ជាតិ
នយោបាយជាតិ
កូនប្រុសច្បងស្លាប់ ស្វាមីត្រូវបញ្ជូនទៅព្រៃស ក្នុងថ្ងៃតែមួយ
× «ចង់យំក៏យំមិនចេញ ចង់ឆ្កួតក៏ឆ្កួតមិនកើតដែរ!» នេះជាការត្អូញត្អែជាមួយនឹងអារម្មណ៍ស្រងេះស្រងោចរបស់អ្នកស្រី ទិត្យ ណារិន បន្ទាប់ពីកូនច្បងបានស្លាប់ ហើយស្វាមីជាប់ពន្ធនាគារក្នុងថ្ងៃតែមួយ។ អ្នកស្រី ណារិន គឺជាភរិយារបស់លោក អ៊ុក ពេជ្រសំណាង សកម្មជនរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារ៧ឆ្នាំកាលពីថ្ងៃទី២២ ខែកក្កដា ម្សិលមិញនេះ។
លោក អ៊ុក ពេជ្រសំណាង ស្ថិតក្នុងចំណោមសកម្មជន១១នាក់របស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកាត់ទោសពីបទ«ដឹកនាំកុបកម្ម និងអំពើចូលរួមក្នុងអំពើកុបកម្ម» ពាក់ព័ន្ធនឹងករណីហិង្សាកើតឡើងនៅក្បែរស្ពាននាគកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ។ លោក មាជ សុវណ្ណារ៉ា លោក អឿ ណារិទ្ធ និងលោក ឃិត ជំរឿន ត្រូវជាប់ពន្ធនាគារ២០ឆ្នាំ ខណៈលោក អ៊ុក ពេជ្រសំណាង និងសកម្មជន៧នាក់ផ្សេងទៀត ត្រូវជាប់គុក៧ឆ្នាំ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗពីវត្តទឹកថ្លា ទីតាំងដែលបានបូជាសពកូនប្រុសនាព្រឹកមិញនេះ អ្នកស្រី ទិត្យ ណារិន បានលើកឡើងថា ហេង មេសា គឺជាកូនប្រុសច្បងក្នុងចំណោមកូន៤នាក់របស់អ្នកស្រី និងលោក អ៊ុក ពេជ្រសំណាង។ គេបានស្លាប់ក្នុងអាយុ៣០ឆ្នាំ ដោយសារជំងឺបូសថ្លើម។
អ្នកស្រី ណារិន បានបញ្ជាក់ថា៖ «ជំងឺរបស់ មេសា រើខ្លាំងនារយៈពេល៣សប្តាហ៍ចុងក្រោយនេះ។ គេបានស្លាប់កាលពីថ្ងៃអង្គារ ខណៈដែលឪពុកកំពុងប្រឈមមុខនឹងតុលាការ។ ប្តីរបស់ខ្ញុំអាចមិនដឹង ឬក៏ដឹងស្រពិចស្រពិលពីការស្លាប់របស់កូន ដោយសារតែខ្ញុំមិនមានពេលទៅជួបគាត់នោះឡើយ»។
អ្នកស្រី បានអះអាងថា មេសា គឺជាកូនប្រុសសំណព្វរបស់លោក សំណាង ហើយអ្នកស្រី និងក្រុមគ្រួសារមិនទាន់មានឱកាសប្រាប់គាត់ផ្ទាល់នោះឡើយ ពីព្រោះបន្ទាប់ពីការប្រកាសសាលក្រម លោក សំណាង និងសកម្មជន១០នាក់ផ្សងទៀតត្រូវបានចាប់បញ្ចូលក្នុងរថយន្តទ្រុង បញ្ជូនទៅពន្ធនាគារព្រៃសភ្លាមៗ ។
អ្នកស្រីបានត្អូញត្អែរថា៖ «ខ្ញុំពិតជាមានអារម្មណ៍វិលវល់ខ្លាំងណាស់ ចង់យំក៏យំមិនចេញ ចង់ឆ្កួតក៏ឆ្កួតមិនកើតដែរ។ ខ្ញុំមានគម្រោងទៅប្រាប់ប្តីផ្ទាល់មាត់នាថ្ងៃស្អែក ហើយបន្តស្វែងរកថវិកាដើម្បីរៀបចំបុណ្យ៧ថ្ងៃរបស់កូនប្រុសថែមទៀត»៕
Tag:
លោក អ៊ុក ពេជ្រសំណាង
សកម្មជនរបស់គណបក្សសង្គ្រោះជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com