ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អេង ឆៃអ៊ាង ហៅ​ដីកាចាប់ខ្លួន​លោក សម រង្ស៊ី ថា ខុស​នីតិវិធី​
13, Nov 2015 , 4:48 pm        
រូបភាព
​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង យល់ថា ដីកាតាម​ចាប់ខ្លួន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ខ្លួន​នាពេលនេះ គឺជា​រឿង​នយោបាយ ដែល​មិនមាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​ឡើយ​។​លោក បាន​និយាយ​បែប​ចំអក​ទៅលើ​ដីកា​ចាប់ខ្លួន​នេះ​វិញ​ថា តុលាការ​អនុវត្ត​ដីកាចាប់ខ្លួន​លោក សម រង្ស៊ី តាម​អំណាច​អ្នកនយោបាយ ។



​លោក អេង ឆៃអ៊ាង បានចាត់ទុក​ករណីនេះ​ថា «​មិនមែនជា​រឿង​ឈឺចាប់​ទេ តែ​ជា​រឿង​គួរ​ឲ្យ​អស់សំណើច » ដែល​អ្នកនយោបាយ​នៅ​កម្ពុជា នៅតែ​ចង់យក​ចាញ់​យកឈ្នះ​គ្នា ។​«​ខ្ញុំ​យល់ថា​នេះ​គឺជា​រឿង​នយោបាយ​ទាំងអស់ ដែល​មិនមាន​ច្បាប់ទម្លាប់​ច្បាស់លាស់ ព្រោះ​លោក សម រង្ស៊ី បាន​ចូល​ស្រុក​នៅ​ឆ្នាំ​២០១៣ ចុះ​ម៉េច​បានជា​តុលា​ការមិន​ព្រម​បង្គាប់​ចាប់ខ្លួន​។ ហើយ​ឥឡូវ​តុលាការ​ទើប​ចេញ​ដីកា​ចាប់ខ្លួន នៅពេល​លោក សម រង្ស៊ី មាន​អភ័យឯកសិទ្ធិ​ទៅវិញ ក្រោយ​អ្នកនយោបាយ​កាន់អំណាច ព្រមាន​បក្សប្រឆាំង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក អេង ឆៃអ៊ាង ដែល​លោក​បាន​ចំអក​ទៅលើ​ប្រព័ន្ធយុត្តិធម៌​កម្ពុជា​ទៀតថា ច្បាប់​ស្រុក​ខ្មែរ​ចង់​ធ្វើ​អ្វី​ក៏បាន ឲ្យ​តែ​អ្នកមានអំណាច​នយោបាយ​ចង់​ឈ្នះ អ្នកនយោបាយ​គណបក្ស​ប្រឆាំង​។​

ក្រោយពី​តុលាការ​បានចេញ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​នេះ​លោក សម រង្ស៊ី ក៏បាន​ដឹង​ពី​ដំណឹង​នេះដែរ ដោយ​លោក​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា «ដីកា បង្គាប់ ឲ្យ ចាប់ខ្លួន ចំពោះ រូប​ខ្ញុំ ទើបតែ​ត្រូវគេ​បញ្ចេញ បួន-ដប់ នាទី មុននេះ»។


​លោក ស៊ឺ វណ្ណ​នី ព្រះរាជ​អ​ជ្ញា​រង​សាលា​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ បានចេញ​ដីការ​ចាប់ខ្លួន​លោក សម រង្ស៊ី តាម​អំណាច​សាល​ដិ​កា​ស្ថាពរ ចុះ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៣ របស់​សាលាឧទ្ធរណ៍​។ លោក សម រង្ស៊ី ត្រូវ​ចោទប្រកាន់​ពីបទ បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មានការ​រើសអើង ប្រព្រឹត្តទៅ​នៅ​សារមន្ទីរ​ជើងឯក កាលពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០០៨ ។​

​ក្នុង​សំណុំ​រឿងនេះ លោក សម រង្ស៊ី ត្រូវ​តុលាការ​រាជធានី​ភ្នំពេញ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ និង​ពិន័យ​៨​លាន​រៀល ហើយ​សាលាឧទ្ធរណ៍​បានសម្រេច​ចំណាយ​សំណុំរឿង​ចេញពី​បញ្ជី​ក្តី​សាលាឧទ្ធរណ៍ តែ​លោក​មិនទាន់​ទទួល​ការអនុវត្តន៍​ទោស​ឡើយ​៕


Tag:
 អេង ឆៃអ៊ាង
  សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com