ពីនេះ ពីនោះ
២៥០០០ ព្រឹក ដែល​អ្នក​អាច​នឹងមាន សូមកុំ​ឲ្យ​វា​កន្លង​ហួស ដោយ​ឥតប្រយោជន៍​
12, Jan 2016 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​ឆាកជីវិត​របស់​អ្នក អ្នក​ប្រហែលជា​អាច​ងើប​ភ្ញាក់​ពេលព្រឹក បាន​ប្រហែលជា ២៥,០០០ដង (​អាច​តិច ឬ​ច្រើនជាង​នេះ​) ប៉ុណ្ណោះ​។ យោងតាម​ការស្រាវជ្រាវ មកពី​អង្គការ​សុខភាព​ពិភពលោក (World Health Organization) អត្រា​សង្ឃឹម​រស់រានមានជីវិត គឺ៧៩ឆ្នាំ​ប៉ុណ្ណោះ សម្រាប់​សហរដ្ឋ​អា​មេ​រិក​។​


 
២៥,០០០ ព្រឹក​
​យើង​មាន​ពេលព្រឹក ២៥,០០០ដង ដើម្បី​បើកភ្នែកប្រឈមមុខ​នឹង​បញ្ហា ហើយ​គិត​អំពី​អ្វីដែល​យើង​ត្រូវធ្វើ​បន្ទាប់​ទៀត​។ ខ្ញុំ​មិនដឹងថា អ្នក​គិត​យ៉ាងណា​នោះទេ ប៉ុន្តែខ្ញុំ​តែងតែមាន​ទម្លាប់​បែបនេះ​ជាប្រចាំ​ថ្ងៃ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ធុញទ្រាន់​នឹង​ជីវិត ពីព្រោះគ្រប់​ពេលដែល​បើកភ្នែក គឺ​ខ្ញុំ​ត្រូវ​គិត​នូវ​បញ្ហា​ជាច្រើនដូចជា ការងារ ប្រពន្ធ កូន និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​ទៅ​ថ្ងៃមុខ​ទៀត​។ ខ្ញុំ​គិតថាបើ​អីចឹងរាល់ថ្ងៃ ខ្ញុំ​ប្រហែលជា​មិនអាច​មើលឃើញ​ព្រះអាទិត្យ​នៅពេល​ព្រឹក​បាន ២៥,០០០ដងនោះ​ទេ​។ នៅពេលនោះ​ទើប​ខ្ញុំ​យល់ថា ខ្ញុំ​គួរតែ​កែប្រែ​ទម្លាប់ និង​របៀប​គិត​របស់ខ្ញុំ​ហើយ ដើម្បី​មាន​ផាសុកភាព​រាងកាយ និង​ផ្លូវចិត្ត​។​
 
​ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​មួយចំនួន ដែល​ធ្វើ​ឲ្យ​ខ្ញុំ​លែង​គិត​ច្រើន ហើយ​មាន​សុខ​ភាពល្អ​ទៀតផង ៖
 
១. ថាមពល មិនមែន​ពេលវេលា​នោះទេ​
​ប្រសិនបើ​អ្នក​គិត​បន្តិច អ្នក​ប្រហែលជា​ត្រូវធ្វើ​ការងារ ទៅតាម​ពេលវេលា​ជាក់ស្តែង ឬ​តាម​កាលវិភាគ​ដែល​អ្នក​បានដាក់​ហើយ​។ ប៉ុន្តែ អ្នក​អាច​គិត​ម្តង​ទៀតថា ពេលព្រឹក បើ​អ្នកមាន​កម្លាំង និង​អារម្មណ៍ល្អ ដូច្នេះការសរសេរ ឬ​ការបង្កើត​ថ្មី ប្រហែលជា​ល្អ​ជាង​ការធ្វើ​វា នៅពេល​ថ្ងៃត្រង់ ឬ​ល្ងាច​។​
 
