ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវជ​នខ្មែរ ស៊ន សុ​​ភ័​ក្រ​ ជាប់​អា​ហារូប​ករណ៍​ថ្នាក់អ​នុបណ្ឌិត​​រូបវិទ្យា ៣ សាកលវិទ្យា​ល័យ នៅ​កាណា​ដា​
29, Apr 2015 , 3:48 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ កាលពី​ឆ្នាំ២០១១ ស៊ន សុ​ភ័​ក្រ ទទួលបាន​មេដាយប្រាក់​ផ្នែក​រូបវិទ្យា​អូ​ឡាំ​ព្យា​ដ​អន្តរជាតិ​លើក​ទី៤២ (IPho: International Physics Olympiad) នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ បច្ចុប្បន្ន សុ​ភ័​ក្រ កំពុង​បន្ត​សិក្សា​ជំនាញ​មុខវិជ្ជា​វិទ្យាសាស្ត្រ​នេះ​នៅក្នុង​ទីក្រុង​ហុងកុង  ហើយ​ក្រោយ​បញ្ចប់​ការសិក្សា​នា​ខែមិថុនា ខាងមុខ យុវជន​វ័យ២១ឆ្នាំ​រូបនេះ គ្រោង​បន្ត​យក​ថ្នាក់អនុបណ្ឌិត​នៅ​ប្រទេស​កាណាដា។



កាលពី​បួន​ឆ្នាំមុន ស៊ន សុ​ភ័​ក្រ គឺជា​បេក្ខជន​តែ​ម្នាក់​គត់​ក្នុងចំណោម៥នាក់​ដែល​ត្រូវ​ត្រឡប់មក​កម្ពុជា​វិញ ជាមួយ​ជ័យលាភី​មេដាយប្រាក់​ពី​ព្រឹត្តិការណ៍​ប្រកួត​រូបវិទ្យា​អូ​ឡាំ​ព្យា​ដ​អន្តរជាតិ​លើក​ទី៤២នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដែលមាន​បេក្ខជន​មកពី​ជាង៨០ប្រទេស​បាន​ចូលរួម ក្នុងនោះ​រួមមាន​មកពី​ទ្វីបអាស៊ី អឺរ៉ុប អាមេរិក អាហ្វ្រិក និង អូស្ត្រាលី។

ការ​ដណ្តើមបាន​មេដាយប្រាក់​រូបវិទ្យា​អូ​ឡាំ​ព្យា​ដ​អន្តរជាតិ​លើក​ទី៤២ បានផ្តល់​ឱកាស​ឲ្យ សុ​ភ័​ក្រ ទទួល​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​រូបវិទ្យា​ក្នុង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​ដ៏​ល្បី​មួយ​របស់​ហុងកុង គឺ Hong Kong University of Science and Technology(HKUST) ។

និស្សិត​អាហារូបករណ៍​រូបនេះ ប្រាប់​សារព័ត៌មានថ្មីៗថា ការសិក្សា​រូបវិទ្យា​នៅ ហុងកុង ធ្វើ​ឡើងជា​ភាសា​អង់គ្លេស​គ្រប់មុខ​វិជ្ជា ហើយ​ប្រព័ន្ធ​មាន​លក្ខណៈ​ជាស​កល ព្រមទាំង​មាន​និស្សិត​ចម្រុះ​ជាតិ​សាសន៍​កំពុង​សិក្សា ដូចនេះ​ទាមទារ​ឲ្យ​និស្សិតម្នាក់ៗ ត្រូវតែ​ព្យាយាម​សិក្សា​ប្រជែង​ជាដាច់ខាត។

សុ​ភ័​ក្រ ត្រូវ​សិក្សា​ប្រជែង​សមត្ថភាព​ជាមួយ​និស្សិត បរទេស​ដទៃទៀត រួមមាន​មកពី​ប្រទេស​ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ចិន អង់គ្លេស បារាំង ឥណ្ឌា និង​វៀតណាម ជាដើម។ លោក​អះអាងថា ការប្រឡងប្រជែង​សមត្ថភាព​នៅ​ហុងកុង គឺ​កើតចេញពី​សមត្ថភាពពិតៗ ពោលគឺ ពុំមាន​សិស្ស និស្សិត​ណា​ម្នាក់​អាច​លួច​ចម្លង​ជាដាច់ខាត។

