ពីនេះ ពីនោះ
«និមិត្ត» មានន័យខុសពី «និម្មិត»
23, Dec 2021 , 7:29 am        
រូបភាព
បើមិនបានចាប់អារម្មណ៍ យើងអាចគិតថា «និមិត្ត», «និមិ្មត» ឬ «និមិត» ជាពាក្យតែមួយដែលមានន័យដូចគ្នា។ ប៉ុន្តែតាមការពន្យល់ក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យទាំងនេះ មានន័យផ្សេងគ្នា ក្នុងនោះក៏មានក៏ពាក្យមិនសូវប្រើប្រាស់ផងដែរ។



«និមិត្ត» មានន័យថា ដើមហេតុ, លក្ខណៈ, គោល, ចារឹក, គ្រឿងសម្គាល់ និមិត្តសីមា គឺគ្រឿងសម្គាល់ដែលភិក្ខុសង្ឃបានកំណត់យកជាគោលចារឹកសីមា ។ ខ្មាសរបស់បុរសស្ត្រី៖ និមិត្តបុរស, និមិត្តស្ត្រី ។

ជាអាយតនិបាត «និមិត្ត» ស្មើនឹងពាក្យ ព្រោះ, ព្រោះតែ។ ដំរីបានជាព្រានស្វែងតាមបាញ់ និមិត្តភ្លុកវា (មិនសូវប្រើ, ច្រើនប្រើពាក្យ ព្រោះ, ព្រោះតែ ជាង) ។

ពាក្យផ្សេងទៀតដែលពាក់ព័ន្ធមានដូចជា និមិត្តរូប, និមិត្តហេតុ, បូព៌និមិត្ត, ឧគ្គហនិមិត្ត ជាដើម។ ចំណែកពាក្យ «អនិមិត្ត» មានន័យថា ដែលរកហេតុជាគ្រឿងកំណត់គ្មាន, ដែលរកចំណាំពុំបាន
ដំណើរនុះជាអនិមិត្ត។

ចំពោះពាក្យ «និម្មិត», «និមិត» ឬ «និរមិត» វិញ  បង្កើតដោយឫទ្ធិ, កាឡាខ្លួន, ដំណែងខ្លួន ។ វចនានុក្រម បានបញ្ជាក់ថា ប្រើ និម្មិត ត្រូវជាង និមិត។

ទេពនិមិ្មត ជាពាក្យដែលខ្មែរយើងប្រើពាក្យនេះជាងារមន្រ្តីជាងគំនូរដែលមានថ្វីដៃគូរល្អប្រដូចនឹងគំនូរដែលទេវតានិម្មិត : ឧកញ៉ាទេពនិម្មិត។

និម្មាបនកម្ម គឺ អំពើឬការបង្កើតអ្វីៗដោយឫទ្ធិ ។ សិល្បៈផ្នែកខាងការសាង ឬតាក់តែងនូវវត្ថុផ្សេងៗឲ្យបានល្អឆើតឆាយដូចជានិម្មិត។ គួរស្ងើចសរសើរនូវនិម្មាបនកម្មនៃប្រាសាទនគរវត្ត៕






© រក្សាសិទ្ធិដោយ thmeythmey.com