ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម សម រង្ស៊ី ទទួលគ្រឿងឥស្សរិយយស ជាតូបការ ពីសភា
24, Dec 2015 , 1:10 pm        
រូបភាព
ដោយ:
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៣០រូប ក្នុងចំណោម​តំណាងរាស្ត្រ​ទាំង ៥៥រូប នឹង​ចូល​រូ​ម​ក្នុង​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​លើក​ទី ១ ជូន​សមាជិក សមាជិកា​រដ្ឋសភា​នីតិកាល​ទី ៥ ក្រោម​វត្តមាន​សម្តេច ហេង សំរិន នៅ​ម៉ោង ២ រសៀល​ថ្ងៃទី ២៤ ធ្នូ​នេះ។



បើទោះជា​គ្មាន​វត្តមាន​ប្រធាន​គណបក្ស​ចូលរួម ទទួល​គ្រឿង​ឥស្សរិយយស​នេះ​ក៏ដោយ តែ​តំណាងរាស្ត្រ​គណបក្ស៣០រូប​ទៀត នឹង​ទៅ​ទទួល​គ្រឿង​ឥស្សរិយយស​នេះ។ នេះ​ជាការ​បញ្ជាក់​របស់លោក យឹម សុវណ្ណ ។ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​បញ្ជាក់ថា មូលហេតុ​ដែលមាន​តែ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៣០រូប នឹងចូលរួម​ក្នុង​ពិធី​ទទួលយក​គ្រឿង​ឥស្សរិយយស​នេះ ដោយសារតែ​តំណាងរាស្ត្រ​ជាង២០រូប​ទៀត រវល់​បំពេញភារកិច្ច​នៅក្រៅ​ប្រទេស និង​ខ្លះទៀត​មាន​ជំងឺ។

ថ្លែងប្រាប់​ព័ត៌មានថ្មីៗ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«តាម​របាយការណ៍​ដែល​ខ្ញុំ​ទទួលបាន គឺ​តំណាងរាស្ត្រ ៣០រូប អាច​ចូលរួម ក្នុង​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស នៅ​រសៀល​នេះ។ រីឯ តំណាងរាស្ត្រ ផ្សេង មាន​រវល់​ភារកិច្ច បេសកកម្ម​ការងារ ដូច្នេះ​ពួកគាត់​ពុំ​អាច​ចូលរួម​ទេ»។

ទោះជា​ឯកឧត្តម សម រង្ស៊ី កំពុង​ជាប់​ឈ្មោះ​ជា ទណ្ឌិត ក៏ដោយ តែឯក​ឧ​ត្ត​ម សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា ទទួលបាន​គ្រឿង​ឥស្សរិយយស ជា​តូប​ការ ដូចជា​សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និង​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែរ។នេះ​បើតាម​លិខិត​ត្រាស់បង្គាប់​បំពាក់​គ្រឿង​ឥស្សរិយយស របស់ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​ឋានានុក្រម​ដល់ សមាជិក សមាជិកា រដ្ឋសភា នីតិកាល​ទី៥ លើក​ទី១ ចំនួន ១២៣រូប  ។

តែ​យ៉ាងណា​គ្រឿង​ឥស្សរិយយស ជា​តូប​ការ របស់​ឯកឧត្តម សម រង្ស៊ី  នឹង​ពុំមាន​តំណាងរាស្ត្រ​ណា​ហ៊ាន​ទទួល​គ្រឿង​ឥស្សរិយយស​នេះ ជំនួស​ប្រធាន​គណបក្ស​ទេ ព្រោះនេះ​ជាគោលការណ៍​បក្ស។នេះ​ជាការ​បញ្ជាក់​របស់លោក យឹម សុវណ្ណ ។

ត្រង់ចំណុច​នេះ​លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា បាន​ប្រាប់​សារព័ត៌មានថ្មីៗថា រដ្ឋសភា​នឹង​រក្សាទុក​គ្រឿង​ឥស្សរិយយស​ជូន​ដល់​សមាជិកសភា​ទាំងអស់​រួមទាំង ឯកឧត្តម សម រង្ស៊ី បើទោះជា​មិនមាន​អ្នកទទួលយក​ជំនួស​ក៏ដោយ«រដ្ឋសភា​នឹង​រក្សាទុក​គ្រឿង​ឥស្សរិយយស ជូន ឯកឧត្តម សម រង្ស៊ី ឬក៏​ប្រគល់ជូន​លោកជំទាវ ជូ​ឡុង សូ​មូរ៉ា»។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​សភា។
 
គួរ​បញ្ជាក់ថា ការផ្តល់​គ្រឿង​ឥស្សរិយយស​ដល់​សមាជិក សមាជិកា​រដ្ឋសភា​នេះ គឺ​អនុវត្ត​តាមច្បាប់​ស្តីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ ដែលជា​ការឆ្លើយតប​ទៅនឹង​គុណបំណាច់​របស់​សមាជិក​រដ្ឋសភា ដែល​ខំ​បំពេញ​តួនាទី​ជូន​ជាតិ និង​ប្រជាពលរដ្ឋ៕




© រក្សាសិទ្ធិដោយ thmeythmey.com