សុ​ភ័​ក្រ និយាយ​យ៉ាង​ដូច្នេះ៖«និស្សិត​ទាំងអស់​មានការ​ប្រកួត​ប្រជែង​ណាស់ ពួក​ត្រូវ​ព្យាយាម ទាំង​ទ្រឹស្តី​សិក្សា និង​ការអនុវត្ត​រូបមន្ត​ជាក់ស្តែង។ នៅទីនេះ មាន​និស្សិត​មកពី​អាស៊ី អាមេរិក អាហ្វ្រិក និង​អឺរ៉ុប ហើយ​ពួកគេ​សុទ្ធតែជា​និស្សិត​ដែលមាន​គំនិត​ផ្នែក​វិទ្យាសាស្ត្រ​ពូកែ។ អ្នករៀន​នៅ​នេះ គេ​ប្រកួតប្រជែង​គ្នា​យក​សមត្ថភាព គឺ​មិន​យក​ពិន្ទុ​នោះទេ»។

ជា​កូន​មន្ត្រីរាជការ​ជីវភាព​ធូរធា នៅ​រាជធានី​ភ្នំពេញ​ម្នាក់ សុ​ភ័​ក្រ មិន​ខា្វ​យ​ខ្វល់​ពី​បញ្ហា​ខ្វះខាត ក្នុងការ​សិក្សា​នោះទេ ដោយ​លោក​គិតតែ​ពី​រៀន​តែប៉ុណ្ណោះ ពោលគឺ លោក​មាន​ពេល វេលា​គ្រប់គ្រាន់​ក្នុងការ​សិក្សា ស្រាវជ្រាវ​បន្ថែម ដើម្បី​ប្រជែង​ជាមួយ​និស្សិត​បរទេស។

យុវជន​វ័យ ២១ឆ្នាំ អាហារូបករណ៍​រូបនេះ ប្រាប់ថា៖«ក្រៅពី​សិក្សា​ក្នុង​សាលា​ហើយ ខ្ញុំ​ត្រូវ​ទៅ​ចូល​ស្រាវជ្រាវ​បន្ថែម នៅ​បណ្ណាល័យ​សាលា បន្ទប់ពិសោធន​សាលា។ បើ​យើង​មិន​ខំប្រឹង​នោះ ទេ យើង​នឹង​មិនអាច​ប្រឡង​ជាប់​ទេ ព្រោះ​នៅ​នេះ ការប្រឡង​ទាំងអស់ គឺ​កើតចេញ សមត្ថភាព​សិស្ស និស្សិត​ផ្ទាល់ ដោយមាន​អាច​ចម្លង​ឯកសារ​ជាដាច់ខាត»។ បើតាម​យុវជន សុ​ភ័​ក្រ ប្រសិនបើ​អនុរក្ស​ពិនិត្យឃើញថា សិស្ស និស្សិត មាន​ការលួចចម្លង​នោះ នឹងត្រូវ​ធ្លាក់ ដោយ​ស្វ័យប្រវត្តិ ដោយ​ពុំ​អាច​ប្រកែក​បានឡើយ។

ទោះបីជា រូបវិទ្យា ជា​មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត​ដែលមាន​រូបមន្ត និង​លំ​ហាត់​ស្មុគស្មាញ​ច្រើន ក៏ដោយ ក៏​នេះ​មិនជា​ឧបសគ្គ​សម្រាប់​លោក សុ​ភ័​ក្រ​​នោះទេ ដោយសារ​លោក​បាន​បែងចែក ពេលវេលា​សិក្សា​តាម​មុខវិជ្ជានីមួយៗត្រឹមត្រូវ។

