ជាតិ
TV «ព្រះអាទិត្យ»របស់ CNRP ត្រូវ​ពន្យា​ពេល​បង្កើត
03, Apr 2015 , 8:45 pm        
រូបភាព
 
ភ្នំពេញ៖ ទូរទស្សន៍​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​អាចមាន​ឈ្មោះថា ទូរទស្សន៍«ព្រះអាទិត្យ» ដែល​គ្រោង​បង្កើត​នៅ​ឆ្នាំ២០១៥នេះ ត្រូវបាន​ពន្យា​ពេល​នៃ​ការបង្កើត។ ការ​បង្កើតជា​ផ្លូវការ​អាច​ត្រូវបាន​ពន្យា​ពេល​រហូតដល់​ឆ្នាំ២០១៧ខាងមុខនេះ។



លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សមរង្ស៊ី បាន​ថ្លែងប្រាប់​នៅ​ថ្ងៃ​សុក្រ​ទី៣ខែមេសា​នេះ​ថា ការពន្យា​ពេល​នៃ​ការបង្កើត​ប៉ុស្តិ៍​ទូរទស្សន៍«ព្រះអាទិត្យ»នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​ដោយសារ​ថ្នាក់ដឹកនាំ​គណបក្ស​ជាប់រវល់​គិតគូរ​ពី​រឿង​ការបង្កើត​ច្បាប់ គជប ថ្មី។ ដូច្នេះ គម្រោង​នៃ​ការបង្កើត​ទូរទស្សន៍​ថ្មី​ត្រូវ​យឺតយ៉ាវ​បន្តិច។

បើ​យោងតាម​គម្រោង ទូរទស្សន៍ CNRP ដែល​អាចមាន​ឈ្មោះថា«ព្រះអាទិត្យ ត្រូវ​ដាក់អោយ​ដំណើរការ​នៅ​ឆ្នាំ ២០១៥នេះ។ ប៉ុន្តែ​ឥឡូវនេះ គម្រោង​ត្រូវ​រុញ​ទៅ​បង្កើត​យ៉ាងយូរបំផុត​ត្រឹម​ឆ្នាំ២០១៧ ជា​ឆ្នាំ​នៃ​ការបោះឆ្នោត​ឃុំ​សង្កាត់។

លោក ហុង សុខ​ហួរ បានបញ្ជាក់​បន្ថែមទៀត​ថា ក្រោយ​ចូលឆ្នាំ​ខ្មែរ​នេះ ថ្នាក់ដឹកនាំ​នឹង​ចាប់ផ្តើម​គិតគូរ​ពី​រឿង​បង្កើត​ទូរទស្សន៍​ថ្មី​នេះ ហើយ​យុទ្ធនាការ​នៃ​ការ​រៃអង្គាស​ថវិកា​សម្រាប់​ដំណើរការ​ទូរទស្សន៍​ក៏ត្រូវ​ចាប់ផ្តើម​ក្រោយ​ឆ្នាំ​ខ្មែរ​ដែរ។ «យើង​គ្រោង​ប្រមូល​ថវិកា​ពី​ជនជាតិខ្មែរ​នៅក្រៅ​ប្រទេស និង​ក្នុងប្រទេស»។ នេះ​គឺជា​ការបញ្ជាក់​របស់លោក សុខ​ហួរ។

ដើម្បី​អាចដាក់​អោយ​ដំណើរ​ទូរទស្សន៍​ថ្មី​នេះ​បាន គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវការ​ថវិកា៣លាន​ដុល្លារ​អាមេរិក។ បើ​យោងតាម​លោក ហុង សុខ​ហួរ ទូរទស្សន៍​ព្រះអាទិត្យ​នេះ នឹង​បម្រើ​ផលប្រយោជន៍​ពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ។

សូមបញ្ជាក់ថា នេះ​គឺជា​លើក​ទី១នៅក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​ខ្មែរ​ហើយ ដែល​គណបក្សប្រឆាំង​មាន​ទូរទស្សន៍​ដោយ​ខ្លួនឯង​នោះ៕



© រក្សាសិទ្ធិដោយ thmeythmey.com