ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទូរទស្សន៍​ក្រសួងមហាផ្ទៃ៖ ចិន​ចាប់យក​វិស័យ​នគរបាល​ខ្មែរ ?
30, Jul 2015 , 1:52 pm        
រូបភាព
នៅពេលដែល​ក្រសួងមហាផ្ទៃ​បង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ (ទូរទស្សន៍ និង​វិទ្យុ) អ្នកតាមដាន​ស្ថានការណ៍​សង្គម​កម្ពុជា​មិនទាន់​ហ៊ាន​និយាយ​អំពី​ការរីកចម្រើន​ក្នុង​វិស័យ​សារព័ត៌មាន ដូច​អ្នកកាសែត​ឡើយ។ តែ​ពួកគេ​ឆ្ងល់​ទៅវិញ។



វា​ហាក់​គ្មាន​ភាពចាំបាច់​ឡើយ​ដែល​ក្រសួងមហាផ្ទៃ​ត្រូវបាន​បង្កើត​វិទ្យុ និង​ទូរទស្សន៍​របស់ខ្លួន​នោះ។ លោក អ៊ូ វីរៈ អ្នកតាមដាន​ស្ថានការណ៍​សង្គម​កម្ពុ​ជាយ​ល់​ឃើញ​យ៉ាងនេះ។ «ខ្ញុំ​ថា វា​គ្រាន់តែ​ជាការ​ពង្រឹង​ការឃោសនា​លើ​វិស័យ​ប្រដាប់អាវុធ។ វា​មិនមែនជា​សញ្ញា​ល្អ​ប៉ុន្មាន​ទេ។ វា​ជា​ការផ្តល់អំណាច​ជ្រុល​ពេក​ទៅលើ​វិស័យ​ប៉ូលីស»។ នេះ​ជាការ​អត្ថាធិប្បាយ​របស់​លោក អ៊ូ វីរៈ មុននឹង​លោក​រំ​ឮ​កថា កម្ពុជា​កំពុងធ្វើដំណើរ​ទៅ​ដូច​ប្រទេស​ថៃ ដែល​នៅ​ទីនោះ កងទ័ព​ក៏មាន​បណ្តាញ​ផ្សព្វផ្សាយ​របស់ខ្លួន។

ប្រធាន​សមាគម​អាដហុក លោក ធន សារាយ ក៏​និយាយ​ភ្លាម​ដែរ​ថា លោក​មិន​យល់​ពី​មូល​ហេតុដែល​ក្រសួងមហាផ្ទៃ​ត្រូវបាន​បង្កើត​វិទ្យុ និង​ទូរទស្សន៍​ផ្ទាល់ខ្លួន​នោះ។ ដូច​លោក អ៊ូ វីរៈ ដែល លោក ធន សារាយ រំ​ឮ​ក​បែប​ឆ្ងល់​ថា ហេតុអ្វី​សាលា​រាជធានី​ភ្នំពេញ​មាន​ទូរទស្សន៍ប៉ុស្តិ៍​លេខ៣ កងទ័ព​មាន​ទូរទស្សន៍ប៉ុស្តិ៍៥ ហើយ​ឥឡូវ​ក្រសួងមហាផ្ទៃ​មាន​ទូរទស្សន៍​ខ្លួនឯង​ទៀត ? នេះ​លោក ធន សារាយ មិន​និយាយ​ពី​ទូរទស្សន៍​ជាតិ​ផង។ «ខ្ញុំ​គ្រាន់តែ​គិតថា វា​ច្រើនពេក។ យើង​មាន​ស្ថានីយទូរទស្សន៍​កាន់តែច្រើន​មែន ប៉ុន្តែ​វា​សុទ្ធតែជា​ស្ថានីយ​ដែលមាន​ជំហរ​ប្រកាន់បក្ស​នយោបាយម្ខាងៗ ។ យើង​នៅ​ខ្វះ​ទូរទស្សន៍​អព្យាក្រឹត ឬ​វិជ្ជាជីវៈ​ដែល​ផ្តល់ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ»។ ទោះយ៉ាងណា​ក៏ដោយ ប្រធាន​សមាគម​ការពា​រ​សិទ្ធិមនុស្ស​អាដហុក​សង្ឃឹម​ថា ទូរទស្សន៍​របស់​ប៉ូលីស​នឹងមាន​ឥទ្ធិពល​ក្នុងការ​ផ្សព្វផ្សាយ​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​គោរព​ច្បាប់ កាត់បន្ថយ​ករណី​អសន្តិសុខ​សង្គម​ជាដើម។

