ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកកាសែតជាតិ និងអន្តរជាតិ ពិបាក​​យក​ព័ត៌មាននៃ​​​កិច្ច​ប្រជុំ​ព្រំដែនកម្ពុជា-វៀតណាម
09, Jul 2015 , 4:53 pm        
រូបភាព
 អ្នកកាសែតជាតិ និងអន្តរជាតិ កំពុងតែទន្ទឹងរង់ចាំវត្តមានលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែន​កម្ពុជា និងលោក Ho Xuan Son មន្រ្តី​ជាន់ខ្ពស់​ព្រំដែនវៀតណាម ដើម្បី​ចុះហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​លទ្ធផលនៃកិច្ច​ប្រជុំអស់រយៈពេល ២ ថ្ងៃមកនេះ។ អស់រយៈពេល ២ ថ្ងៃមកនេះ ពោលគឺចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែកក្កដា មន្រ្តីព្រំដែនទាំងពីរ គ្មានអ្នកណាមួយនិយាយពីលទ្ធផលនៃ​កិច្ចប្រជុំនោះទេ។



នៅថ្ងៃទី ០៩ ខែកក្កដា ជាថ្ងៃទី ៣ ហើយនៃការពិភាក្សាគ្នាស្តីបញ្ហា​ព្រំដែនកម្ពុជា-វៀតណាម តែគ្រាន់តែថ្ងៃនេះ មន្រ្តីប្រទេស​ទាំងពីរជួបគ្នា​សរសេរ​ពីលទ្ធផល ហើយចុះហត្ថលេខានូវ​ចំណុច​ដែល​ភាគី​ទាំងពីរ​ព្រម​ព្រៀងគ្នាក្នុងកិច្ច​ប្រជុំប៉ុណ្ណោះ។ តែដោយសារតែភាពមិនច្បាស់លាស់ និងហាក់​បី​ដូច​ជា​ចង់លាក់កំបាំងព័ត៌មានផងនោះ មន្រ្តីព្រំដែននៃ​ប្រទេសទាំងពីរព្យាយាមមិនផ្តល់​ព័ត៌មាន​ច្បាស់លាស់ដល់អ្នកកាសែតនោះទេ។ 

ម្តងប្រាប់អ្នកកាសែតថា នៅព្រឹកថ្ងៃទី ០៩ ខែកក្កដា នេះ ពួកគេបើកកិច្ចប្រជុំ​នេះ​បន្ត តែដល់ពេលអ្នកកាសែតទៅដល់ទីប្រជុំ​នៅទីស្តី​ការ​គណៈរដ្ឋមន្រ្តី បែរជាមិនធ្វើទៅវិញ ដោយមន្រ្តី​ទាំងនោះ គ្រាន់​តែ​និយាយថា ពួកគេចុះហត្ថលេខា​លើលទ្ធផលដែលបាន​សម្រេចពីកិច្ចប្រជុំរយៈពេល​ ២ ថ្ងៃមកនេះ ។ ហើយពេលវេលានៃពិធីចុះ​ហត្ថលេខា ដំបូងមន្រ្តីប្រាប់ថា ធ្វើ​នៅម៉ោង ១១ ព្រឹក បន្ទាប់មកថា ធ្វើនៅម៉ោង ១ កន្លះ, ម៉ោង ៣ រសៀល។ តែឥឡូវដល់​ម៉ោង ៤ និង ៥០ សិបនាទីទៅហើយ ដែលអ្នក​កាសែតរង់ចាំអស់រយៈពេល​ច្រើនម៉ោង​ហើយនោះ ពិធីនេះនៅមិនទាន់ចាប់ផ្តើមទៀត។ អស់រយៈពេល ៣ ថ្ងៃទាំងថ្ងៃនេះហើយ ដែលអ្នកកាសែតជាតិ​ និងអន្តរជាតិខំចំណាយពេលតាមដាន ហើយគ្មានរឿង​សរសេរព្រោះតែមន្រ្តី​ បដិសេធថា គ្មានលទ្ធផល។ នៅម៉ោងជិត ៥ នេះ ថ្ងៃទី ០៩ កក្កដា នេះ ក៏ក្រុមអ្នកសារព័ត៌មានកំពុងតែបារម្ភ​ខ្លាច​គ្មាន​ព័ត៌មាន ព្រោះពួកគេមិនប្រាកដថា មន្រ្តីព្រំដែន​ប្រទេស​ទាំងពីរនឹងធ្វើសន្និសីទកាសែត ឬយ៉ាងណានោះទេ ៕


© រក្សាសិទ្ធិដោយ thmeythmey.com