ជាតិ
អាជ្ញាធរ​អប្សរា មិន​ប្រាប់​ទីតាំង​រក្សាទុក​មកុដ​មាស​ឡើយ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព
28, Apr 2015 , 5:54 pm        
រូបភាព

សៀមរាប៖ រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នៅលើ​បណ្តាញ​សង្គម Facebook ដោយ​ចោទ អាជ្ញាធរ​ជាតិ​អប្សរា​ថា​បានធ្វើ​ឲ្យ​បាត់បង់ ឬ​លក់​វត្ថុ​ដ៏​មានតម្លៃ ដែលជា​មរតក​បេ​តក​ភណ្ឌ​របស់​ជាតិ​ទាំងមូល។បន្ទាប់ពី​បដិសេធ​ការចោទប្រកាន់ លោក ប៊ុន ណា​រិ​ទ្ធ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បានចេញ​មុខ​ធ្វើការ​បកស្រាយ ដោយ​បង្ហាញ​មកុដ​មាស​ដ៏​មានតម្លៃ​នោះ​ដល់​សាធារណជន។ ទាក់ទង​ទីតាំង​រក្សាទុក​មកុដ​មាស ស្ថាប័ន​ជំនាញ មិនបាន​បង្ហើប​ឲ្យ​ដឹង​ឡើយ​ដោយ​ព្រួយបារម្ភ​ពី​សុវត្ថិភាព។



នៅ​រសៀល​ថ្ងៃទី២៨ មេសា ២០១៥ លោក ប៊ុន ណា​រិ​ទ្ធ​អគ្គនាយក អាជ្ញាធរ​ជាតិ​អប្សរា​បាន​យក មកុដ​មាស​ដែល​រកឃើញ​ពី​កំណាយ​នៅ​ប្រាសាទតាព្រហ្ម​កាលពី​ឆ្នាំ២០១២ មក បង្ហាញ​ដល់​សាធារណជន ជាពិសេស​មន្ត្រី​ជំនាញ​ដែលមាន​សមត្ថកិច្ច​ដើម្បី​ពិនិត្យមើល និង​ដើម្បី​បញ្ជាក់ថា ពិតជា​គ្មាន​ការបាត់បង់​ដូច​ការ​ចោទ ប្រកាន់​របស់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​នោះឡើយ។

អាជ្ញាធរ​ជាតិ​អប្សរា​អះអាងថា ខ្លួន​នៅ​បន្ត​ថែរក្សា​ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​បន្ថែមទៀត រហូតដល់​បាន លទ្ធផល​គ្រប់​ជ្រុងជ្រោយ។ «រាល់​វត្ថុ​បុរាណ​ដែល​បាន​ប្រទះឃើញ​ថ្មី​ទាំងអស់ យើង​មិនអាច​យកទៅដាក់​តាំងនៅ​សារមន្ទីរ​បានទេ ប្រសិនបើ​មិនទាន់មាន​ការស្រាវជ្រាវ​ចប់សព្វគ្រប់។ ម្យ៉ាងទៀត​ប្រសិនបើ​រូបនោះ​ធំ​ហើយ​ស្គាល់​ប្រភព​ទីតាំង​ច្បាស់លាស់ នៅពេល​សិក្សា​ចប់​គេ​អាច​យកទៅដាក់​នៅ​ទីតាំង​ដើម​បាន​ប្រសិនបើ​មាន​សុវត្ថិភាព ហើយ​ចំពោះ​រូប តូចៗដែល​ងាយ​បាត់បង់​គឺ​ត្រូវ​ថែរក្សា​នៅ​កន្លែង​មាន​សុវត្ថិភាព​កន្លែង ជំនាញ​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច​ឬ​សារមន្ទីរ ជាដើម»។ នេះ​ជាការ​បញ្ជាក់​របស់​ស្ថាប័ន​ជាតិ​ដែល​ទទួលបន្ទុក​អភិរក្ស​តំបន់​អង្គរ។

មន្ត្រី​ម្នាក់​របស់​អាជ្ញាធរ​អប្សរា បានបញ្ជាក់​ប្រាប់​សារព័ត៌មានថ្មីៗថា មកុដ​មាស​ទម្ងន់៩៤,៥២ក្រាម ដែល​ស្ថាប័ន​ឥណ្ឌា ធ្វើ​កំណាយ​ឃើញ​អំឡុងពេល​ជួស​ជុស​ប្រាសាទតាព្រហ្ម អំឡុង​ឆ្នាំ២០១២ ត្រូវបាន​យកទៅ​រក្សាទុក​នៅ​កន្លែង​សុវត្ថិភាព។ ចម្ងល់​នៅត្រង់ថា តើ​រហូតមក​ដល់ពេលនេះ មកុដ​មាស​នោះ រក្សាទុក​នៅ​កន្លែង​ណា​ឲ្យ​ប្រាកដ។ សំណួរ​នេះ ក៏មាន​ការលើកឡើង​នូវ​ការចោទប្រកាន់​ស្ថាប័ន​អាជ្ញាធរ​អប្សរា ដែលជា​អ្នកគ្រប់គ្រង​នៅ​តំបន់​នោះ ថា​អាច​លួច​លក់​មកុដ​នោះ​ផង។ តែ​យ៉ាងណា អាជ្ញាធរ​អប្សរា​បំភ្លឺថា ការមិន​បង្ហើប​ពី​ទីតាំង​មកុដ ក៏​ដើម្បី​សុវត្ថិភាព​របស់​វា​ដែរ។

មន្ត្រី​នៃ​អាជ្ញាធរ​អប្សរា​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មកុដ​មាស ត្រូវបាន​រក្សាទុក​នៅ​កន្លែង​មាន​សុវត្ថិភាព​បំផុត។  មន្ត្រី​រូបនោះ បានបញ្ជាក់​ពី​មូលហេតុ​ពិតប្រាកដ ដែល​អាជ្ញាធរ មិន​ប្រាប់​ពី​ទីតាំង​ដាក់​មកុដ​មាស​នោះ​ថា៖« ចុះបើ​ខ្ញុំ​ប្រាប់​ឥឡូវ​ថា មកុដ​នោះ​នៅ​កន្លែង​ណា តើ​យប់​នេះ​នឹងមាន​អ្វី​កើតឡើង​ចំពោះ​មកុដ​នោះ»?

បើទោះជា​មិនបាន​បញ្ជាក់​ពី​ថ្ងៃខែ​រួចរាល់ តែ​មន្ត្រី​នៃ​អាជ្ញាធរ​អប្សរា បាន​បញ្ជាក់ថា បច្ចុប្បន្ន​អ្នកជំនាញ​កំពុង​ចងក្រង រៀបចំ​ប្រវត្តិ​នៃ​មកុដ​នោះ មុននឹង​យកទៅដាក់​នៅ​កន្លែង​ដើម ឫ​កន្លែង​មាន​សុវត្ថិភាព​ណាមួយ។ មន្ត្រី​រូបនោះ ក៏បាន​ស្នើ​ដល់​សាធារណជន​គួរ​កុំ​ជឿ​លើ​ព័ត៌មាន​បោកប្រាស់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន ដែលមាន​បំណង​មិនល្អ និង​ញុះញង់​ឲ្យ​ស្អប់​ស្ថាប័ន​អាជ្ញាធរ​អប្សរា៕






© រក្សាសិទ្ធិដោយ thmeythmey.com