ស​ន្និ​សី​ទ្ធ​សារព័ត៌មាន​ស្តីពី​សកម្មភាព​វប្បធម៌​ប្រចាំឆ្នាំ ២០១៥ នៅ​ថ្ងៃទី ២០ មិនា​កន្លងមក លោក ម៉ៅ ឌី​ណា មន្ត្រី​កម្មវិធី​ការិយាល័យ KOICA ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង ថា ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (KOICA) បានផ្តល់​ជំនួយឥតសំណង ១៥៦ លាន ដុល្លារ​អាមេរិក​មកកាន់​ប្រទេស​កម្ពុជា​ចាប់ពី​ឆ្នាំ ១៩៩១ រហូតមកដល់​ត្រឹម​ឆ្នាំ ២០១៤ ៕




© រក្សាសិទ្ធិដោយ thmeythmey.com