ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ពេជ្រ ស្រស់៖​គណបក្ស​យុវជន​កម្ពុជា​បង្កើតឡើង ដើម្បី​ឲ្យ​យុវជន​ឈប់​ពឹង​លើ​អ្នកនយោបាយ​
23, Dec 2015 , 1:58 pm        
រូបភាព
​ក្រសួងមហាផ្ទៃ​បាន​ទទួលយក​សំណើសុំ​បង្កើត​គណបក្ស​យុវជន​កម្ពុជា របស់លោក ពេជ្រ ស្រស់ អតីត​ប្រធាន​អង្គការ​រួមគ្នា​ដើម្បី​រីកចំរើន​។​ស្ថាបនិក​គណបក្ស​យុវជន​កម្ពុជា​លោក ពេជ្រ ស្រស់ បាន​បញ្ជាក់ថា មូលហេតុ​ដែល​លោក​បង្កើត​គណបក្សនយោបាយ​ថ្មី​នេះ គឺ​ដើម្បី​លើកទឹកចិត្ត និង​ជំរុញ​យុវជន​ឲ្យ​មាន​សមត្ថ​ភាពរឹងមាំ ក្លាហាន​ហ៊ាន​ប្រឡូក​ចូល​ឆាកនយោបាយ និង​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង ដោយ​មិនចាំបាច់​ពឹង​លើ​អ្នកនយោបាយ​ដូច​មុន​ទៀត​។​



​លោក ពេជ្រ ស្រស់ បាន​បន្ថែមថា បើទោះជា​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ជាប់ឆ្នោត​ក្នុង​រដ្ឋសភា​ក៏ដោយ ក៏​គណបក្ស​ទាំងពីរ​មិនទាន់បាន​គិតគូរ​ពី​តម្រូវការ​និង​បញ្ហា​យុវជន​បាន​ច្រើន​នៅឡើយ​ទេ​។ លោក ពេ​ជ្រ​ ស្រស់ ដែល​បានធ្វើការ​ជាមួយ​យុវជន​ជាច្រើន​ឆ្នាំ​មកនេះ មើលឃើញថា យុវជន​មួយចំនួន​ដែល​គាំទ្រ​គណបក្ស​ទាំងពីរ​កន្លងមកនេះ មានការ​ខកចិត្ត​នឹង​អ្នកនយោបាយ​ទាំងនោះ ដូច្នេះ​ទើប​លោក​បង្កើត​«​គណបក្ស​យុវជន​កម្ពុជា​» នេះ​ឡើង ដើម្បី​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​យុវជន​ហ៊ាន​ធ្វើ​នយោបាយ​ដោយ​ខ្លួនឯង ដោយ​មិនចាំបាច់​ផ្ញើ​ក្ដីសង្ឃឹម និង​ការរំពឹង​លើ​អ្នកនយោបាយ​ទៀត​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ស្ថាបនិក​គណបក្ស​បក្ស​យុវជន​កម្ពុជា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖​ខ្ញុំ​ឃើញថា​គណបក្ស​មានតែ​២​ទេ ដែល​ជាប់ឆ្នោត ប៉ុន្ដែ​គណបក្ស​២​នេះ​មិនទាន់​ដោះស្រាយ​បញ្ហា​យុវជន​បាន​ច្រើន​នោះទេ ដែល​ធ្វើ​ឲ្យ​យុវជន​មានការ​ខកចិត្ត​និង​អ្នកនយោបាយ​។​ហើយ​ខ្ញុំ​បង្កើត​គណបក្ស​នេះ​ឡើងមក ដើម្បី​ចង់​ឲ្យ​យុវជន​ងាក​មក​ពង្រឹងសមត្ថភាព​ក្នុងការ​ហ៊ានធ្វើ​នយោបាយ​ដោយ​ខ្លួនឯង ពង្រឹងសមត្ថភាព​ប្រកួតប្រជែង​ការងារ​ជាមួយ​ប្រទេស​ដទៃទៀត ខណៈដែល​សមា​រណកម្ម​អាស៊ាន​មកដល់​ខាងមុខ ដោយ​មិនចាំបាច់​ពឹង​ផ្អែកលើ​អ្នកនយោបាយ​»​។

