ជាតិ
ក្រសួង​អប់រំ​ទុក​រយៈពេល៣០ថ្ងៃ សម្រាប់​ការប្ដឹងតវ៉ា​ចំពោះ​លទ្ធផល​ប្រឡង
13, Sep 2015 , 12:17 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រសួង​អប់រំ យុវជន និង​កីឡា បញ្ជាក់ថា បេក្ខជន មាតាបិតា អ្នកអាណាព្យាបាល ឬ​អ្នកពាក់ព័ន្ធ​ដែល​មិន​ពេញ​ចិត្តនឹង​លទ្ធផល​នៃ​ការប្រឡង មាន​សិទ្ធិ​ប្ដឹងតវ៉ា​មក​ក្រសួង ក្នុង​រយៈពេល៣០ ថ្ងៃ ចាប់​ពីថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង។



នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​អប់រំ បាន​សរសេរ​បញ្ជាក់ថា៖ «អ្នកប្ដឹង​តវ៉ា​ត្រូវ​សរសេរ​ជា​លាយលក្ខណ៍អក្សរ​ត្រឹមត្រូវ មាន​ភស្តុតាង មានឈ្មោះ មុខរបរ អាសយដ្ឋាន​ច្បាស់លាស់ និង​មានការ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន»។

ក្រសួង​បន្ថែមថា ក្នុងករណី​មាន​ពាក្យបណ្ដឹង ឬ​ពិនិត្យឃើញថា ការប្រឡង​មាន​ភាពមិនប្រក្រតី​លើ​កិច្ចការ​របស់​បេក្ខជន និង​លើ​ការអនុវត្ត​ភារកិច្ច​របស់​គណៈមេប្រយោគ និង​គណៈកម្មការផ្សេងៗ ក្រសួង​ត្រូវបង្កើត គណៈកម្មការ​កោសល្យវិច័យ។

កាលពី​ថ្ងៃ​ម្សិលមិញ​សកម្មជន​នយោបាយ​វ័យក្មេង​ដ៏​ល្បី​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កញ្ញា ធី សុវណ្ណ​ថា ស្នើ​ឲ្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ពិនិត្យ​កំណែ​វិញ្ញាសា​របស់ខ្លួន​ឡើងវិញ ក្រោយពី​ខ្លួន​បរាជ័យ នៃ​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំនេះ។

សិស្ស​ដែល​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ ២០១៥ នេះ មាន​ចំនួន ៥៥,៨៨ ភាគរយ គឺ​ស្មើនឹង ៤៦៥៦០ នាក់ ក្នុងចំណោម​សិស្ស​ប្រឡង​ទាំងអស់ ៨៣៣២៥ នាក់។ សិស្ស​ប្រឡង​ជា ប់​និទ្ទេស A  មាន​ចំនួន ១០៨ នាក់ និទ្ទេស B មាន​ចំនួន ១០៨៥ នាក់​និង​និទ្ទេស C មាន​ចំ​នួ ន ៣២៩២ នាក់។

សិស្ស​រម្លឹកថា កាលពី​ឆ្នាំ ២០១៤ កន្លងទៅ សិស្ស​ដែល​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ​ទាំងពីរ​លើក​មាន​ចំនួន​តែ​ជាង ៤០ ភាគរយ​តែប៉ុណ្ណោះ៕


Tag:
 បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com