ជាតិ
អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ និយាយ​ខុសច្បាប់?
20, Aug 2015 , 1:38 pm        
រូបភាព
រាប់ពីខាងឆ្វេង៖ លោក សុក សំអឿន លោក ហុង សុខហួរ លោក គឹម សន្តិភាព លោក នី ចរិយា
រាប់ពីខាងឆ្វេង៖ លោក សុក សំអឿន លោក ហុង សុខហួរ លោក គឹម សន្តិភាព លោក នី ចរិយា
ដោយ:
ក្រោយពី​តុលាការ​ចាត់វិធានការ​លើ ហុង សុខ​ហួរ មន្ត្រី​រដ្ឋាភិបាល​ភិ​បាល បានធ្វើ​សន្និសីទកាសែត ព្យាយាម​បកស្រាយ​ការពារ​ចំណាត់ការ​របស់​តុលាការ ខណៈដែល​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​អ្នកច្បាប់​មួយចំនួន​រិះគន់​នីតិវិធី​របស់​តុលាការ​លើ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី លោក ហុង សុខ​ហួរ។ លើសពីនេះ លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ និយាយថា តុលាការ​អាច​នឹងមាន​ចំណាត់ការ​លើ​លោក សម រង្ស៊ី ប្រសិនបើ​រកឃើញ​កំហុស។ អ្នកច្បាប់ មន្ត្រីជាន់ខ្ពស់​អង្គការក្រៅរដ្ឋាភិបាល បានចាត់ទុក​ការលើកឡើង​របស់​អ្នកនាំពាក្យ​រូបនេះ ចេះតែ​និយាយ​ការពារ​កំហុស​រដ្ឋាភិបាល ផ្ទុយ​ពី​ច្បាប់។

 

 
លោក ផៃ ស៊ី​ផាន លោក គឹម សន្តិភាព បាន​ចេញមុខ​អត្ថាធិប្បាយ​ពី​ករណី​ចាប់ខ្លួន​សមាជិក​ព្រឹទ្ធសភា គណបក្ស​សម រង្ស៊ី លោក ហុង សុខ​ហួរ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ។ លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ព្រលយ​សម្តី​ថា បន្ទាប់ពី​លោក ហុង សុខ​ហួរ តុលាការ​អាច​នឹងមាន​វិធានការ​លើ​លោក សម រង្ស៊ី បើ​រកឃើញថា លោក សម រង្ស៊ី មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណីនេះ។ «ករណី​លោក សម រង្ស៊ី សូមបញ្ជាក់ថា ករណីនេះ បញ្ហា​ព្រហ្មទណ្ឌ​ជាក់ស្តែង យើង​អនុវត្ត​លើ​ជន​ដែល​ប្រព្រឹត្ត​ផ្ទាល់...។ ប៉ុន្តែ​ក្នុងករណី​បណ្តឹង​ដែល​កំពុង​ស្ថិតនៅក្នុង​បណ្តឹង​តុលាការ វា​ជា​សិទ្ធិអំណាច​របស់​តុលា​ការ ហើយ​ប្រសិនបើ​តុលាការ​រកឃើញថា មាន​ចំណងទាក់ទង​ណាមួយ​នោះ ចំណាត់ការ​នីតិវិធី​ព្រហ្មទណ្ឌ​នឹងមាន»។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ខាងលើ។ 
 
