អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
កូរ៉េទាំង​ពី​របាញ់ផ្លោងដាក់គ្នា ហើយប្រជាជនជាប់ព្រំដែនរត់ភៀសខ្លួន
20, Aug 2015 , 4:24 pm        
រូបភាព
ដោយ:
 ថ្ងៃព្រហស្បតិ៍​នេះ កូរ៉េខាង​ត្បូង​សម្រេច​បាញ់​ផ្លោង​តប​វិញ​ ក្រោយ​ពេលដែល​ទាហាន​កូរ៉េខាងជើង​បាន​បាញ់​គ្រាប់​រ៉ុហ្កែត​ផ្លោងចូល​ទឹក​ដីខ្លួន​។អ្នក​នាំ​ពាក្យក្រសួងការពារ​ជាតិ​កូរ៉េខាងត្បូងបាន​បញ្ជាក់ថា​ប្រជាជន​ច្រើនគ្រួសារ​ត្រូវបានគេ​ណែនាំឲ្យភៀសខ្លួន​ចេញ​ពីព្រំដែន​ក្រោយមាន​ការ​បាញ់​តបតគ្នានេះដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។


ក្រសួង​ការពារ​ជាតិ​កូរ៉េខាង​ត្បូង​បាន​ប្រកាស​ថា ​កងកម្លាំង​របស់ខ្លួនបានសម្រេចបាញ់តបត​ចូលដីកូរ៉េខាងជើងវិញ ក្រោយពេលដែល​កងទ័ពកូរ៉េខាងជើង​បាញ់​គ្រាប់រ៉ុហ្កែតចូលទឹកដីខ្លួនមុននៅរសៀលថ្ងៃព្រហស្បតិ៍នេះ។ មិនមានរបាយការណ៍ណាមួយបញ្ជាក់ពីអ្នកស្លាប់ ឬបាត់បង់ជីវិតឡើយ ប៉ុន្តែ​កូរ៉េខាងត្បូង​បាន​បញ្ជាឲ្យមានការជម្លៀសប្រជាជន​នៅជាប់តំបន់ដែលមានការប៉ះទង្គិចគ្នានេះ ដើម្បីការពារគ្រោះថ្នាក់។ កូរ៉េខាងត្បូង​បាញ់តបត​វិញ​ដោយប្រើប្រាស់កាំភ្លើងធំច្រើនគ្រាប់ ហើយ​បើតាមសម្តី​អ្នកនាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ក្រុង​សេអ៊ូល កងកម្លាំង​កូរ៉េខាងត្បូង​ត្រៀមលក្ខណៈរួចជាស្រេចនិងប្រុងជើងការ​ហើយ​សម្រាប់តបត​ បើសិនជាមាន​ករណី​វាយប្រហារ​ទ្រង់ទ្រាយធំ​កើតឡើង​នោះ។​ 

ការបាញ់ផ្លោង​ដាក់​គ្នា​នេះ​កើត​ឡើង​ក្រោយ​មានការ​តានតឹង​ដាក់គ្នាខ្លាំង​រយៈពេលប៉ុន្មានថ្ងៃចុងក្រោយ។ មិនមានការបញ្ជាក់ច្បាស់ឡើយ​ថា តើកូរ៉េខាងជើងបាញ់សម្តៅ​ទាហាន​កូរ៉េខាងត្បូង​ឬយ៉ាងណា ប៉ុន្តែ​ជារួម​គេ​វាយតម្លៃថា គ្រាប់របស់កូរ៉េខាងជើង​បាញ់សម្តៅមេក្រូ និងគ្រឿងបំពងសំឡេងរបស់កូរ៉េខាងត្បូងដែលឃោសនាក្តែងៗបង្ខួចឈ្មោះរបបដឹកនាំ​ក្រុង​ព្យុងយ៉ាង​ប៉ុណ្ណោះ។ កន្លងមក​កូរ៉េខាងជើង​បាន​ទាមទារ​ម្តង​ជាពីរ​ដង​ឲ្យ​ក្រុង​សេអ៊ូលដកឧបករណ៍ទាំងនោះចេញឲ្យអស់ពីព្រំដែន ប៉ុន្តែ​កូរ៉េខាងត្បូង​មិនខ្ចីស្តាប់និងធ្វើតាមការទាមទារឡើយ។

កូរ៉េខាងត្បូងគ្រោង​នឹង​កោះប្រជុំបន្ទាន់មួយ ដើម្បីជជែកពិភាក្សា​ពី​ការ​វិវត្តន៍​នៃស្ថានការណ៍​ជារួមនៃការ​ប៉ះទង្គិចគ្នានេះដែរ។ គេមិនរំពឹងថាស្ថានការណ៍នេះកាន់តែអាក្រក់ទេ ព្រោះជាច្រើន​លើកច្រើនសារមកហើយដែលភាគីទាំងពីរបាញ់ឆ្លងឆ្លើយដាក់គ្នាវិញទៅមក។  ហើយម្យ៉ាងបើកម្ទេច​ឧបករណ៍​ឃោសនា​នោះបាន​​សម្រេច​ហើយ​ កូរ៉េខាងជើងក៏​មិន​បន្តបាញ់ផ្លោងទៀតដែរ។ អាចនិយាយថា ភាគីទាំងពីរមិនអាចបន្តធ្វើឲ្យការបោះះទង្គិចគ្នានេះកាន់តែធ្ងន់ធ្ងរ រហូតរីករាលដាលទៅជា​សង្គ្រាម​បានឡើយ។ 

ស្ថានការណ៍ជារួមនៅឧបទ្វីបកូរ៉េ កាន់តែ​ក្តៅខ្លាំង​ក្រោយពេលដែល​ក្រុងសេអ៊ូល​ចោទ​ក្រុងព្យុងយ៉ាង​ថា​បាន​បង្កប់មីន​នៅ​តំបន់គ្មានយោធា​ ដែល​បាន​ធ្វើឲ្យ​ទាហានខ្លួនរង​របួស​កន្លងមក។ ក្រុងព្យុង​យ៉ាងខឹងច្រលោតដែរ ព្រោះសម្តីចោទប្រកាន់គ្មានភស្តុតាងរបស់ក្រុងសេអ៊ូលនេះ។ បន្ថែមពីនេះ កូរ៉េខាងត្បូង​ក៏សម្រេចបន្ត​ធ្វើសមយុទ្ធយោធា​ទ្រង់ទ្រាយធំ​ប្រចាំ​ឆ្នាំ ជាមួយ​អាមេរិក​នៅក្បែរៗព្រំដែន​កូរ៉េខាងជើងទៀត ទោះជាកូរ៉េខាងជើងគំរាមខ្លាំងប៉ុណ្ណាក្តី។ អ្វីដែលគេបារម្ភ កូរ៉េខាងជើងបានព្រមានថានឹងវាយប្រហារ​អាមេរិក​ដោយប្រើប្រាស់អាវុធ​ប្រល័យលោកដែលខ្លួនមានដែរ បើសិនកូរ៉េខាងត្បូងនិងអាមេរិក​ចរចេសរឹងរូសបន្តធ្វើសមយុទ្ធទៀត។ ប៉ុន្តែដល់ថ្ងៃធ្វើសមយុទ្ធចាប់ផ្តើម កូរ៉េខាងជើង​ស្រាប់​តែ​ស្ងៀម​ស្ងាត់​មិនមាន​សកម្មភាពអ្វីសោះ៕ 


© រក្សាសិទ្ធិដោយ thmeythmey.com