២. ត្រៀមខ្លួន ពី​យប់​ហើយ​
​ការត្រៀមខ្លួន​ទុកជាមុន នឹងធ្វើ​ឲ្យ​គេង​លក់​ស្រួល គ្មាន​កង្វល់ និង​គ្មាន​បញ្ហា​ដែល​ត្រូវ​ប្រឈមមុខ​ឡើយ​។ ឧទាហរណ៍ បើ​អ្នកមាន​គម្រោង ដើរលេង​នៅ​ថ្ងៃស្អែក ដូច្នេះ ពេលយប់​អ្នក​គួរតែរៀបចំ​ខោអាវ សាក​ថ្ម​ទូរស័ព្ទ ឬ​ម៉ាស៊ីន​ថត ចម្អិនម្ហូប ឬ​ពិនិត្យ​យានជំនិះ​ឲ្យ​ហើយ​។​
 
៣. កុំ​បើក​មើល email រហូតដល់​ម៉ោង​ធ្វើការ​
​បើ​មិនទាន់​ដល់​ម៉ោង​ធ្វើការ កុំ​បើក​មើល​សារ​ឲ្យ​សោះ ដើម្បី​ឲ្យ​អារម្មណ៍​អ្នក​មូល សម្រាប់ធ្វើ​រឿង​ផ្សេងទៀត​។ គ្មាន​ការងារ​ណា​បន្ទាន់ ដែល​ត្រូវ​ឲ្យ​អ្នកធ្វើ​ភ្លាមៗ ឬ​ទាន់ហន់​នោះទេ ពីព្រោះ បើ​វា​ពិតជា​សំខាន់​មែន​នោះ គេ​នឹង​ទូរស័ព្ទ​មក​ប្រាប់​អ្នក​ហើយ​។ ប្រើប្រាស់​ពេលព្រឹក​របស់​អ្នក ដើម្បី​ធ្វើ​ឲ្យ​ជីវិត​អ្នក​ស្រស់ថ្លា​បន្តិច​ទៅ​។​
 
៤. ពេល​សម្រាកគួរតែ​ទុក​ទូរស័ព្ទ នៅ​បន្ទប់​ផ្សេង​មួយស្របក់​ទៅ​
​ចូរ​ផ្តល់​ពេលវេលា​ផ្ទាល់ខ្លួន សម្រាប់​គ្រួសារ និង​ខ្លួន​អ្នក​ផ្ទាល់ ដោយ​ត្រូវ​ចាក​ចេញពី​ការ​ទូរស័ព្ទ ឬ Facebook ជាដើម​។​
 
៥. ធ្វើការ​នៅ​កន្លែង​មាន​ផាសុកភាព និង​ត្រជាក់​ស្រួល​
​ប្រសិទ្ធភាព​ការងារ​នឹង​កើនឡើង នៅពេលដែល​អ្នកធ្វើការ​បាន​ស្រួល មាន​ផាសុកភាព ត្រជាក់ និង​មាន​ក្លិន​ដែល​អ្នក​ចូលចិត្ត​។​
 
៦. អង្គុយ ឈរ ... ឈរ អង្គុយ​
​អារម្មណ៍ ក៏​ត្រូវការ​អុកស៊ីសែន ដើម្បី​ដំណើរការ​បានល្អ​ផងដែរ​។ ស្តាប់ទៅ​ដូចជា​ចម្លែក ប៉ុន្តែតើ​អ្នកដឹង​ទេ មាន​មនុស្ស​មួយចំនួន សម្ងំ​ធ្វើ​ការងារ​បី​បួន​ម៉ោង ដោយ​មិន​ក្រោក​ដើរ និយាយ​លេង ឬ​ងើបឈរ​ឡើយ នោះ​ហើយ​ជា​មូលហេតុ ដែល​ងាយ​ធ្វើ​ឲ្យ​គេ​ឈឺ ស្ត្រេ​ស ហើយ​ប្រសិទ្ធភាព​ការងារ ក៏​ចុះថយ​ទៅតាម​នោះដែរ​។​
 
៧. សុខភាព ជា​ចម្បង​
​គ្មាន​អ្វីដែល​អ្នក​ត្រូវ​គិត លើ​ពី​សុខភាព​ឡើយ​។ បើ​ឈឺ ត្រូវ​ឈប់សម្រាក​។ ត្រូវ​ញ៉ាំ​ឲ្យ​បាន​ដិតដល់ និង​ញ៉ាំ​អាហារ ដែល​ផ្តល់នូវ​សុខភាព​ល្អ​។ ការហាត់​ប្រាណ ក៏​ជា​ការងារ​សំខាន់​មួយ​ផងដែរ​៕
 
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com