ព័ត៍មានសុខភាព
សុខភាព៖ វិធី​បំបាត់​ស្លាកស្នាម ដោយសារ​មុន​បាន​លឿន​បំផុត
31, Aug 2015 , 7:42 am        
រូបភាព
ដោយ: ថ្មីៗ
ប​ញ្ហ​មុន អាចជា​ដើមហេតុ នាំ​ឲ្យ​មានការ​ឈឺចាប់​ខ្លាំង និង​បង្ក​ជំងឺ​លើ​ស្បែក​គួរ​ឲ្យ​ខ្មាសអៀន ហើយក៏​បង្កើតជា​ស្លាកស្នាម ក្រោយពី​ជំងឺ​មុន​ជា​ទៅវិញ​ដែរ។ ខណៈពេលដែល​ស្លាកស្នាម​របស់​វា ភាគច្រើន​នឹង​បាត់ទៅ​វិញ​ដោយ​ខ្លួនឯង ក្នុង​រយៈពេល​ច្រើន​ខែក្រោយ​នោះ វា​ក៏​មានរឿង​ជាច្រើន ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​បង្កើនល្បឿន​របស់​វា ហើយក៏​គួរ​ចៀសវាង ការ​មាន​ស្នាម​ពណ៌​ខ្លាំង​បន្ថែមទៀត​ដែរ។ ការពិត​នោះ​គឺថា អ្នកនឹង​មិនអាច​ធ្វើ​ឲ្យ​ស្លាកស្នាម​ដោយសារ​ជំងឺ​មុន បាត់​ទៅវិញ​ក្នុង​រយៈពេល​តែមួយ​យប់​នោះទេ តែ​ការព្យាបាល​ដោយ​ខ្លួនឯង អាច​នឹង​ជួយ​ដល់​អ្នក​បាន។

 
លាបទឹក​ក្រូចឆ្មាស្រស់ៗ
ទឹកក្រូច​ឆ្មារ មាន​សមាសធាតុ ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​តាមបែប​ធម្មជាតិ ហើយក៏​អាចជួយ​ផ្តល់​ភាព​ស​ស្អាត​វិញ ទៅលើ​ស្លាកស្នាម​ដោយសារ​ជំងឺ​មុន​ដែរ។ ចូរ​លាយ​ទឹក​ក្រូចឆ្មារ​នឹង​ទឹក​ធម្មតា ហើយ​យក​វា​មក​លាប​លើ​ស្នាម​ទាំងនោះ​ដោយផ្ទាល់​ទៅ ប៉ុន្តែ ចូរ​ចៀសវាង​ស្បែក​ធម្មតា ដែល​នៅ​ជុំវិញ​នោះ​ផង។ ចូរ​លាងជម្រះ​ចេញ ក្រោយពី​លាប​បាន ១៥ ទៅ ២០ នាទី ឬ​អ្នក​ក៏​អាច​ប្រើ​ទឹកក្រូច​ឆ្មារ ធ្វើជា​ម៉ាស​បិទមុខ​ពេញ​មួយ​យប់​ក៏បាន​ដែរ។ ទោះបីជា​យ៉ាងណាក៏ដោយ ដោយសារតែ​ទឹកក្រូច​ឆ្មារ​មាន​កម្រិត pH ២ ហើយ pH របស់​ស្បែក មាន​រហូតដល់ ៤ ទៅ ៧ ដូច្នេះ បើសិនជា​លាប​ទឹកក្រូច​ឆ្មា​រលើ​ស្បែក​យូរពេក វា​អាច​នឹង​បង្ក​ឲ្យ​មានការ​រលាក​ស្បែ​កបាន។ ទឹក​ផ្លែឈើ​ដែលមាន​រសជាតិជូរៗ មាន​សារ​ធាតុគីមី​ម្យ៉ាង​ឈ្មោះថា Bergapten ដែល​ទៅ​តោង​ភ្ជាប់​នឹង DNA ហើយក៏​អនុញ្ញាតិ​ឲ្យ​កាំរស្មី UV អាច​បំផ្លាញ​ស្បែក​បាន​យ៉ាង​ងាយ។ ចូរ​ចាំ​ថា ត្រូវ​ផ្តល់​សំណើម​ដល់​ស្បែកភ្លាមៗ ក្រោយពី​លាងជម្រះ​ទឹកក្រូច​ឆ្មារ​រួច  ព្រោះ​សារធាតុ Citric Acid ក្នុង​ទឹកក្រូច​ឆ្មារ អាចធ្វើ​ឲ្យ​ស្បែក​ស្ងួត​ខ្លាំង​បាន។
 
