ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ថា ខ្លួន​នឹង​ការពារ​កូនលោក ហ៊ុន សែន បើ​ថ្ងៃ​ណាមួយលោក ហ៊ុន សែន មានរឿង​​នៅ​​តុលាការ​
13, Nov 2015 , 9:57 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​អះអាងថា ប្រសិនបើ​ថ្ងៃ​ណាមួយ​លោក ហ៊ុន សែន ត្រូវ​តុលាការ​ចោទប្រកាន់​ពីបទ​ល្មើស​អ្វីមួយ​នោះ រូបលោក​នឹង​ចេញមុខ​ការពារ​មុនគេ នូវ​កូនៗ​របស់លោក​នាយករដ្ឋមន្ត្រី​។ លោក សម រង្ស៊ី ថ្លែង​បែបនេះ រយៈ ពេល​តែ​ជាង ៦ ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​លោក ហ៊ុន សែន ថ្លែង​សារ​នយោបាយ​វាយប្រហារ​រូបលោក​ខ្លាំងៗ​។​



​ការលើកឡើង​របស់លោក សម រង្ស៊ី ធ្វើឡើង​តាមរយៈ​សារ​អេ​ឡិច​ត្រ​និ​ច ផ្ញើ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់ កាលពី​ម៉ោង ២៣ និង​៣០ នាទី ថ្ងៃទី ១២ ខែវិច្ឆិកា ហើយ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​បន្ត​ដោយសារ​សារព័ត៌មាន Fresh News ។ សារ​របស់លោក សម រង្ស៊ី ដែល​ផ្ញើ​ទៅ​លោក ហ៊ុន សែន បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ហៅ​លោក សម រង្ស៊ី ថា «​កូន​អា​ក្បត់ជាតិ​»  យ៉ាងនេះ​ថា​៖ «​បើ​ថ្ងៃ​ណាមួយ លោក ហ៊ុន សែន ត្រូវគេ​ចោទប្រកាន់​ពី​រឿង​អ្វីមួយ នៅ​ចំពោះមុខ​តុលាការ​ណាមួយ ខ្ញុំ​នឹង​ចេញមុខ​មុនគេ ការពារ​កូន​របស់លោក បើ​កូន​ទាំងនោះ​ទទួល​នូវ​ការស្តីបន្ទោស​ណាមួយ ពីព្រោះ​កូន​មិនមែនជា​អ្នកទទួលខុសត្រូវ ហើយក៏​មិន​ពាក់ព័ន្ធ​អ្វី ទៅនឹង​រឿង​ដែល​គេ​ចោទ ប្រកាន់​ឪពុក​នោះទេ​»​។​

​ជាមួយគ្នានេះ នៅក្នុង​សារ​អ៊ីមែល​ដដែល​នោះ លោក សម រង្ស៊ី ក៏បាន​លើកឡើង​ពី​បញ្ហា​អំពើហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការដកតំណែង​លោក កឹម សុខា ពី​អនុប្រធាន​ទី ១ នៃ​រដ្ឋសភា ដែល​ធ្វើ​ឲ្យ​បរិយាកាស​នយោបាយ​អាក្រក់​និង​ជា​ឧបសគ្គ​ដល់​ការបោះឆ្នោត នៅ​ឆ្នាំ ២០១៧ និង ឆ្នាំ ២០១៨ ។​«​ទង្វើ​ទាំងអស់នេះ អាចជា​ផ្នែក​នៃ​គម្រោង​មួយ ដែល​គេ​រៀបចំឡើង ដើម្បី​បង្អាក់ដំណើរ​ការបោះឆ្នោត ទាំងមូល តែម្តង​។ នេះ​គ្រាន់តែ​ជា យោបល់ របស់ខ្ញុំ​»​។ នេះ​ជាការ​ឆ្លើយតប​របស់លោក សម រង្ស៊ី ជុំវិញ​បញ្ហា​បោះឆ្នោត​នាពេលខាងមុខ ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី​ចោទ​លោក សម រង្ស៊ី ថា និយាយ​គ្មាន​ភស្តុតាង ហើយ​អាច​ប្រឈម​នឹង​ផ្លូវច្បាប់​៕


Tag:
 ហ៊ុន សែន​
  សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com