ពីនេះ ពីនោះ
កាល់ ម៉ាក្ស​៖ ដើម្បី​កែប្រែ​សង្គម​បាន ត្រូវតែ​ទៅយក​អំណាច​ឲ្យ​បាន​!
08, Dec 2015 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ធ្វើ​នយោបាយ​ដើម្បី​ទៅយក​អំណាច នេះ​គឺជា​ធម្មជាតិ​នៃ​ពាក្យ​ថា​នយោបាយ​។ ការ​ទៅយក​អំណាច​នេះ​គឺ​មានន័យថា ទៅយក​សិទ្ធិ​ក្នុង​ការធ្វើ​សេចក្ដីសម្រេចចិត្ត ក្នុង​កិច្ចការ​អ្វីមួយ​ដែលជា​កាតព្វកិច្ច​ក្នុងនាម​ជា​អ្នកដឹកនាំ អ្នកគ្រប់គ្រង ឬ​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ប្រទេស​ជាដើម​។ ចំណែក​ទស្សនវិទូ​ដែលមាន​គំនិត​ធ្វើ​បដិវត្តន៍សង្គម​ពី​ការគ្រប់គ្រង​បែប​មូលធននិយម​ទៅជា​ការគ្រប់គ្រង​បែប​កុម្មុយនីស្ដ​បានលើកឡើង​ថា «​ដើម្បី​កែប្រែ​សង្គម​បាន គឺ​ត្រូវតែ​ទៅយក​អំណាច​ឲ្យ​បាន​»។ មូលហេតុ​អ្វី​បានជា​លោក​យល់ឃើញ​បែបនេះ​?



​​ការគ្រប់គ្រង​សេដ្ឋកិច្ច​បែប​មូលធននិយម បាន​ជះឥទ្ធិពល​ទៅលើ​ទស្សនវិទូ​លោក កាល់ ម៉ាក្ស យ៉ាងខ្លាំង​។ ព្រោះតែ​ប្រព័ន្ធ​សេដ្ឋកិច្ច​នេះ​បានធ្វើ​ឲ្យ​ពួក​វណ្ណៈ​មូលធន​ជិះជាន់​វណ្ណៈ​អធន ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ មូលធននិយម គឺជា​ប្រព័ន្ធ​សេដ្ឋកិច្ច​មួយ ដែល​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ទាំងឡាយ​ត្រូវបាន​គ្រប់គ្រង​ដោយ​វិស័យ​ឯកជន​។ ក្រុម​ថៅកែ​គឺ​ចង់បាន​ចំណេញ​ច្រើន ហើយ​ចំណាយ​ទៅលើ​កម្មករ​ក្នុង​ចំនួន​ប្រាក់ខែ​តិច ប៉ុន្តែ​កម្មករ​ចង់បាន​ប្រាក់ខែ​ច្រើន តែ​ធ្វើការ​តិច និង​មាន​ម៉ោង​ពេល​កំណត់​ឲ្យ​បានច្បាស់លាស់​។ ក៏ប៉ុន្តែ​កម្មករ មិនអាច​ធ្វើការ​តវ៉ា​បាន ព្រោះតែ​ខ្លួន​គ្មាន​អំណាច​ដើម្បី​ទៅ​ទាមទារ​ពី​ថៅកែ​បាន​។ កត្តា​នេះហើយ​ដែល​ធ្វើ​ឲ្យ ម៉ាក្ស មើលឃើញថា ព្រោះតែ​កម្មករ​គ្មាន​អំណាច​ទើប​មិន​អាចធ្វើ​អ្វី​បាន​។ ហេតុនេះ​មានតែ​ការធ្វើ​បដិវត្តន៍សង្គម​ទៅជា​របប​ស្មើភាព​គ្នា​ទេ ទើប​អាច​ឲ្យ​កម្មករ និង​ក្រុមមនុស្ស​នៅក្នុង​វណ្ណៈ​អធន អាចមាន​សិទ្ធិ​ធ្វើ​សេចក្ដីសម្រេចចិត្ត​ចំពោះ​ជោគវាសនា​នៃ​កា​រស់នៅ​របស់ខ្លួន​បាន នោះ​គឺ​របប​គ្រប់គ្រង​បែប​កុម្មុយនីស្ដ​។​

