ជាតិ
អភិបាល​រាជធានី​ចាប់ផ្តើម​រក​ដំណោះស្រាយ​ជាមួយ​ពលរដ្ឋ​រស់នៅ​ក្បែរ​លូ​បឹងត្របែក
26, May 2015 , 1:50 pm        
រូបភាព
លោក ប៉ា សុជាតិវង្ស​ កំពុង​ពន្យល់ពលរដ្ឋ​អំពី​គម្រោង​អភិវឌ្ឍន៍​ស្តារ​លូ​បឹងត្របែក​
លោក ប៉ា សុជាតិវង្ស​ កំពុង​ពន្យល់ពលរដ្ឋ​អំពី​គម្រោង​អភិវឌ្ឍន៍​ស្តារ​លូ​បឹងត្របែក​
តំណាងពលរដ្ឋ​
តំណាងពលរដ្ឋ​
ស្ថានភាព​បឹងត្របែក
ស្ថានភាព​បឹងត្របែក
ដោយ:
ភ្នំពេញ៖ សាលា​រាជធានី​ភ្នំពេញ នឹងត្រូវ​ស្តារលូ​បឹងត្របែក និង​ពង្រីក​ស្ថានីយ៍​បូមទឹក ដើម្បី​ជួយ​បញ្ចៀស​បញ្ហា​ជំនន់​ទឹកភ្លៀង​ក្នុង​រាជធានី។ ដើម្បី​អនុវត្ត​គម្រោង​នេះ សាលា​រាជធានី​ត្រូវ​ជួប​ជាមួយ​ពលរដ្ឋ​ប្រមាណ៣០០គ្រួសារ​ក្រីក្រ​ដែល​រស់នៅ​ជុំ​អាង​ស្តុក​ទឹកលូ​បឹងត្របែក​នេះ។



អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស បាន​ចុះ​ជួប​ជាមួយ​តំណាង​ពលរដ្ឋ​ប្រមាណ៣០០គ្រួសារ​ដែល​រស់នៅ​ជុំវិញ​លូ​បឹងត្របែក​នៃ​សង្កាត់​ផ្សារ​ដើមថ្កូវ នៅ​ព្រឹក​ថ្ងៃទី២៦ឧសភា​នេះ។ ជំនួប​នេះ​មាន​គោលដៅ​ស្វែងរក​ដំណោះស្រាយ​សមរម្យ ជាមួយ​ពលរដ្ឋ មុននឹង​អនុវត្ត​គម្រោង​ស្តា​របឹង​ស្តុក​ទឹកលូ​នេះ។

ប្រជាពលរដ្ឋ ដែលមាន​មួយចំនួន​បាន​អះអាងថា ពួកគេ​បានមក​រស់នៅ​មិនតិចជាង២០ឆ្នាំ​មកហើយ​នោះ ត្រូវ​រង​ប៉ះពាល់​ដោយ​គម្រោង​នេះ ហើយ​ត្រូវ​ចាក​ចេញពី​ទីនេះ។ យោងតាម​ប្រសាសន៍​របស់លោក​អភិបាល​រាជធានី​ភ្នំពេញ សាលា​រាជធានី​មាន​គោលការណ៍២ចំណុច។ ទីមួយ រដ្ឋ​នឹង​ទិញ​ដី​ពី​ប្រជាពលរដ្ឋ ជា​ថ្នូរ​នឹង​ការចាកចេញ។ ទី២ ពលរដ្ឋ​អាច​បន្ត​រស់នៅ​ទីនោះ​បាន ប៉ុន្តែ​ពួកគេ​ត្រូវតែ​ទិញ​ដី​ពីរ​ដ្ឋ​វិញ ដើម្បី​ទទួលបាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់។ គ្រាន់​តែមាន​គោលការណ៍​បែបនេះ ប៉ុន្តែ​ភាគី​ទាំងពីរ​នៅ​មិនទាន់​និយាយ​ដល់​តម្លៃ​នៅឡើយ​ទេ។