និយាយ​មកដល់​ត្រង់នេះ លោក កៃ គឹម​សុង និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ជា​ភាសា​ខ្មែរ​បាន​យល់ស្រប។ ថ្នាក់ដឹកនាំ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​រូបនេះ មិន​និយាយ​ដល់​បញ្ហានយោបាយ​នោះឡើយ តែ​បាន​សាទរ​គម្រោង​បង្កើត​ទូរទស្សន៍ និង​វិទ្យុ​របស់​ក្រសួងមហាផ្ទៃ។ លោក កៃ គឹម​សុង ដែល​យល់ថា ចិន​គ្រាន់​តេ​មាន​សណ្តាន​ចិត្ត​ជួយឧបត្ថម្ភ​ក្រសួងមហាផ្ទៃ​ឲ្យ​បង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ បាន វាយតម្លៃ​យ៉ាង​ដូច្នេះ៖«សម្រាប់​ខ្ញុំ គឺ​វា​ល្អ។ វា​បង្ហាញ​ពី​បរិយាកាស​រីកចម្រើន​ក្នុង​វិស័យ​សារព័ត៌មាន​ទៅវិញ​ទេ។ យើង​ដឹង​ហើយ​ថា​ក្រសួងមហាផ្ទៃ​មាន​វេ​ប​សាយ​ព័ត៌មាន​របស់ខ្លួន ហើយក៏​ទើបតែ​បង្កើតបាន​កាសែត ក្នុងពេលថ្មីៗនេះ​ទៀត។ ដូច្នេះ ក្រសួងមហាផ្ទៃ​មាន​វិទ្យុ និង​ទូរទស្សន៍​ដើម្បី​បង្កើន​ការផ្សព្វផ្សាយ​សកម្មភាព និង​ព័ត៌មាន​សន្តិសុខ​របស់​ខ្លួន វា​ក៏​ជា​ប្រការ​ល្អ​ដែរ»។

វា​អាចជា​រឿង​ល្អ​ក្នុង​ក្របខណ្ឌ​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន​មែន ប៉ុន្តែ​នៅពេលដែល​ទូរទស្សន៍​និង​វិទ្យុ​របស់​ក្រសួងមហាផ្ទៃ​ត្រូវ​សហការ​ជាមួយ​ក្រុមហ៊ុន​នៃ​ប្រទេស​ចិន​នោះ ការ​នេះ​វា​ក៏​បង្កើត​ឲ្យ​មានការ​ព្រួយបារម្ភ​ខ្លះ​សម្រាប់​លោក អ៊ូ វីរៈ និង​លោក ធន សារាយ​ដែរ។ ខណៈ​លោក ធន សារាយ គិតថា​ទូរទស្សន៍« ក្រសួងមហាផ្ទៃ-ចិន » នឹង​ក្លាយជា​ឧបករណ៍​មួយ ទៀត​ដែល​នាំ​វប្បធម៌​ចិន​ចូលមក​កម្ពុជា​នោះ លោក អ៊ូ វីរៈ មើលឃើញថា​ចិន​កំពុង​ចាប់យក​វិស័យ​នគរបាល​មួយទៀត ក្រៅពី​យោធា​របស់​កម្ពុជា។ ចំពោះ​លោក អ៊ូ វីរៈ មហាអំណាច​ចិន​កំពុងតែ​ប្រើប្រាស់​វិស័យ​ការពារជាតិ និង​គម្រោង​អភិវឌ្ឍ ដើម្បី​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​ក្នុង​តំបន់។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ លោក ម៉ៅ ប៊ុណា​រិ​ន បាន​ពន្យល់​អំពី​មូលហេតុ​នៃ​ការបង្កើត​ទូរទស្សន៍ប៉ុស្តិ៍​លេខ៦១ និង​វិទ្យុ​៩០.២៥MHz ថា ក្រសួងមហាផ្ទៃ​ចង់​បង្កើន​ការចាក់ផ្សាយ​ព្រឹត្តិការណ៍​ព័ត៌មាន​ទូទៅ ពិសេស នាទី​សន្តិសុខ​មាតុភូមិ ឲ្យ​បាន​ទាន់ពេលវេលា និង​ទៀងទាត់។ លោក​បន្តថា​ជាង ២០ឆ្នាំ​មកហើយ ដែល​ក្រសួងមហាផ្ទៃ​បាន​ផលិត​កម្មវិធី​ទូរទស្សន៍​មួយ​ឈ្មោះថា នាទី​សន្តិសុខ​មាតុភូមិ ដោយ​ធ្វើការ​ចាក់ផ្សាយ​តាមរយៈ​បណ្តា​ស្ថានីយទូរទស្សន៍​មួយចំនួន​ក្នុងប្រទេស។ ប៉ុន្តែ​ដោយ សារ តែ​ការប្រកួតប្រជែង​ក្នុង​វិស័យ​សោតទស្សន៍​កាន់តែ​តានតឹង ដែល​ធ្វើ​ឲ្យ​ទូរទស្សន៍​ទាំងនោះ​បន្ថយ​ការផ្សព្វផ្សាយ​កម្មវិធី​សន្តិសុខ​របស់​ក្រសួងមហាផ្ទៃ ទើប​ក្រសួង​ត្រូវ​ពង្រីក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់ខ្លួន​ដោយផ្ទាល់៕


Tag:
 ស​ ខេង ទូរទស្សន៍ ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com