ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន ស្រមៃ​ចង់​ធ្វើជា​គ្រូបង្រៀន​និង​អ្នកបើក​យន្តហោះ
13, Oct 2015 , 3:40 pm        
រូបភាព
រូបពីហ្វេសប៊ុក៖Samdech Hun Sen, Cambodian Prime Minister
រូបពីហ្វេសប៊ុក៖Samdech Hun Sen, Cambodian Prime Minister
ដោយ:
 
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយ​អំពី​អាជីព​ក្នុង​ក្តី​ស្រមៃ​របស់លោក​ប្រាប់​និស្សិត​នៃ​សាកលវិទ្យាល័យ​ន័​រ​តុ​ន​ថា លោក​មានបំណង​ចង់​ក្លាយជា​គ្រូបង្រៀន​មួយរូប​ប៉ុណ្ណោះ ហើយក៏​មិនដែល​បាន​គិតថា លោក​នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ដែរ។



ឆ្នាំ ២០១៥ នេះ លោក ហ៊ុន សែន មាន​វ័យ ៦៥ ឆ្នាំ និង​គ្រង​តំណែង​ជា​នាយករដ្ឋមន្ត្រី​អស់​រយៈពេល ៣០ ឆ្នាំ​មកហើយ។ រយៈពេល ៣០ ឆ្នាំ ក្នុង​តំណែង​ដឹកនាំ​ប្រទេស​នេះ លោកនាយក​រដ្ឋមន្ត្រី ជួប​រឿងរ៉ាវ​មិនតិច​ឡើយ មាន​ទាំង​រឿង​ល្អ និង​រឿង​អាក្រក់។

តាមពិតទៅ​លោកនាយក​រដ្ឋមន្ត្រី​ដែល​តែងតែ​ហៅ​ខ្លួនឯង​ថា ជា«អ្នកនយោបាយ​ជើង​យូរ» មិនដែល​មាន​ក្តី​ស្រមៃ​ចង់​ក្លាយជា​នាយករដ្ឋមន្ត្រី​ម្តងណា​នោះឡើយ។ អាជីព​ក្នុង​សុបិន​របស់​យុវជន​ស្រុក​ស្ទឹងត្រង់ គ្រាន់តែ​ចង់​ធ្វើជា​គ្រូបង្រៀន និង​អ្នកបើក​យន្តហោះ​ប៉ុណ្ណោះ។

ក្នុងអំឡុង​ពេលធ្វើ​បាឋកថា ស្តីពី «នយោបាយ ឈ្នះ ឈ្នះ នៅ​កម្ពុជា» នៅ​ចំពោះមុខ​និស្សិត​សាកលវិទ្យាល័យ​ន័​រ​តុ​ន​ជិត១ពាន់​នាក់ នៅ​ថ្ងៃទី ១៥ ខែមិថុនា​នេះ ខណៈដែល​កំពុងនិយាយ​ពី​ចំណុច​ល្អ​របស់ខ្លួន​អំពី​នយោបាយ​ឈ្នះ​ឈ្នះ​ដែល​នាំ​ឲ្យ​កម្ពុ​ជាមាន​សន្តិភាព​នោះ លោក ហ៊ុន សែន ឆ្លៀត​និយាយ​ពី​ក្តី​ស្រមៃ​របស់ខ្លួន​កាលពី​អតីតកាល​យ៉ាងនេះ​ថា៖« ក្តី​ស្រមៃ​របស់ខ្ញុំ​ចង់​ត្រឹមតែ​ធ្វើជា​គ្រូបង្រៀន​ទេ។ ហើយ​ពេល​ប្រទេស​មាន​សង្គ្រាម ខ្ញុំ​ស្រមៃ​ចង់​ក្លាយជា​អ្នកបើក​យន្តហោះ» ។ អតីត​ក្មេង​វត្ត​រូបនេះ​បន្ថែម​ដូច្នេះ​ថា៖« ខ្ញុំ​មិនដែល​ស្រមៃ​ចង់​ធ្វើជា​នាយករដ្ឋមន្ត្រី​អ្វី​នោះទេ។ ខ្ញុំ​មិនដឹងថា វាសនា​អ្វី​បានជា​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយជា​នាយករដ្ឋមន្ត្រី​នោះឡើយ ហើយ​ធ្វើ​នាយករដ្ឋមន្ត្រី បានយូរ​ទៀត»។

នៅពេលដែល​ថ្លែង​ដល់​ជីវិត​ជា​នាយករដ្ឋមន្ត្រី​អស់​រយៈពេល៣០ឆ្នាំ​មកនេះ លោក ហ៊ុន សែន ហាក់​មាន​មោទកភាព​ណាស់​ចំពោះ​ការរក្សា​តំណែង​របស់ខ្លួន​បានយូរ។ លោក បាន​និយាយថា លើ​លោក​នេះ គ្មាន​នរណា​មួយ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​បានយូរ​ដូចជា​រូបលោក​នោះទេ។ មូលហេតុ​ដែល​លោក​ធ្វើជា​នាយករដ្ឋមន្ត្រី​បានយូរ និង​ប្រជាជន​នៅតែ​ស្រឡាញ់​គាំទ្រ​រូបលោក​នោះ ដោយសារតែ​ការលះបង់​របស់លោក​ក​ន្ល​ង​មក​ក្នុង​បុព្វហេតុ​ដើម្បី​ជា​មាតុភូមិ​តែប៉ុណ្ណោះ មិនមែន​ដើម្បី​ក្រុម ឬ​បក្ស​ខ្លួន​ឡើយ។ នេះ​ជាការ​អះអាង​របស់លោក ហ៊ុន សែន ដែល​នឹង​ក្លាយជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com