លោក ប៉ា សុជាតិ​វង្ស បាន​ពន្យល់​ប្រាប់​ពលរដ្ឋ​យ៉ាង​ដូច្នេះ​ថា៖«នេះ​ជា​លទ្ធភាព​ក្នុងការ​ដោះស្រាយ​មួយ ដែល​បងប្អូន​អាចនឹងទទួល​យកបាន ហើយ​អាជ្ញាធរ នឹង​ពិនិត្យ​បន្ថែមទៀត ថា​នឹងត្រូវ​ផ្តល់​គោលនយោបាយ​ប៉ុន្មាន​ចំពោះ​បងប្អូន​ក្រោយ​ពិនិត្យ​ជាក់ស្តែង។ យើង​មិន​ចង់​ឲ្យ​មានការ​ធ្វើបាតុកម្ម​ទេ ដូច្នេះ​យើង​ត្រូវបង្កើត​វប្បធម៌​ពិភាក្សា​ដោយ​សន្តិវិធី»។
បើតាម​របាយការណ៍​ដែល​អាន​ដោយ​អភិបាលខណ្ឌ​ចំការមន លោក ព្រុំ សំខាន់ បឹងត្របែក មាន​ទំហំ ២៦ហិច​តា ហើយ​ប្រជាជន​កំពុង​រង​ផលប៉ះពាល់​ក្នុង​គម្រោង​អភិវឌ្ឍ​បឹង​នេះ មាន​ចំនួន​ជាង ៣០០គ្រួសារ ក្នុងនោះ​មាន ផ្ទះសម្បែង​ធ្វើ​ពី​ឈើ ប្រក់​សង្ក​សី​ជាង ៦០០ខ្នង។

តំណាង​ពលរដ្ឋ​ក្នុង​តំបន់​បឹងត្របែក លោក សួស ណា​មី បាន​ឡើង​ថ្លែង​ទៅកាន់ លោក ប៉ា សុជាតិ​វង្ស ថា ពួកគេ​យល់ព្រម​ទទួលយក​គោលការណ៍​ទាំងពីរ​ចំណុច​របស់​អាជ្ញាធរ។ ប៉ុន្តែ​លោក​បាន​សំណូម​ថា អាជ្ញាធរ​គួរតែ​ផ្តល់​សំណង​ឲ្យ​បាន​សមរម្យ ដែល​អាច​ឲ្យ​ប្រជាជន មាន​លំនៅដ្ឋាន​ថ្មី​ក្នុង​ការរស់នៅ។ «យើង​មិន​ចង់​ចេញពី​កន្លែងចាស់ ដោយ​យើង​គ្មាន​ជម្រក ច្បាស់លាស់ គ្មាន​ផ្សារ សាលារៀន មន្ទីរពេទ្យ​សម្រាប់​រស់នៅ​ទេ។ អាជ្ញាធរ​ចង់​លុបបំបាត់ សំណង់អាណាធិបតេយ្យ ដូច្នេះ​អាជ្ញាធរ​គួរ​គិត​រឿងនេះ»។ នេះ​ជាការ​លើកឡើង​របស់លោក សួស ណា​មី។

ទាក់ទិន​នឹង​វិធានការ​នេះ នាយក​លេខាធិការដ្ឋាន​អង្គការ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀរ ភារ​ម្យ បាន​សម្តែង​ការគាំទ្រ​នឹង​សកម្មភាព​របស់​អាជ្ញាធ​រ​ក្រុងភ្នំពេញ ដែល​បង្កើត ឲ្យ​មាន​វេទិកា​ពិភាក្សា​រក​ដំណោះស្រាយ​ផ្ទាល់​ជាមួយ​ប្រជាជន។ ហើយ លោក​សំណូម​ថា អាជ្ញាធរ​គួរ​សិក្សា និង​ទទួលយក​ក្តីកង្វល់​ដែលជា​បញ្ហា​ប្រឈម​នានា របស់​ប្រជាជន បន្ថែមទៀត។ លោក​សង្កត់​ថា៖«អាជ្ញាធរ​គួរតែ​យក​មតិ​របស់​ពលរដ្ឋ​មក​សិក្សា​ឲ្យ​ច្បាស់ ជៀសវាង ពួកគាត់​ចាកចេញ​ពី​លំនៅដ្ឋាន ដោយ​បាត់បង់​ការរកចំណូល​គាត់  ពិសេស​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ការសិក្សា​របស់​កុមារ»៕



© រក្សាសិទ្ធិដោយ thmeythmey.com