​លោក ពេជ្រ ស្រស់ បដិសេធថា គណបក្ស​លោក​បង្កើត​មក​មិនមាន​ការគាំទ្រ​ពី​អ្នកនយោបាយ ឬ​គណបក្សនយោបាយ​ណាមួយ​នៅ​ពីក្រោយ​នោះទេ ហើយ​បង្កើត​មក​ក៏​មិនមែន​ដើម្បី​ផលប្រយោជន៍​សម្រាប់​ខ្លួនឯង​នោះដែរ ពោលគឺ​ជំរុញ​ឲ្យ​យុវជន​ហ៊ាន​ធ្វើ​នយោបាយ​។​បើតាម​លោក ពេជ្រ ស្រស់ គណបក្ស​លោក​ក៏មាន​អ្នកនយោបាយ​មានបទពិសោធន៍​ច្រើន​ឆ្នាំ​ចូលរួម​ជាមួយ​ដែរ តែ​លោក​មិនអាច​ប្រាប់​ឈ្មោះ​បានឡើយ​។​

​ស្ថាបនិក​គណបក្ស​យុវជន​កម្ពុជា​រូបនេះ មាន​ក្ដី​រំពឹងថា គោលនយោបាយ​គណបក្ស​ខ្លួន​នឹង​អាចជួយ​ដោះស្រាយ​បញ្ហា​យុវជន​និង​ប្រជាពលរដ្ឋ​បាន​ច្រើនជាង​គណបក្ស​ដទៃ នឹង​អាចជួយ​ទ្រទ្រង់​សេដ្ឋកិច្ចសង្គម​ទៀតផង​។ គោលនយោបាយ​«​គណបក្ស​យុវជន​កម្ពុជា​» រួមមាន ការពង្រឹង​វិស័យ​អប់រំ និង​សុខាភិបាល​ឲ្យ​មាន​ប្រសើរ​។ លើកកម្ពស់​យុវជន​គ្រប់​កិច្ចការងារ​ក្នុង​សង្គមជាតិ​។ ស្វែងរក​ទីផ្សារ និង​កំណត់​តម្លៃ​ទីផ្សារ​លក់​ចេញ នៃ​ផលិតផល​កសិកម្ម​ជូន​កសិករ​តាម​តម្លៃ​ទីផ្សារ​ក្នុង​តំបន់ ជាដើម​។​

​គួរ​បញ្ជាក់ថា រយៈពេល​ជាង​មួយឆ្នាំ​នេះ​គណបក្សនយោបាយ​បាន​បង្កើត​ឡើងមក​ជាប​ន្ត​បន្ទាប់ ដោយមាន​ចំនួន​ប្រមាណ​ជា​៦​ហើយ​។​

​ជុំវិញ​ការបង្កើត​គណបក្ស​ថ្មីៗ​នេះ អ្នកវិភាគ​នយោបាយ​លោក អ៊ូ វីរៈ យល់ថា ជា​រឿង​ល្អ​ដែល​ប្រជាពលរដ្ឋ​ហ៊ាន​ចេញមក​ធ្វើ​នយោបាយ ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ​។​តែ​លោ​កថា អ្នកនយោបាយ​ត្រូវមាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ដោយ​ពិតប្រាកដ ដោយ​មិនមែន​បង្កើត​គណបក្សនយោបាយ​មក​បោកប្រាស់​ប្រជាពលរដ្ឋ ដើម្បី​ផលប្រយោជន៍​ខ្លួន​ឡើយ​។ តែ​យ៉ាងណា​អ្នកវិភាគ​រូបនេះ មើលឃើញថា គណបក្ស​តូចៗ​បង្កើត​មកនេះ គឺ​មិនទាន់​មានលទ្ធភាព​គ្រប់គ្រាន់​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ ហើយ​មានតែ​គណបក្ស​ធំ​ទាំងពីរ​នេះ​ទេ ដែល​អាច​ជាប់ឆ្នោត​បង្កើត​រដ្ឋាភិបាល​បាន​ដោយ​ខ្លួនឯង​នៅ​អាណត្តិ​ក្រោយនេះ​៕




© រក្សាសិទ្ធិដោយ thmeythmey.com