ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ាង ឫទ្ធី​៖ លោក ម៉ម សូណង់ដូ ឲ្យ​ខ្ញុំ​វាយប្រហារ​តែ CNRP កុំ​ប៉ះពាល់ CPP
04, Nov 2015 , 11:17 am        
រូបភាព
 
​លោក ហ៊ាង ឫទ្ធី អនុប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​ចូលខ្លួន​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ទាក់ទង​នឹង​បណ្តឹងសុំ​រំលាយ​គណបក្ស​ចេញពី​បញ្ជី​របស់​ក្រសួងមហាផ្ទៃ​។ ការដាក់​បណ្ដឹង​ឲ្យ​រំលាយ​គណបក្ស​នេះ​ធ្វើឡើង​ក្រោយពី​លោក ហ៊ាង ឫទ្ធី និង​លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​នេះ មានទំនាស់​ផ្ទៃក្នុង​បក្ស​ជាមួយគ្នា​។​

 
​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ការឆ្លើយបំភ្លឺ​នៅ​តុលាការ លោក ហ៊ាង ឫទ្ធី បន្ត​លើកឡើងថា លោក ម៉ម សូណង់ដូ គឺជា​អ្នកប្រជាធិបតេយ្យ​ក្លែងក្លាយ​។ លោក​បាន​កត់សម្គាល់ថា លោក ម៉ម សូណង់ដូ ទំនង​ជាមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​
 
​លោក ហ៊ាង ឫទ្ធី បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «ខ្ញុំ​គ្រាន់តែ​បញ្ជាក់ជូន​អត្ថន័យ​ទេ។ រឿង​ភស្តុតាង​ដែល​ខ្ញុំ​បានឃើញ​គាត់(លោក​ម៉ម សូណងដូ) ជា​ឧបករណ៍​គណបក្ស​ប្រជាជន​នោះ​គឺ​មិនឃើញ​ទេ។ ក៏ប៉ុន្តែ​អ្វីដែល​ខ្ញុំ​ច្បាស់​ជាងគេ​គឺ​គាត់​បង្គាប់​ខ្ញុំ អនុប្រធាន​គណបក្ស​ឲ្យ​វាយប្រហា​តែ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​វាយ​គណបក្ស​ប្រជាជន​កម្ពុជា មានន័យថា​គាត់​មាន​ទំនាក់ទំនង​ជាមួយ​គណ​បក្ស​ប្រជាជន​បាត់ទៅហើយ។ អត្ថន័យ​បានន័យថា មិនមែនជា​គណបក្ស​ឯករាជ្យ គណបក្ស​បម្រើ​ឆ​ន្ទះ​ប្រជាពលរដ្ឋ​ខ្មែរ​នោះទេ»​។ 
 
​ជាមួយគ្នានេះ​ផងដែរ លោក ហ៊ាង ឫទ្ធី ជឿជាក់ថា ថ្នាក់ដឹកនាំ​គណបក្ស​សំបុក​ឃ្មុំ សង្គម​ប្រជាធិបតេយ្យ គ្មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ប្រជែង​ជាមួយ​គណបក្ស​ដទៃទៀត​នោះឡើយ​។​
 
​សារព័ត៌មាន​ថ្មីៗ មិនអាច​អាច​សុំ​បំភ្លឺ​ពី​លោក ម៉ម សូណង់ដូ បាន​ឡើយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​៕
 

Tag:
 គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com