ការលើកឡើង​របស់លោក គឹម សន្តិភាព ផ្ទុយ​ពី​ច្បាប់ ហើយ​គ្រាន់តែ​ដើម្បី​លាក់បាំង​នូវ​កំហុស​របស់​រដ្ឋាភិបាល និង​តុលាការ​ប៉ុណ្ណោះ។ នេះ​ជាការ​រិះគន់​របស់លោក នី ចរិយា អនុបណ្ឌិត​ច្បាប់ និង​ជា​មន្ត្រីជាន់ខ្ពស់​អង្គការអាដហុក។ លោក នី ចរិយា មិន​ញញើត​នឹង​និយាយថា តុលាការ​ចាប់ខ្លួន​លោក ហុង សុខ​ហួរ ទាំង​គ្មាន​កំហុស ហើយ​កាន់តែ​ខុស​បើ​តុលាការ​មាន​វិធានការ​លើ​លោក សម រង្ស៊ី ទៀត​នោះ។ លោក​ថា លោក ហុង សុខ​ហួរ មិន​ត្រឹមតែ​មិនបាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​ទេ ថែមទាំង​មិនបាន​ប្រព្រឹត្ត​បទល្មើស​ក្លែងបន្លំ​ឯកសារ​សាធារណៈ ឬ​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ ដូច​ការចោទប្រកាន់រ​បស់​តុលាការ និង​រដ្ឋាភិបាល​នោះឡើយ។
 
លោក គឹម សន្តិភាព បាន​លើក​អំណះអំណាង​ដោយ​ផ្អែកទៅលើ​មាត្រា ៨៦ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ថា លោក ហុង សុខ​ហួរ ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​មែន ដែល​អាច​ឲ្យ​តុលាការ​ចាប់ខ្លួន​រូបលោក ដោយ​មិនចាំបាច់​ដក​អភ័យឯកសិទ្ធិ​ជា​សមាជិក​ព្រឹទ្ធសភា​ជាមុន។ អ្នកនាំពាក្យ​រូបនេះ ពន្យល់​ពី​និយមន័យ​នៃ​បទល្មើស​ជាក់ស្តែង​យ៉ាងនេះ​ថា៖« ទី ១ បទល្មើស​ដែល​កំពុង​ប្រព្រឹត្ត ទី២ បទល្មើស​ដែល​ប្រព្រឹត្ត​រួច​ភ្លាម។ ដូច្នេះ​ក្រឡេក​មក​មើល​ករណីនេះ​វិញ ទី ១ នៅពេល​លោក ហុង សុខ​ហួរ កំពុង​ផលិត​វីដេអូ គឺ​គ្មាន​នរណា​ដឹង​ទេ  ទី ២ ដឹងថា​កើត​បទល្មើស គឺ​នៅពេលដែល​គាត់​បង្ហោះ​ឯកសារ​នេះ​ចេញ​តែម្តង។ នេះហើយ​កំណត់ថា បទល្មើស​កំពុង​កើតឡើង…..។ ករណីនេះ នៅពេល​បង្ហោះ​នៅលើ Page សម រង្ស៊ី សមត្ថកិច្ច បានធ្វើ​ករណីនេះ​ភ្លាម បន្ត​រហូត ព្រោះ​យោងតាម​មាត្រា ១០៦ ធ្វើជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃ​មាន​បទល្មើស​កើតឡើង​រហូតដល់ ៧ ថ្ងៃ ព្រោះ​គាត់​ផ្សព្វផ្សាយ​នៅលើ​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក»។
 
មក​ស្តាប់​ពី​អំណះអំណាង​របស់លោក នី ចរិយា វិញ ដែលថា លោក ហុង សុខ​ហួរ មិនបាន​ប្រព្រឹត្ត​បទល្មើស​ក្លែងបន្លំ​ឯកសារ​សាធារណៈ​នោះ លោក ពន្យល់​ដូច្នេះ​ថា៖« តាមច្បាប់ បទល្មើស​ក្លែង​ឯកសារ​សាធារណៈ លុះត្រាតែ​ជន​នោះ បាន​ក្លែង​ឯកសារ​សាធារណៈហើយ ធ្វើជា​សំណើណាមួយ ឲ្យ​អ្នកដទៃ ឬ​អាជ្ញាធរ យល់ព្រម​តាម​សំណើរ​របស់ខ្លួន។ បែបនេះ បាន​គេ​ហៅថា ក្លែង​ឯកសារ​សាធារណៈ។ អនុបណ្ឌិត​ច្បាប់​រូបនេះ បញ្ជាក់បន្ថែម​យ៉ាងនេះ​ទៀតថា៖« ករណី​លោក ហុង សុខ​ហួរ គាត់​គ្រាន់តែ​បកស្រាយ ឬ​គ្រាន់តែ​ធ្វើ​បទ​បង្ហាញ​មួយ​ប៉ុណ្ណោះ។ ចុះបើ​អ្នកធ្វើ​បទ​បង្ហាញ​ដទៃទៀត និយាយ​ខុស​មិន​ជាប់គុក​អស់ហើយ? វា​គ្រាន់តែ​ជា​ទស្សនៈ​នៃ​បុគ្គល​ម្នាក់​ទេ»។ 
 
