ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហោ ណាំហុង ប្រា​ប់លោក ហេង សំរិន ថា កសិករ​ខ្មែរ​​ដាំ​ដំណាំ​លើដី​វៀតណាម
05, May 2015 , 11:49 pm        
រូបភាព
ដោយ: ថ្មីៗ
រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​សរសេរ​លិខិត​ទៅ​លោក ហេង សំរិន ប្រធានរដ្ឋសភា​រាយការណ៍​អំពី​ករណី​ពលរដ្ឋ​វៀតណាម​បាញ់​ថ្នាំពុល​បំផ្លាញ​ដំណាំ​កសិករ​ខ្មែរ ដែល​លើកឡើង​ដោយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ។ លោក ហោ ណាំហុង បាន​អះអាង​ប្រា​ប់លោក ហេង សំរិន តាមរយៈ​លិខិត​ចុះ​ថ្ងៃទី ០៤ ខែឧសភា ថា មូលហេតុ​ដែល​ប្រជាពលរដ្ឋ​វៀតណាម បាញ់​ថ្នាំពុល​បំផ្លាញ​ដំណាំ​កសិករ​ខ្មែរ ដោយសារ​កសិករ​ខ្មែរ ដាំ​ដំណាំ​លើដី​របស់​វៀតណាម ។



 បើតាម​លិខិត​របស់លោក ហោ ណាំហុង កងកម្លាំង​សមត្ថកិច្ច​វៀតណាម បាន​នាំ​ពលរដ្ឋ​ខ្លួន​ចុះ​ធ្វើ​សកម្មភាព​បាញ់ថ្នាំ​ពុល​បំផ្លាញ​ដំណាំ​កសិករ​ខ្មែរ កាលពី​ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០១៥  នៅ​ភូមិ​ជើង ឃុំ​ជាំ ស្រុ​មេមត់ ខេត្ត​ត្បូងឃ្មុំ ។ លិខិត​លោក​ប្រមុខ​ការទូត​កម្ពុជា ប្រាប់​ទៅ​លោក ហេង សំរិន បានបញ្ជាក់​ពី​ការសិក្សា​របស់ខ្លួន​ជាមួយ​គណៈកម្មាធិការ​ចម្រុះ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន  ដោយ​រកឃើញថា ខ្សែ​ព្រំដែន​កម្ពុជា-វៀតណាម នៅ​តំបន់​ខាងលើនេះ ដើរ​តាម​ផែនទី​ខ្នាត១លើ១០០០០០ ដែល​គណៈកម្មាធិការ​ចម្រុះ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា-វៀតណាម បាន​បោះបង្គោល​លេខ ៩៤ និង​លេខ ៩៥ រួចហើយ ។ លិខិត​របស់លោក ហោ ណាំហុង បញ្ជាក់​ដូច្នេះ​ថា ៖ « ប៉ុន្តែ​ដោយសារ​ប្រជាពលរដ្ឋ​កម្ពុជា​បាន​កាន់កាប់​ជាក់ស្តែង​ចំនួន ១០០ ហិច​តា​ចូល​ដី​វៀតណាម គណៈកម្មាធិការ​ព្រំដែន ក៏បាន​ឯកភាព​ជាមួយ​ភាគី​វៀតណាម កែស​ម្រួ​ស​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល ៩៤ និង ៩៥ ទៅតាម​ខ្សែ​ព្រំដែន ដែល​ប្រជាជន​យើង​បាន​កាន់កាប់​ជាក់ស្តែង​ស្របតាម MOU ឆ្នាំ ២០១១ ។ តែ​នៅពេលថ្មីៗនេះ ក្នុង​ឆ្នាំ ២០១៥ ពលរដ្ឋ​យើង​បាន​ដាំ​ដំណាំ​ចូល​ដី​វៀតណាម​ចំនួន ១៦, ៦ ហិច​តា​ថែមទៀត ដែល​នាំ​ឲ្យ​វៀតណាម​មានប្រតិកម្ម​បាញ់​ថ្នាំ​បំពុល​លើ​ដំណាំ​កសិករ​យើង » ។


ការរាយការណ៍​ប្រាប់​លោក ហេង សំរិន ពី​សំណាក់​លោក ហោ ណាំហុង បានធ្វើ​ឡើង ក្រោយពី​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​លោក ម៉ៅ មុនី​វណ្ណ លោក កង គឹម​ហាក់ ជាដើម បាន​សរសេរ​លិខិត​ស្នើសុំ​អន្តរាគមន៍​ករណី​សមត្ថកិច្ច​វៀតណាម​នាំ​ពលរដ្ឋ​ខ្លួន​មក​បាញ់​ថ្នាំពុល​បំផ្លាញ​ដំណាំ​កសិករ​ខ្មែរ ពី​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា តាមរយៈ​លោក កឹម សុខា ក្នុងនាម​ជា​ប្រធានរដ្ឋសភាស្តីទី កាលពី​ថ្ងៃទី ២៨ ខែមេសា កន្លងទៅ ៕          

© រក្សាសិទ្ធិដោយ thmeythmey.com