ជាតិ
សង្គមជាតិ
ថ្មីៗ​ប្រើ​គោរមងារ​«​សម្តេច ហ៊ុន សែន​» និង​ «ឯកឧត្តម សម រង្ស៊ី» ចាប់ពីពេលនេះ​ទៅ​
16, Dec 2015 , 3:44 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ បានចេញ​ផ្សាយ​សេចក្តីជូនដំណឹង​មួយ​នៅ​ព្រឹក​ថ្ងៃទី​១៦​ធ្នូ​នេះ រម្លឹក​អង្គភាព​សារព័ត៌មាន​ទាំងអស់​ឲ្យ​គោរព​គោរមងារ​«​សម្តេច​» ដែល​ត្រូវបាន​ព្រះរាជទាន​ដោយ​ព្រះមហាក្សត្រ ជូន​ឥស្សរជន​ជាន់ខ្ពស់​។ ឥស្សរជន​ដែល​ទទួលបាន​គោរមងារ​សម្តេច មានដូចជា សម្តេច ហេង សំរិន​, សម្តេច ហ៊ុន សែន​, សម្តេច ស ខេង​, សម្តេច សាយ ឈុំ​, សម្តេច ប៊ុន រ៉ានី​, សម្តេច គង់ សំអុល​, សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ជាដើម​។ សារព័ត៌មាន​ថ្មីៗ​ឯកភាព​នឹង​សេចក្តីជូនដំណឹង​នេះ​។ ប៉ុន្តែ ស្របពេល​ជាមួយគ្នា សារព័ត៌មាន​អន​ឡាញ​ថ្មីៗ នឹង​ប្រើពាក្យ​ឯកឧត្តម​ដើម្បី​ហៅ​ឯកឧត្តម សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា ជា​ផ្លូវការ​នៅក្នុង​អត្ថបទ​ព័ត៌មាន​របស់ខ្លួន​។



​ក្រោយពី​ទទួលបាន​សេចក្តីជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន​រួចមក សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​សូម​ជម្រាបជូន​អ្នកអាន អ្នក​ស្តាប់ អ្នកទស្សនា នៃ​សារព័ត៌មាន​អន​ឡាញ​ថ្មីៗ​ឲ្យ​ជ្រាបថា ក្រុមការងារ​សារព័ត៌មាន​ថ្មីៗ​សម្រេច​ឯកភាព​គោរព​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន​។​

​ប៉ុន្តែ ដើម្បី​កុំ​ឲ្យ​មានការ​ភ័ន្តច្រឡំ ឬ​មានការ​បកស្រាយ​ខុស​គោលដៅ សារព័ត៌មាន​ថ្មីៗ​សូមបញ្ជាក់ថា ចាប់ពីពេលនេះ​តទៅ សារព័ត៌មាន​អន​ឡាញ​ថ្មីៗ នឹង​ហៅ​លោក សម រង្ស៊ី និង​លោក កឹម សុខា ថា ឯកឧត្តម​ផងដែរ​។ ឯកឧត្តម សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា គឺជា​ប្រធាន និង​អនុប្រធាន​គណបក្សប្រឆាំង​ដែលមាន​អាសនៈ​នៅក្នុង​រដ្ឋសភា​។ ចំពោះ​តំណាងរាស្ត្រ​ផ្សេង និង​ប្រធាន​គណបក្ស​ផ្សេង​ដែល​មិនទាន់មាន​អាសនៈ​នៅក្នុង​រដ្ឋសភា សារព័ត៌មាន​អន​ឡាញ​ថ្មីៗ នឹង​បន្ត​ហៅ​ងារ​ជា​«​លោក​»​ដូច​សព្វដង​។

​សូមបញ្ជាក់ថា ការបង្កើត​បទបញ្ជាផ្ទៃក្នុង​សម្រាប់​សារព័ត៌មាន​ថ្មីៗ​នៅពេលនេះ បាន​កើតឡើង​ក្រោយ​ការចេញ​សេចក្តីជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន​។

​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១៦​ខែធ្នូ​នេះ ក្រសួង​ព័ត៌មាន​បាន​តម្រូវ​ឲ្យ​ម្ចាស់​អង្គភាព​សារព័ត៌មាន​ទាំងអស់​គោរព​លិខិត​ក្រើនរម្លឹក​ស្តីពី​ការគោរព​វិជ្ជាជីវៈ​សារព័ត៌មាន​រប​ស់​ក្រសួង​ចុះ​ថ្ងៃទី​៣១​កក្កដា​ឆ្នាំ​២០០០ និង​សេចក្តីណែនាំ​មួយចំនួនទៀត ដែល​សំដៅ​ដល់​ការអនុវត្ត​តាមច្បាប់រ​បស់​កម្ពុជា​។ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ត្រូវ​ចេញផ្សាយ​សេចក្តីណែនាំ​មួយ​ចុះ​ថ្ងៃទី​១៦​ខែធ្នូ​នេះ ដើម្បី​រម្លឹក​ឲ្យ​អង្គភាព​សារព័ត៌មាន​ទាំងអស់ គោរព​គោរមងារ​«​សម្តេច​»​។​

«​កន្លងមក ក្រសួង​សង្កេតឃើញថា មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​នៅមាន​ភាពខ្វះ​ចន្លោះ ឬ​បំភ្លេចចោល មិន​ប្រើ​គោរមងារ ដែល​ប្រោស​ព្រះរាជទាន​ដោយ​ព្រះមហាក្សត្រ ជា​ស្ថាប័ន​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​គោរព​ងារ​សម្តេច ដែល​បាន​ប្រគល់ជូន​ឥស្សរជន​ជា​ថ្នាក់ដឹកនាំ​ដ៏​ឆ្នើម តាមរយៈ​ព្រះរាជក្រឹត្យ មាន​លក្ខណៈ​ជា​លិខិតបទដ្ឋាន​គតិយុត្ត មានតម្លៃ​ក្នុង​ឋានានុក្រម​ច្បាប់​»​។ នេះ​ជា​ខ្លឹមសារ​នៃ​មូល​ហេតុដែល​ក្រសួង​ព័ត៌មាន​ត្រូវ​ចេញ​លិខិត​រម្លឹក​អ្នកសារព័ត៌មាន​ឲ្យ​គោរព​គោរមងារ​សម្តេច​។​

​សព្វថ្ងៃនេះ ឥស្សរជន​ដែល​ទទួលបាន​គោរព​ងារ​សម្តេច មានដូចជា សម្តេច ហេង សំរិន​, សម្តេច ហ៊ុន សែន​, សម្តេច ស ខេង​, សម្តេច សាយ ឈុំ​, សម្តេច ប៊ុន រ៉ានី​, សម្តេច គង់ សំអុល​, សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ជាដើម​៕


© រក្សាសិទ្ធិដោយ thmeythmey.com