ប្រើ​ទឹកឃ្មុំ
ទឹកឃ្មុំ គឺជា​សូលុយស្យុង​ធម្មជាតិ​ដ៏​ល្អ​មួយ សម្រាប់​លាង​ជម្រុះ​ស្នាម​មុន និង​កាត់បន្ថយ​កន្ទួលក្រហមៗ ដែល​សល់​ពី​ជំងឺ​មុន។ នេះ​ដោយសារតែ​ទឹកឃ្មុំ ផ្ទុក​ទៅដោយ​សារធាតុ​ប្រឆាំងនឹង​បាក់តេរី និង​អាចជួយ​សម្អាត​ដល់​ស្បែក និង​កាត់បន្ថយ​ការ​រលា​កបាន។ ទឹកឃ្មុំ គឺជា​ជម្រើស​ដ៏​ល្អ​មួយ សម្រាប់​អ្នក​ដែលមាន​បញ្ហា​ស្បែក ព្រោះ​វា​អាចជួយ​ផ្តល់​សំណើម​ដល់​ស្បែក និង​មិន​បង្ក​ការ​រលា​កទៀត។
 
សាកល្បង​ជាមួយ​ប្រទាល​កន្ទុយក្រពើ
រុក្ខជាតិ​ប្រភេទ​ប្រទាល​កន្ទុយក្រពើ​នេះ គឺជា​សារធាតុ​លាង​សម្អាត​បែប​ធម្មជាតិ​មួយ ដែល​អាច​បំបាត់​ស្លាកស្នាម ចាប់តាំងពី​ការ​រលាក រហូតដល់​របួស ដោយសារ​ជំងឺ​មុន​ទៀតផង។ វា​ជួយ​បង្កើន​កោសិកា​ស្បែក​ឡើងវិញ និង​ផ្តល់​សំណើម​ដល់​ស្បែក ជំរុញ​ដល់​ការលុបបំបាត់​ស្លាកស្នាម​ដោយសារ​ជំងឺ​មុន។ អ្នក​ក៏​អាច​យក​ទឹក​ប្រទាល​កន្ទុយក្រពើ​នេះ លាប​លើ​ស្នាម​មុន ដោយ​មិនបាច់​លាងជម្រះ​ចេញ​ក៏បាន​ដែរ។
 
ប្រើ​ដុំ​ទឹក​កបួន​ជ្រុង
ដុំ​ទឹកកក គឺជា​របៀប​ព្យាបាល​ដោយ​ខ្លួនឯង បែប​សាមញ្ញ​បំផុត ដែល​អាចជួយ​អ្នក​លុបបំបាត់​ស្លាកស្នាម ដោយសារ​ជំងឺ​មុន​បាន តាមរយៈ​លុបបំបាត់​ស្បែក​ដែល​រលាក និង​កាត់បន្ថយ​ភាព​ឡើង​ក្រហម។ ដើម្បី​អាច​ប្រើប្រាស់​វា​បាន អ្នក​គ្រាន់តែ​ខ្ចប់​ដុំ​ទឹកកក​បួន​ជ្រុង ក្នុង​ក្រណាត់​ស្អាត​មួយ ហើយ​យក​វា​ទៅ​ស្អំ លើ​ស្បែក​ដែលមាន​ស្នាម រយៈពេល​មួយ​ទៅ​ពីរ​នាទី រហូតដល់​មាន​អារម្មណ៍​ថា កន្លែង​នោះ​ស្ពឹក។ អ្នក​ក៏​អាច​យក​ទឹកតែ​បៃតង​ក្លាសេ​ឲ្យ​កក ហើយ​ធ្វើ​ដូចគ្នា​ក៏បាន​ដែរ ព្រោះតែ​បៃតង មាន​សារធាតុ​ប្រឆាំងនឹង​ការ​រលាក ដែល​អាច​ផ្តល់​ប្រសិទ្ធភាព​កាន់តែ​ល្អ៕ 
 
ត្រួតពិនិត្យ​ដោយ www.health.com.kh
 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com