អ្នកច្បាប់​ដ៏​ល្បី​នៅ​កម្ពុជា​មួយរូប ក៏បាន​ចេញមុខ​វែកញែក​ករណី​នេះដែរ។ លោក​មេធាវី សុក សំអឿន មិនទាន់​ហ៊ាន​សន្និដ្ឋានថា លោក ហុង សុខ​ហួរ ប្រព្រឹត្ត​បទល្មើស​ក្លែង​ឯកសារ​សាធ​រណៈ​ឬ​យ៉ាងណា​នោះទេ។ តែ​លោក​មិន​យល់ស្រប​នឹង​ការលើកឡើង​របស់លោក គឹម សន្តិភាព ដែលថា លោក ហុង សុខ​ហួរ ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​នោះទេ។ «រូប​នៅលើ​ហ្វេ​ស​ប៊ុ​ក គ្រាន់តែ​ជា រូបភាព មិនមែន​មនុស្ស​កំពុង​ប្រព្រឹត្ត​នោះឡើយ។ វា​មិនមែនជា​បទល្មើស​ជាក់ស្តែង​ទេ»។ លើសពីនេះ លោក​មេធាវី អះអាងថា ការ​បង្ហោះ​វីដេអូ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មិនមែនជា​ការផ្សព្វផ្សាយ​ជា​សាធារណៈ​ឡើយ ពីព្រោះ​គ្មាន​ច្បាប់​ណា​ចែង។ «នៅលើ​សកលលោក​នេះ គេ​មិនបាន​កំណត់ថា ការ​បង្ហោះ​អ្វីមួយ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន ជាការ​ផ្សព្វផ្សាយ​សារ​ធា​រណៈ​ទេ។ កម្ពុជា​យើង​ក៏​មិនទាន់មាន​ច្បាប់​គ្រប់​គ្រង់​ប្រព័ន្ធ​អ៊ី​ធឺ​ណេ​ត​ដែរ»។ នេះ​ជាការ​សង្កត់ធ្ងន់​របស់​លោក សុក សំអឿន។
 
សូម​រម្លឹកថា សមត្ថកិច្ច​បាន​ចាប់ខ្លួន លោក ហុង សុខ​ហួរ កាលពី​ព្រឹក​ថ្ងៃទី១៥ ខែសីហា នៅ​ភូមិគ្រឹះ​មួយកន្លែង ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ក្រោយពី​លោក ហុង សុខ​ហួរ បកស្រាយ​សន្ធិសញ្ញា​រដ្ឋា​ភិ​បាល​សម័យ​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា​ជាមួយ​វៀតណាម​ប្រាសចាក​ការពិត។ នៅ​ថ្ងៃទី១៥សីហា ដដែល ព្រះរាជអាជ្ញារង មាស ច័ន្ទ​ពិសិដ្ឋ បាន​ចោទប្រកាន់​លោក ហុង សុខ​ហួរ ប្រព្រឹត្ត​បទល្មើស​ចំនួន ៣ ករណី រួមមាន ក្លែងបន្លំ​ឯកសារ​សាធារណៈ  ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ភាពអនាធិបតេយ្យ ដល់​សន្តិសុខ តាម​មាត្រា ៦២៩ ៦៣០ និង៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com