ពីនេះ ពីនោះ
ចង់​ធ្វើជា«មេដឹកនាំ​ល្អ»ត្រូវ​អនុវត្តន៍១០ចំណុច​នេះ!
01, May 2015 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
 ភាពជា​អ្នកដឹកនាំ មិនមែន​សំដៅលើ​តែ​មនុស្ស​ដែលមាន​តួនាទី​ជា​អ្នកគ្រប់គ្រង នាយក​ប្រិ​តិ​ប​ត្តិ​ក្រុមហ៊ុន អង្គការ ឬ​មាន​មុខងារធំៗក្នុងការ​ដឹកនាំ​ប្រទេស​នោះទេ។ សូម្បីតែ​អ្នកមាន​ឋានៈ​តូច​ឬ​មិន​រៀន បាន​ខ្ពស់​ក៏ដោយ ក៏​អាច​ក្លាយជា​អ្នកដឹកនាំ​ដ៏​ឆ្នើម​បំផុត​បានដែរ។ តើ​មាន​ហេតុផល​ណាខ្លះ​ដែល​អះអាងថា​ពួកគេ​អាច​ក្លាយជា​អ្នកដឹកនាំ​ដ៏​ឆ្នើម​បំផុត? 



១. មាន​វិន័យ​ក្នុង​ខ្លួន៖ ជា​មនុស្ស​ដែល​គោរព​ពេលវេលា គោរព​ពាក្យសំដី​ដែល​ខ្លួន​បាន​សន្យា រៀបចំ​អត្តចរិត​បានល្អ និង​មាន​ក្រមសីលធម៌​ល្អ។

២. មាន​ជំនឿ​លើ​ខ្លួនឯង៖ ជា​មនុស្ស​ដែលមាន​ទំនុកចិត្ត​ជឿជាក់​លើ​ខ្លួនឯង និង​មាន​ភាពក្លាហាន រឹងមាំ​ក្នុង​ការធ្វើ​កិច្ចការ​អ្វីមួយ។ ការ​មាន​ជំនឿ​បែបនេះ ជា​កម្លាំងចិត្ត​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​បំពេញការងារ​ឲ្យ​ទទួលបាន​ជោគជ័យ។ 

៣. ការទទួលខុសត្រូវ៖ ជា​មនុស្ស​ដែលមាន​ទំនួល​ខុសត្រូវ​ខ្ពស់ ចំពោះ​លិទ្ធ​ផល​ដែល​ខ្លួន​បានធ្វើ។ មិនមែន​ធ្វើ​អ្វី​ខុស ហើយ​យក​លេស​ថា មកពី​មូល​ហេតុនេះ ឬ​មូលហេតុ​នោះឡើយ។

៤. បើ​ចិត្ត​ទូលាយ៖ ជា​មនុស្ស​មិន​ប្រកាន់​ឋានៈ តួនាទី និង​វណ្ណ​រស់នៅ​អ្វី​ឡើយ។ ជាពិសេស ពួកគេ​ចូលចិត្ត​ទទួលយកគំនិតល្អៗ និង​គំនិតថ្មីៗពី​អ្នកដទៃ ដើម្បី​យកមក​បំពេញការងារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ជាង​មុន។

៥. លើកទឹកចិត្ត​អ្នកដទៃ៖ ជា​មនុស្ស​ដែល​តែងតែ​យកចិត្តទុកដាក់ លើកទឹកចិត្ត និង​បង្ហាត់បង្រៀន​ដល់​អ្នក​ដែល​ទន់ខ្សោយ​ជាង​ខ្លួន។ ហើយ​ជួយ​ជ្រោមជ្រែង​ឲ្យ​អ្នកទន់ខ្សោយ​ជាង​ខ្លួន​មានឱកាស់​ដូច​ខ្លួន​ដែរ។

៦. ផ្តល់ឱកាស​ដល់​អ្នកដទៃ៖ ជា​មនុស្ស​មិន​យកមុខ​មាត់​តែម្នាក់ឯង មិន​ច្រណែន​នឹង​អ្នកដទៃ។ តែ​ផ្ទុយទៅវិញ ពួកគេ​ផ្តល់ឱកាស​ដល់​អ្នកថ្មី ដែល​មិន​ធ្លាប់បាន​ឆ្លងកាត់​ក្នុង​ការធ្វើ​អ្វីមួយ ឬ​ចូលរួម​ក្នុង​កម្មវិធី​ណាមួយ​ឡើយ។

៧. ទំនាក់ទំនង៖ ជា​មនុស្ស​ដែល​ចូលចិត្ត​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ ក្នុង​គោលបំណង​ចង់​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក។ ពួកគេ​មិនមែនជា​មនុស្ស​ដែល​ទំនាក់ទំនង ដើម្បី​សម្លឹង​រកតែ​ផលប្រយោជន៍​នោះទេ។

៨. ចេះ​រៀបចំ​យុទ្ធសាស្ត្រ៖ ជា​មនុស្ស​ដែលមាន​ផែនការ​ច្បាស់ និង​រៀប​យុទ្ធសាស្ត្រ​យ៉ាង​ល្អ ដោយ ចំណាយពេល​តិច តែមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ទទួលបាន​ផល​ច្រើន។

៩. ធ្វើការ​សកម្ម​ជាង​អ្នកដទៃ៖ ជា​មនុស្ស​ដែល​តែងតែ​ចេញមុខ​ធ្វើ​សកម្មភាព​មុនគេ បើទោះជា​ការងារ​នោះ​លំបាក​យ៉ាងណាក្តី មាន​ហា​នី​ភ័យ​យ៉ាងណាក្តី ក៏​នៅតែ​ចេញមុខ​ធ្វើ​ការងារ​នោះ​មុនគេ​រហូត។

១០. ត្រួតពិនិត្យ​កិច្ចការ៖ ជា​មនុស្ស​ម៉ឺងម៉ាត់​នឹង​ការងារ តាមដាន​ត្រួតពិនិត្យ​ការងារ​ពីមួយ​ជំហាន​ទៅមួយ​ជំហាន​កាន់តែច្បាស់ និង​អាច​ដោះស្រាយ​នូវ​បញ្ហា​ដែល​បានកើត​ឡើង​យ៉ាង​ល្អប្រសើរ៕





© រក្សាសិទ្ធិដោយ thmeythmey.com