ពីនេះ ពីនោះ
ភេ​រោម​ច្រមុះ​មានវត្តមាននៅ​ខេត្តបាត់ដំបង, កំពង់ធំ, មណ្ឌលគិរី, និង​ខេត្តកោះកុង
25, Oct 2015 , 2:19 pm        
រូបភាព
ដោយ: ថ្មីៗ

ភិនភាគ៖ ភេ​រោម​ច្រមុះ​មាន​ប្រវែង​ក្បាល-ដងខ្លួន ៥០-៨២ស.ម ប្រវែង​កន្ទុយ ៤៥-៥០ស.ម និង​មាន​ទម្ងន់​ពី ៥-៦គ.ក។ វា​មាន​ទំហំ​តូច​ជាង​ភេ​ខ្លួន​រលោង និង​ភេ​ក្បាល​សំប៉ែត។ នៅលើ​ខ្នង​មាន​ពណ៌​ត្នោត ហើយ​នៅ​សង្ខាង​ខ្នង ពោះ និង​ទ្រូង​មាន​ពណ៌​ព្រលែត។ ចង្កា បបូរមាត់​លើ​បំពង់ក​មាន​ពណ៌​ស។ វា​មាន​រោម​នៅ​នឹង​ចុង​ច្រមុះ។ កន្ទុយ​មាន​រាង​មូល។



ជីវសាស្ត្រ៖
វា​ចូលចិត្ត​រស់នៅ​តាម​តំបន់ដីសើម​វាលទំនាប​ដូចជា ព្រៃកោងកាង ព្រៃ Melaluca ព្រៃ​វាលភក់ និង​តំបន់ដីសើម​លិច​ទឹក។ ទោះបីជា​វា​មាន​វត្តមាន​នៅក្នុង​ប្រភេទ​ព្រៃ​ទាំងអស់នេះ​ក៏ដោយ ក៏​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ប្រភេទ​នេះ​ត្រូវបាន​កត់ត្រា​ពី​វត្តមាន​របស់​វា​នៅ​រយៈកម្ពស់​រហូតដល់ ៥០០ម ផងដែរ។

រប៉ាយ​រស់នៅ៖ នៅក្នុង​ប្រទេស​កម្ពុជា វា​មាន​វត្ត​មាននៅ​ព្រែកពាក់​កន្ទេល(ខេត្តបាត់ដំបង) និង​បឹង​ឆ្មា (ទន្លេសាប​ភាគ​ឦសាន​ខេត្តកំពង់ធំ)។ វា​ក៏មាន​វត្តមាន​នៅតាម​តំបន់​ផ្សេងទៀត​ដែរ ដូចជា នៅ​ខេត្តមណ្ឌលគិរី និង​តំបន់ឆ្នេរ​ជុំវិញ ស្រែអំបិល (ខេត្តកោះកុង)។ ប្រភេទ​នេះ​ក៏មាន​វត្តមាន​នៅក្នុង​ភាគខាងត្បូង​ប្រទេស​រៀ​ត​ណា​ម ប្រទេស​ថៃ ម៉ាឡេស៊ី កោះ​ស៊ូ​ម៉ា​ត្រា និង​កោះ​បរ​ណេ​អូ​ផងដែរ។

ស្ថានភាព​អភិរក្ស៖ ភេ​រោម​ច្រមុះ​ស្ថិតក្នុង​ក្រុម​ប្រភេទ​មាន​ដោយ​កម្រ និង​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (DD) ថា​ជា​ប្រភេទ​ពុំមាន​ទិន្នន័យ​គ្រប់គ្រាន់។ ភេ​រោម​ច្រមុះ​កំពុង​រងគ្រោះថ្នាក់​ដោយសា​រការ​ទាក់​ចាប់ ដើម្បី​ធ្វើ​ពាណិជ្ជកម្ម និង​បាត់បង់​ទីជម្រក៕




© រក្សាសិទ្ធិដោយ thmeythmey.com