«ការសិក្សា​រូបវិទ្យា​មិន​លំបាក​នោះទេ សិស្ស និង​និស្សិត​នឹង​គិតថា រូបវិទ្យា​ជា​មុខវិជ្ជា​លំបាក ប្រសិនបើ​យើង​ព្យាយាម​រក​ដំណោះស្រាយ និង​អនុវត្តតាម​រូបមន្ត​បាន​យល់ច្បាស់។ តាម ពិសោធន៍ ខ្ញុំ​បានធ្វើ​តារាង​សិក្សា​មួយ​ផ្ទាល់ខ្លួន ហើយ​ខ្ញុំ​តែងតែ​ឆ្លៀត​ស្រាវជ្រាវ​បន្ថែម និង​សួរ សាស្ត្រាចារ្យ ពិសេស​គឺ​ការអនុវត្តន៍​លំ​ហាត់​នោះ​ឲ្យ​យល់​តែម្តង»។ នេះ​ជា​វិធីសាស្ត្រ​សិក្សា រូបវិទ្យា​របស់​យុវជន សុ​ភ័​ក្រ។

យុវជន​សិស្ស​ដែលមាន​សមត្ថភាព​លើ​មុខវិជ្ជា​វិទ្យាសាស្ត្រ​រូបនេះ​មាន​មោទនភាព​នឹង​ការទទួល​ជ័យលាភី​នេះ ដោយ​លោក​លើកឡើងថា លោក​បាន​នាំមក​កេរ្តិ៍ឈ្មោះ​ឲ្យ​គ្រួសារ និង​សង្គមជាតិ។ សុ​ភ័​ក្រ និយាយ​ទាំង​រីករាយ​ថា៖«និស្សិត​ខ្មែរ​យើង​មាន​សមត្ថ​ភាពមិន​ចាញ់​សិស្ស និង​និស្សិត​ប្រទេស​ដ៏​ទៃ​នោះទេ ឲ្យ​តែ​យើង​ព្យាយាម​នោះ»។

រដ្ឋាភិបាល​គួរ​លើកទឹកចិត្ត​ដល់​បញ្ញវន្ត​ផ្នែក​វិទ្យាសាស្ត្រ

ជាមួយគ្នានេះដែរ សុ​ភ័​ក្រ ក៏បាន​គាំទ្រ​ចំពោះ​វិធាន​ការប្រឡង​បាក់​ឌុប​របស់​ក្រសួង​អប់រំ ក្រោម​ការដឹកនាំ​របស់​រដ្ឋមន្ត្រី​លោក ហង់ ជួនណា​រ៉ុ​ន​ផងដែរ។ ជាង​នេះដែរ លោក​ក៏​សំណូម ដល់​រដ្ឋាភិបាល​កម្ពុជា​យកចិត្តទុកដាក់​បន្ថែ​ម​ទៀត​ដល់​បញ្ញវន្ត​ផ្នែក​វិទ្យាសាស្ត្រ។

លោក​ថា៖«ធនធាន​អ្នក វិទ្យាសាស្ត្រ​សំខាន់​ណាស់​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​ឲ្យ​ជឿនលឿន ។ អ្នកវិទ្យាសាស្ត្រ ជា​អ្នកស្រាវជ្រាវ​រក​គំនិត​បច្ចេកវិជ្ជាថ្មីៗ សម្រាប់​ការអភិវឌ្ឍន​នេះ ដូចជា ការបង្កើត​ផ្ទាំង​អគ្គិសនី​ដើរ​ដោយ ថាមពល​ពន្លឺព្រះអាទិត្យ និង​ការបង្កើត​បច្ចេក​ទំនើប​នាបច្ចុប្បន្ន។ ដូច្នេះ រដ្ឋាភិបាល​គួរ​មាន កន្លែង​ពិសោធន៍​គ្រប់គ្រាន់​សម្រាប់​សិស្ស និស្សិត​ផ្នែក​វិទ្យាសាស្ត្រ»។

«ខ្ញុំនឹងចែករំលែក​ចំណេះ​ដល់​អ្នកសិក្សា​ជំនាន់​ក្រោយ​របស់​កម្ពុជា»