​ការលើកឡើង​របស់​ទ​ស្សន​វិទូ កាល់ ម៉ាក្ស ទាក់ទង​អំណាច​ព្រោះ​មកពី​ហេតុផល​កម្មករ ក្រុមមនុស្ស​ដែល​ស្ថិតក្នុង​វណ្ណៈ​អធន និង​ក្រុមមនុស្ស​វណ្ណៈ​មូលធន​។ ប៉ុន្តែ​ទ្រឹស្ដី​នេះ គឺជា​ភាពត្រឹមត្រូវ​មួយ ទាំង​ផ្នែក​ទ្រឹស្ដី និង​ការអនុវត្ត​មួយចំនួនធំ​ផងដែរ​។ មិន​ថា​នៅក្នុង​ការគ្រប់គ្រង​សង្គម​តាមបែប​កុម្មុយនីស្ដ ប្រជាធិបតេយ្យ និង​សាធារណរដ្ឋ​ក្ដី អំណាច​គឺជា​មូលដ្ឋាន​នៃ​ការធ្វើ​សេចក្ដីសម្រេចចិត្ត​របស់​ក្រុម​មេដឹកនាំ​ដែល​ចង់​ធ្វើការ​ផ្លាស់ប្ដូរ​និង​កែប្រែ​សង្គម​។ បើសិនជា​ក្រុមមនុស្ស​ដែលមាន​ឆន្ទៈ​ធំ ចង់​កែប្រែ​សង្គម​ដែល​ខ្លួន​មើលឃើញ តែ​មិន​ព្រម​ឈ្មុសឈ្មុល​ទៅរក​អំណាច​ទេ ឱកាស​ដែល​ខ្លួន​អាច​ផ្លាស់ប្ដូរ​សង្គម​ក៏​មិន​អាចមាន​ច្រើន​នោះដែរ​។ ព្រោះ​មានអំណាច​ទើប​អាច​យក​គោលនយោបាយ​ដែល​ខ្លួន​ធ្វើទៅ​អនុវត្តន៍​បាន យកគំនិត​របស់ខ្លួន​ដាក់​ជា​ចំណុច​អត្ថិភាព​បាន មាន​សិទ្ធិ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ ដោយ​ប្រសិទ្ធភាព​ខ្ពស់​។​ល​។ ឧទាហរណ៍ នៅក្នុង​សង្គម​មួយ ក្រុមប្រឆាំង​ទាមទារ​ឲ្យ​រដ្ឋ​ធ្វើ​កិច្ចការ​នេះ ធ្វើ​កិច្ចការ​នោះ តែ​នៅ​មិន​ទទួលបាន​ការអនុវត្ត​តាម​អ្វីដែល​ខ្លួន​ស្នើរ ព្រោះ​ខ្លួន​គ្មាន​សិទ្ធិ​ធ្វើ​សេចក្ដីសម្រេចចិត្ត ដែល​នោះ​គឺជា​អំណាច​។​

​ជាការ​ពិតណាស់ ​ថ្វីដ្បិតតែ​អំណាច​គឺជា​មូលដ្ឋាន​នៃ​ការធ្វើ​សេចក្ដីសម្រេចចិត្ត ដើម្បី​ផ្លាស់ប្តូរ​សង្គម​ក៏ពិតមែន​ តែ​មិនមែន​មានន័យថា ការប្រើប្រាស់​អំណាច​មាន​លក្ខណៈ​ដូចគ្នា​នោះទេ​។ ភាពល្អ​អាក្រក់​នៃ​ការប្រើប្រាស់​អំណាច ​គឺ​អាស្រ័យទៅលើចិ​ត្ត និង​គំនិត របស់​បុគ្គល​ដែល​ត្រូវ​ទៅកាន់​អំណាច និង​ទទួលបាន​អំណាច​នោះ ថា​គាត់​ជាមនុស្សប្រភេទណា​ដែលចង់​កែប្រែ​សង្គម​ទៅជា​បែបណា​?

តែ​ជាគោលការណ៍​ គឺ​អំណាច​ជា​មាគ៌ា​សំខាន់​សម្រាប់​បុគ្គល​គ្រប់រូប ដើម្បី​អនុវត្តន៍​ការគិត​របស់ខ្លួន ផែន​ការ​របស់ខ្លួន និង​ឆន្ទៈ របស់ខ្លួន​ទៅតាម​មុខនាទី និង​ព្រំដែន​អំណាច​របស់ខ្លួន៕ 


© រក្សាសិទ្ធិដោយ thmeythmey.com