ជាតិ
កំណាព្យ៖ អត្ថប្រយោជន៍​ដើមត្នោត
04, Apr 2015 , 3:20 pm        
រូបភាព
ដោយ: ថ្មីៗ
          កំណាព្យ
 អត្ថប្រយោជន៍​ដើមត្នោត
       (បទ​កាកគតិ)


-ត្នោត​ខ្ពស់​ត្នោត​លៃ    ត្នោត​ល្អ​ប្រពៃ
ត្នោត​កេរ​ដូនតា        ត្នោត​ផ្ដល់​រសជាតិ    
ស្ករ​ផ្អែម​ណាស់សា    អ្នកស្រែ​ចំការ
     ចូលចិត្ត​ស្ករត្នោត។

-មាន​ចាក់​ជា​ដុំ        មូល​តូច​មូល​ធំ    
មិនមែន​លោក​ឆោត     រួច​ចង​ជា​ស្រាក់    
ស្រួល​ជាង​ដាក់​ប៉ោត    ធ្វើបាន​គួរ​កោត
    ជា​ស្នាដៃ​ចាស់។

-ស្ករ​នេះ​ឆ្ងុយឆ្ងាញ់    បើ​បាន​ចម្រាញ់    
វឹក​កូរ​ឲ្យ​ណាស់        ក្លាយជា​តាំង​ម៉ែ    
លើក​ជូនចាស់ៗ    សប្បាយចិត្ត​ណាស់
     ស្ថិតក្នុង​រោងការ។

-ទឹក​វា ស ល្អក់        មិនមែន​កខ្វក់
ស្រក់​ចេញពី​ផ្កា        បើ​យកទៅ​ផ្អាប់
ក្លាយជា​សុរា        ផឹក​ច្រើន​កាលណា   
            ខ្លាំង​ជាង​ត្រប៉ែ។

-បើ​ផ្អាប់​ឲ្យ​យូរ        មាន​រសជាតិ​ជូរ    
ដូច​ម្ជូរ​ក្រូច​ដែរ        ចូលចិត្ត​ញាំ​ភ្លា    
ត្រី​រ៉ស់ តុកកែ         ម្ហូប​ស្រស់​ស្រុកស្រែ
                   ឆ្ងាញ់​ពិតណាស់​ទៅ។

-ត្នោត​កេរ​ដី​ម៉ែ        ដាំ​ក្បែរ​ដីស្រែ
ហែ​តាម​ដងផ្លូវ        ពី​ភូមិ​ដល់​វត្ត    
ឃើញ​គ្រប់​រដូវ        ទេសភាព​មាននៅ
                    លើ​ទឹកដី​ខ្មែរ។

-នេះ​គឺ​សម្បត្តិ        ធម្មជាតិ​ខ្វែងខ្វាត់    
ពី​ដូនតា​ម៉ែ-        ឪ​ទុក​ឲ្យ​កូន    
ខិតខំ​ប្រឹង​ថែ        បន្ត​កេរ​ម៉ែ
                ដែល​បន្សល់ទុក។

-ត្នោត​មានតម្លៃ        ត្រូវ​ចេះ​កែច្នៃ
ប្រើ​បាន​ច្រើន​មុខ    ស្លឹក​យក​ប្រក់ផ្ទះ    
ជ្រក​ភ្លៀង​បាន​សុខ    ថ្ងៃ​មិន​ចាំង​មុខ
               ដេកលក់​ស្កប់ស្កល់។

-ស្លឹក​ធ្វើ​ជញ្ជាំង        បាំង​ជា​រនាំង    
រាំង​ទប់​នឹង​ខ្យល់    ពី​ជើង​ពី​ត្បូង    
មិន​ឲ្យ​វិលវល់        ជើងក្រាន​ត្រូវ​ខ្យល់
     នាំ​ឲ្យ​បាយ​ឆៅ។

-ស្លឹក​ធ្វើ​ផ្លិត​បាន    បក់​ភ្លើង​ជើងក្រាន    
ឆេះ​ផ្ដល់​កម្ដៅ        ដាំ​ស្ល​បាយ​ហូប    
ជួបជុំ​កូនចៅ        ព្រមទាំង​ញាតិ​ផៅ
               រៀងរាល់​យប់​ថ្ងៃ។

                  (នៅមាន​ត)

និពន្ធ​ដោយ៖គង់ ឡាយ, កែសម្រួល វិឆ័យ សុ​ភី




© រក្សាសិទ្ធិដោយ thmeythmey.com