តាម​គម្រោង​សិក្សា សុ​ភ័​ក្រ នឹង​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​រូបវិទ្យា នៅ​អំឡុង​ខែមិថុនា ឆ្នាំ២០១៥ខាងមុខនេះ។ ប៉ុន្តែ​ក្រោយពី​បញ្ចប់​ការសិក្សា​នោះ​លោក​មិនទាន់​ត្រឡប់មក​កម្ពុជា ភ្លាម​នោះទេ​ដោយសារ​លោក​មាន​គ្រោង​នឹង​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត នៅក្នុង​ប្រទេស​កាណាដា​ប​ន្ថែ​ម​ទៀត។

លោក​បានដាក់​ពាក្យ​ស្នើ​អាហារូបករណ៍​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ហើយ​ខ្ញុំ​បាន​ជាប់​ឈ្មោះ​នៅ​សាកលវិទ្យាល័យ​ចំនួន ៣ផ្សេងគ្នា​ក្នុងប្រទេស​កាណាដា រួមមាន University of waterloo, University of Toronto និង University of British Columbia។

«ខ្ញុំ​បាន​សម្រេចចិត្តថា​នឹង​បន្ត​ថ្នាក់អនុបណ្ឌិត​នៅ University of waterloo នៅ​កាណាដា រួចហើយ ដូច្នេះ​ខ្ញុំ​នឹង​ទៅ​បន្ត​ថ្នាក់អនុបណ្ឌិត​នៅ​ទីនោះ »។

ក្រោយពី​បញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត​នៅក្នុង​ប្រទេស​កាណាដា​សុ​ភ័​ក្រ នឹង​វិល​មក​កម្ពុជា វិញ ដើម្បី​ចែករំលែក​ចំណេះវិជ្ជា និង​បទពិសោធន៍​ដល់​អ្នកជំនាន់ក្រោយ ដោយ​លោក​ប្តេជ្ញា​ថា លោក​នឹង​ជួយ​បន្ត​ចំណេះវិជ្ជា​នេះ ដល់​អ្នកជំនាន់ក្រោយរ​បស់​កម្ពុជា។

«ខ្ញុំ​ចង់ឃើញ​ខ្មែរ​យើង​អភិវឌ្ឍន​ដូច​ប្រទេស​អភិវឌ្ឍ​ដូច​គេ ។ ហើយ​ខ្ញុំ​គិតថា​មានតែ​បណ្តុះ​ធនធានមនុស្ស​តែប៉ុណ្ណោះ ដែល​អាច​ឲ្យ​ប្រទេស​ជឿនលឿន​ទៅមុខ ដូច្នេះ​ក្រោយពី​រៀន​ចប់​រួច ខ្ញុំ​ចង់​ធ្វើជា​សាស្ត្រាចារ្យ​តែម្តង»។ នេះ​ជាការ​រំពឹងទុក​របស់​ជ័យលាភី​ឆ្នើម​ផ្នែក រូបវិទ្យា ស៊ន សុ​ភ័​ក្រ។

គួរ​បញ្ជាក់ថា ការប្រកួត​សមត្ថភាព​ផ្នែក​រូបវិទ្យា​អន្តរជាតិ (IPho: International Physics Olympiad) ជាការ​ប្រឡង​ដ៏​ធំ​មួយផ្នែក​រូបវិទ្យា​សម្រាប់​សិស្ស​កម្រិត​វិទ្យាល័យ​នៅ​ជុំវិញ​ពិភពលោក។ ការប្រកួត​ទាំង​លើ​ផ្នែក​ទ្រឹស្តី (theoretical problems) និង​ការពិសោធន៍ (experimental problems)នេះ ត្រូវបាន​រៀបចំឡើង​ចាប់តាំងពី​ឆ្នាំ ១៩៦៧ មកម្ល៉េះ​ហើយ​មេដាយ​ដែល​ត្រូវ ផ្តល់​ជ័យលាភី រួមមាន មេដាយមាស ប្រាក់ សំរឹទ្ធ និង​កិត្តិយស៕



© រក្សាសិទ្ធិដោយ thmeythmey.com