ជាតិ
​​​ន​យោ​បាយ​ជាតិ​
សមាជិកសភា​អាមេរិក​មួយក្រុម​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ឈប់​ធ្វើបាប​បក្សប្រឆាំង​
05, Dec 2015 , 3:54 pm        
រូបភាព

​សមាជិកសភា​អាមេរិក​មួយក្រុម​បាន​សរសេរ​លិខិត​មក​លោក ហ៊ុន សែន ដោយផ្ទាល់​ដើម្បី​ស្នើ​លោក ហ៊ុន សែន ឲ្យ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​គណបក្សប្រឆាំង​នៅ​កម្ពុជា រួមទាំង​លោក សម រង្ស៊ី ដែលជា​មេដឹកនាំ​គណបក្សប្រឆាំង​ផង​។ ការអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី អង្គការ សមាគម និង​ការវាយដំ​អ្នកតំណាងរាស្ត្រ​២​រូប​របស់​គណបក្សប្រឆាំង បានធ្វើ​ឲ្យ​លំហ​ប្រជាធិបតេយ្យ​របស់​កម្ពុជា​រួម​តូច​។ នេះ​ជាការ​អត្ថាធិប្បាយ​របស់​ក្រុម​សមាជិកសភា​អាមេរិក​ដដែល​។​



​សមាជិកសភា​អាមេរិក​១៦​រូប​បាន​សរសេរ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​ដូច្នេះ​ថា​៖«​យើង​សូម​អំពាវនាវ​ឲ្យ​លោក​បញ្ឈប់​ជាបន្ទាន់ ការ​បៀតបៀន និង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​គណបក្សប្រឆាំង ហើយ​លុបចោល​ដីកាចាប់ខ្លួន​លោក សម រង្ស៊ី បោះបង់ចោល​រាល់​សកម្មភាព​ហិង្សា​ផ្នែក​នយោបាយ និង​ធ្វើយ៉ាងណា​ឲ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​រីកចម្រើន​ឡើងវិញ​»​។​
​ការទាមទារ​របស់​ក្រុម​សមា​ជិ​សភា​អាមេរិក ត្រូវបាន​ធ្វើឡើង​នៅក្នុង​លិខិត​រួមមួយ​ដែល​ពួកគេ​បាន​សរសេរ​ផ្ញើ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​៣​វិច្ឆិកា​ថ្មីៗ​នេះ​។ លិខិត​ដែល​ត្រូវបាន​ផ្ញើមក​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​តាមរយៈ​ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក ធ្វើឡើង​បន្ទាប់ពី​មេដឹកនាំ និង​តំណាងរាស្ត្រ​គណបក្សប្រឆាំង​បាន​ទទួលរង​ការវាយដំ​លើ​ខ្លួនប្រាណ ខណៈ​មេដឹកនាំ​កំពូល​ត្រូវបាន​តំណាងរាស្ត្រ​គណបក្សកាន់អំណាច​ដក​ដំណែង និង​ដក​អភ័យឯកសិទ្ធិ​។​

​សមាជិកសភា​អាមេរិក​បាន​សរសេរ​រ​ម្លឹ​កលោក​នាយករដ្ឋមន្ត្រី​កម្ពុជា អំពី​ករណី​មួយចំនួន​ដែល​បានកើត​ឡើង​នៅ​កម្ពុជា​រយៈពេល​ចុងក្រោយ​នេះ ហើយ​ដែល​ពួកគេ​អះអាង វា​បានធ្វើ​ឲ្យ​ប៉ះពាល់​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា​។ ករណី​ទាំងនោះ​រួមមាន​៖ ការអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី អង្គការ សមាគម ការវាយដំ​អ្នកតំណាងរាស្ត្រ​ដែល​ក្នុងនោះ មាន​លោក ញ៉យ ចំរើន ដែលមាន​សញ្ជាតិ​អាមេរិក​។​

«​ករណី​មួយចំនួន​ដែល​បាន​កើតឡើង​ចុងក្រោយ​នេះ វា​បានបង្ហាញ​អំពី​ការរួម​តួច​នៃ​លំហ​ប្រជាធិបតេយ្យ និង​សង្គម​ស៊ីវិល​នៅក្នុង​ប្រទេស​របស់លោក​។ សកម្មភាព​ទាំងនេះ គឺជា​សេចក្តី​វិនាស​នៃ​ស្ថាប័ន​ប្រជាធិបតេយ្យ ហើយក៏​បង្ក​ឲ្យ​មានការ​ខូចខាត​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ​ផងដែរ​»​។ នេះ​ជា​ព្រមាន​បស់​សមាជិកសភា​អាមេរិក​ទាំង​១៦​រូប​៕




Tag:
 ហ៊ុន សែន​
  សភា​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com